* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់
* ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត

កីឡាហាប់គីដូ ពង្រីកការផ្សព្វផ្សាយ ដើម្បីទាក់ទាញការគាំទ្រពីសាធារណជន

01-11-2026 08:28

(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានបន្ដពង្រីការផ្សព្វផ្សាយគ្រប់រូបភាព ដើម្បីទាក់ទាញការគាំទ្រពីសាធារណជន ក៏ដូចជាជំរុញឲ្យប្រជាពលរដ្ឋ មានការយល់ដឹង និងចូលរួមលេងកីឡា ដើម្បីសុខភាពកាន់តែច្រើនថែមទៀត។

នេះបើតាមការលើកឡើងរបស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ ក្រោយដឹកនាំគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៩រូប ចូលរួមសម្ដែងអបអរពិធីបើកបវេសនកាលថ្មីរបស់សាលា និងក្លិបកីឡាហាប់គីសាលឯកជនមួយ នៅក្រុងអរិយក្សត្រនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

ក្រុមកីឡាហាប់គីដូខាងលើ បានចូលរួមសម្ដែងនៅស្នៀតគុនពិសេសៗជូនអាណាព្យាបាល និងសិស្សានុសិស្សបានទស្សនាកម្សាន្ត ហើយក៏ជាការបង្ហាញមួយដល់អ្នកចូលរួមទាំងអស់បានយកចិត្តទុកដាក់លើការថែរក្សាសុខភាព តាមរយៈសកម្មភាពកីឡា ជាពិសេសគឺជាផ្នែកមួយ ស្របតាមផែនការរបស់សហព័ន្ធក្នុងការពង្រីកផ្សព្វផ្សាយកីឡាមួយឲ្យកាន់តែទូលំទូលាយ និងមានការគាំទ្រកាន់តែច្រើនពីសាធារណជន។

ដូច្នេះតាមរយៈសកម្មភាពខាងលើ លោករំពឹងថា នឹងក្លាយជាការរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា ពិសេសកីឡាហាប់គីដូ ហើយក៏ជាការរួមចំណែកជាមួយសង្គមជាតិ ក្នុងការអប់រំយុវជនឲ្យចេះប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវក្រោយទំនេរពីការសិក្សា ឬបំពេញការងារ ត្រូវឆ្លៀតពេលលេងកីឡា ចៀងវាងការយកពេលទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ៕