AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
02-11-2026 16:44
(បរទេស)៖ ក្រុមហ៊ុន Exin Therapeutics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្រ្តអះអាងថា ខ្លួនបានប្រើប្រាស់ភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI agent) ដើម្បីជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលសត្វកណ្តុរដែលមានជំងឺឆ្កួតជ្រូក។ AI ម៉ូដែល Sonnet របស់ក្រុមហ៊ុន Anthropic បានជ្រើសរើសការព្យាបាលដោយហ្សែន កំណត់កម្រិតថ្នាំ និងទីតាំងចាក់ថ្នាំ ព្រមទាំងបញ្ជាឧបករណ៍ឱ្យចាក់ថ្នាំចូលខួរក្បាល។ ក្រុមហ៊ុនរាយការណ៍ថា កណ្តុរបានជាសះស្បើយក្រោយការវះកាត់ និងអាចធ្វើចលនាបាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Tom’s Hardware នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក Gabriel Ocana-Santero សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Exin Therapeutics បាននិយាយថា «គ្មាននរណាប្រាប់ AI agent នេះថាត្រូវប្រើថ្នាំអ្វី ឬចាក់នៅកន្លែងណាទេ។ វាត្រូវបានផ្តល់ព័ត៌មានអំពីលក្ខណៈជំងឺ និងបញ្ជីជម្រើសនៃការព្យាបាល ហើយត្រូវសម្រេចដោយខ្លួនឯងថាត្រូវប្រើវិធីព្យាបាលណា និងកំណត់ទីតាំងចាក់ថ្នាំយ៉ាងដូចម្តេច»។ ទោះជាយ៉ាងណា ពេទ្យសត្វដែលមានអាជ្ញាបណ្ណនៅតែជាអ្នកវះកាត់បើកលលាដ៍ក្បាលកណ្តុរ និងត្រួតពិនិត្យដំណើរការទាំងមូល ដោយជំហានដែលមិនអាចត្រឡប់ក្រោយបានត្រូវការការអនុម័តពីមនុស្សជាមុន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺម៉ូដែល AI Opus 5.5 របស់ Anthropic បានបដិសេធមិនអនុវត្តការងារនេះ បន្ទាប់ពីរកឃើញថាវាពាក់ព័ន្ធនឹងការពិសោធន៍ជីវសាស្ត្រ។ តាមសម្តីដែលសារព័ត៌មានរាយការណ៍ថាជារបស់ម៉ូដែលនេះ វាបាននិយាយថា «ការចាប់ផ្តើមធ្វើអ្វីមួយដែលខ្ញុំមិនអាចបញ្ចប់បាន លើសត្វដែលកំពុងស្ថិតក្រោមការប្រើថ្នាំសន្លប់ គឺអាក្រក់ជាងការមិនចាប់ផ្តើមទៅទៀត»។
ទោះបីជាការពិសោធន៍នេះត្រូវបានក្រុមហ៊ុនចាត់ទុកថាទទួលបានជោគជ័យក៏ដោយ ក៏វាបានបង្កក្តីបារម្ភអំពីសុវត្ថិភាព និងក្រមសីលធម៌ ជាពិសេសបញ្ហាអ្នកទទួលខុសត្រូវ ប្រសិនបើ AI ធ្វើការសម្រេចចិត្តខុសក្នុងនីតិវិធីវេជ្ជសាស្ត្រដែលមានហានិភ័យខ្ពស់។ ការប្រើប្រាស់សត្វក្នុងការពិសោធន៍វេជ្ជសាស្ត្រក៏ជាបញ្ហាដែលកំពុងមានការជជែកវែកញែកផងដែរ៕












