Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
31-10-2026 16:09
(បរទេស)៖ ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតាមកិច្ចសន្យាធំបំផុតលើពិភពលោក កំពុងរៀបចំកិច្ចសហការថ្មីជាមួយក្រុមហ៊ុន OpenAI ដោយគ្រោងប្រកាសព័ត៌មានលម្អិតនៅពេលការពិភាក្សាត្រូវបានបញ្ជាក់ច្បាស់លាស់។ ប្រធានក្រុមហ៊ុន Foxconn លោក Young Liu បានឱ្យដឹងថា លោកបានជួបនាយកប្រតិបត្តិ OpenAI លោក Sam Altman នៅថ្ងៃទី៣០ ខែតុលា។ កិច្ចសហការថ្មីនេះអាចបន្តពីកិច្ចព្រមព្រៀងកាលពីឆ្នាំ២០២៥ ដែលផ្តោតលើការរចនា និងផលិតឧបករណ៍សម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ AI។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។
លោក Liu បានអះអាងថា វិស័យ AI មិនមែនកំពុងស្ថិតក្នុងស្ថានភាព «ពពុះសេដ្ឋកិច្ច» ឬ (AI Bubble ដែលសំដៅលើការព្រួយបារម្ភថា តម្លៃភាគហ៊ុន ឬការវិនិយោគលើ AI អាចកើនឡើងខ្ពស់ហួសពីតម្លៃជាក់ស្តែង) នោះទេ ហើយលោករំពឹងថា Foxconn នឹងរក្សាកំណើនអាជីវកម្មក្នុងអត្រាពីរខ្ទង់នៅឆ្នាំ២០២៧។ ការលើកឡើងនេះធ្វើឡើង ខណៈវិនិយោគិនកំពុងព្រួយបារម្ភថា ការចំណាយដ៏ច្រើនលើ AI អាចមិនផ្តល់ផលចំណេញសមស្រប ជាពិសេសនៅពេលថ្លៃដើមខ្ចីប្រាក់កើនឡើង។ Foxconn ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនមេ AI ធំបំផុតរបស់ Nvidia បានឱ្យដឹងថា ផលិតផល Cloud និងបណ្តាញទំនាក់ទំនង ដែលរួមមានម៉ាស៊ីនមេ AI បានរួមចំណែក ៥១% នៃប្រាក់ចំណូលក្នុងត្រីមាសទី២។ ក្រុមហ៊ុនក៏មើលឃើញតម្រូវការពង្រីករោងចក្រផលិតម៉ាស៊ីនមេ AI នៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ផងដែរ។
ជាមួយគ្នានេះ Foxconn កំពុងពង្រីកការប្រើប្រាស់មនុស្សយន្តដែលមានរូបរាងដូចមនុស្ស ដោយមនុស្សយន្តជាង ១០គ្រឿងត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ការងារផ្ទៃក្នុងនៅរោងចក្រក្នុងរដ្ឋតិចសាស់។ ប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធ Foxconn Industrial Internet លោក Brand Cheng បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងពង្រីកការប្រើប្រាស់មនុស្សយន្តទាំងនេះទៅតំបន់ផ្សេងទៀត។ មនុស្សយន្តទាំងនោះអាចជួយលើកវត្ថុ បំពេញការងារដំឡើង និងការងារផ្ទុកឬដាក់ចេញទំនិញ ខណៈក្រុមហ៊ុនកំពុងអភិវឌ្ឍប្រព័ន្ធ AI សម្រាប់មនុស្សយន្ត ដោយផ្អែកលើម៉ូដែល GR00T របស់ Nvidia៕













