* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់
* ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត

កីឡារាំ បើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស ឆ្លើយតបបម្រែបម្រួលថ្មីៗ ត្រៀមការប្រកួតនានា

01-11-2026 17:45

(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីពង្រឹង និងជំរុញការអភិវឌ្ឍសមត្ថភាព ក៏ដូចជាចំណេះដឹង ឆ្លើយតបម្រែបម្រួលថ្មីៗ សម្រាប់ការត្រៀមលក្ខណៈរៀបចំការប្រកួតថ្នាក់ជាតិនានានៅពេលខាងមុខ។

លោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធ បានថ្លែងក្នុងពិធីបើកវគ្គថា វគ្គនេះ មានសិក្ខាកាមចំនួន ៣០រូបចូលរួម ដែលធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយមានគ្រូឧទ្ទេស ៤រូប ដើម្បីបង្ហាញ និងចែករំលែកពីចំណេះដឹងថ្មីៗដល់សិក្ខាកាម គឺមានលោកស្រីផ្ទាល់ រួមជាមួយលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ, លោក ស៊ូវ តុង អគ្គលេខាធិការរង និងកញ្ញា You Shu Jie គ្រូបង្វឹកជម្រើសជាតិកម្ពុជា។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបន្ដថា គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡានេះ គឺដើម្បីអភិវឌ្ឍន៍ធនធានមន្ដ្រីបច្ចេកទេស ឲ្យទទួលបាននូវពុទ្ធិចំណេះដឹង ជំនាញ ជាច្រើនមន្ដ្រីបច្ចេកទេស ក្នុងការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិ និងការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ នាពេលខាងមុខ។ ដូច្នេះលោកស្រីសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងខិតខំក្រេបជញ្ជក់ចំណេះដឹង ទោះបីការសិក្សាមានរយៈពេលខ្លីក៏ដោយ។

លោកស្រី ម៉ក់ វណ្ណស៊ីថា បានសង្កត់ធ្ងន់ទៀតថា កាលដែលក្រសួងអប់រំ បានផ្ដល់កញ្ចប់ថវិកាគាំទ្រឲ្យមានការបណ្ដុះបណ្ដាលជារៀងរាល់ឆ្នាំនេះដែរ បានឆ្លុះបញ្ចាំងឲ្យឃើញពីការគិតគូ និងយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសមន្ដ្រីបច្ចេកទេស ដែលចាំបាច់ត្រូវការរៀនសូត្រជាប្រចាំ ដើម្បីឆ្លើយតបការផ្លាស់ប្ដូរ ក៏ដូចជាបម្រែបម្រួលលើលក្ខន្ដិកៈ និងបទបញ្ញាត្ដិបច្ចេកទេសផ្សេងៗ ដែលសិក្ខាកាមទាំងអស់ត្រូវដឹង និងអនុវត្តឲ្យមានប្រសិទ្ធខ្ពស់បំផុត៕