ក្រុមហ៊ុន Tesla និង Samsung ប្រឆាំងនឹងការដាក់ពន្ធគយថ្មីរបស់អាមេរិកលើវៀតណាម
02-11-2026 09:41
(បរទេស)៖ ផ្អែកតាមឯកសារដាក់ជូនរដ្ឋាភិបាលអាមេរិកបានបង្ហាញថា ផ្នែកអាជីវកម្មកំពុងមានមតិផ្ទុយគ្នាយ៉ាងខ្លាំង ជុំវិញរឿងថា តើទីក្រុងវ៉ាស៊ីនតោន គួរតែស្នើពន្ធគយថ្មីលើទំនិញនាំចូលពីប្រទេសវៀតណាម នៅក្នុងខែនេះឬយ៉ាងណា? ក្នុងនោះ ក្រុមហ៊ុនធំៗដូចជា Tesla និង Samsung មិនគាំទ្រឱ្យមានការដាក់ពន្ធនោះទេ ខណៈដែលក្រុមឧស្សាហកម្មមួយចំនួនទៀត បានទាមទារឱ្យមានវិធានការដាក់ទោសទណ្ឌ។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានកំណត់យកថ្ងៃទី២៩ ខែវិច្ឆិកា ជាឱសានវាទ ដើម្បីបញ្ចប់ការស៊ើបអង្កេតពាណិជ្ជកម្ម ដែលបានចាប់ផ្តើមតាំងពីខែឧសភា ជុំវិញការចោទប្រកាន់ថា ប្រទេសដែនកោះអាស៊ីអាគ្នេយ៍មួយនេះបានរំលោភបំពានលើកម្មសិទ្ធិបញ្ញា ឬ (Intellectual Property - IP)។ សហរដ្ឋអាមេរិកបានចាត់ថ្នាក់វៀតណាមជា «ប្រទេសបរទេសអាទិភាព» ឬ (Priority Foreign Country) ដែលជាប្រភេទបញ្ជីតាមដានធ្ងន់ធ្ងរបំផុតរបស់អាមេរិកជាលើកដំបូងក្នុងរយៈពេល ១៣ឆ្នាំមកនេះ។
សហរដ្ឋអាមេរិកបានចោទប្រកាន់វៀតណាមថា «បរាជ័យជាបន្តបន្ទាប់ក្នុងការដោះស្រាយក្តីកង្វល់រ៉ាំរ៉ៃ ពាក់ព័ន្ធនឹងការការពារ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា»។ បន្ថែមពីនេះ ការស៊ើបអង្កេតដោយឡែកមួយទៀត អំពីការផលិតលើសកម្រិត (Excessive Capacity) ក៏កំពុងដំណើរការផងដែរ។ ដោយឡែក ភាគីវៀតណាមបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើការស៊ើបអង្កេតទាំងនេះដោយផ្អែកលើភាពទោលនិងតម្លាភាព។ បច្ចុប្បន្ន គេមិនទាន់ច្បាស់នៅឡើយទេថា ពន្ធគយដែលពាក់ព័ន្ធនឹងការរំលោភច្បាប់កម្មសិទ្ធិបញ្ហានឹងត្រូវអនុវត្តជាទូទៅ ឬសម្រាប់តែវិស័យជាក់លាក់ណាមួយ។ ជាក់ស្តែង សហរដ្ឋអាមេរិកកំពុងប្រមូលពន្ធទូទៅចំនួន ១២,៥% លើទំនិញវៀតណាម ដែលបានដាក់ចេញកាលពីខែកក្កដា បន្ទាប់ពីមានការស៊ើបអង្កេតលើការចោទប្រកាន់ពីការបរាជ័យក្នុងការទប់ស្កាត់ការនាំចូលទំនិញ ដែលផលិតដោយកម្លាំងពលកម្មបង្ខំ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានតវ៉ា និងជម្រុញឱ្យតំណាងពាណិជ្ជកម្មអាមេរិក (USTR) «គិតគូរពីតម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិតកម្មអាមេរិក»។ ងាកមកសាខាក្រុមហ៊ុន Samsung ប្រចាំសហរដ្ឋអាមេរិក ក៏បានលើកឡើងនូវកង្វល់ស្រដៀងគ្នានេះដែរ ដោយកត់សម្គាល់ថា វៀតណាមជាប្រភពផលិតផ្នែកដ៏ធំនៃទូរស័ព្ទឆ្លាតវៃ និងបរិក្ខារបណ្តាញទំនាក់ទំនងរបស់ Samsung សម្រាប់ទីផ្សារអាមេរិក។ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ គឺជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម ដោយបានដាក់ទុនវិនិយោគប្រមាណ ២៥ ពាន់លានដុល្លារអាមេរិក។
បន្ថែមពីនេះ ក្រុមហ៊ុនលក់រាយ និងសមាគមពាណិជ្ជកម្មដែលតំណាងឱ្យឧស្សាហកម្មដែលមានប្រតិបត្តិការផលិតកម្មធំទូលាយនៅវៀតណាម រួមមានស្បែកជើង សម្លៀកបំពាក់ និងក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ដូចជា កង់ ឬម៉ាស៊ីនហ្គេមវីដេអូ ក៏បានសម្តែងការប្រឆាំងនឹងពន្ធបន្ថែមនេះផងដែរ៕









