ធនាគារ «វីង» និង «អ៊ីស្ត គ្រុប» ចុះ «MOU» ពង្រីកឱកាសលើសេវាធនាគារ, ការទូទាត់ និងហិរញ្ញប្បទាន
02-11-2026 16:57
(ភ្នំពេញ)៖ ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាស ក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុន អ៊ីស្ត គ្រុប បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីស្វែងរកឱកាសសហការលើសេវាធនាគារ ការទូទាត់ ហិរញ្ញប្បទាន និងការវិនិយោគ ក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម និងផ្តល់ភាពងាយស្រួលកាន់តែប្រសើរជូនអតិថិជន។ កិច្ចព្រមព្រៀងនេះបង្កើតជាក្របខណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមានការប្រមូលការទូទាត់ពាក់ព័ន្ធនឹងអចលនទ្រព្យ សេវាធនាគារសម្រាប់បុគ្គលិក ការទទួលការទូទាត់ពីអាជីវករ ហិរញ្ញប្បទានសម្រាប់អ្នកទិញអចលនទ្រព្យ សញ្ញាបណ្ណសាជីវកម្ម ព្រមទាំងការពិនិត្យលើលទ្ធភាព ក្នុងការវិនិយោគគម្រោងអាជីវកម្មរួមគ្នា។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា «អាជីវកម្មអចលនទ្រព្យត្រូវគ្រប់គ្រងប្រតិបត្តិការជាច្រើនប្រភេទ ចាប់ពីប្រាក់កក់ និងការបង់រំលស់របស់អតិថិជន រហូតដល់ការប្រមូលថ្លៃជួល និងការបើកប្រាក់បៀវត្ស។ ភាពជាដៃគូនេះ ផ្តល់ឱកាសឱ្យយើងខ្ញុំអាចធ្វើឱ្យដំណើរការទាំងអស់នោះ កាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ អាទិភាពចម្បងរបស់យើង គឺប្រែក្លាយកិច្ចសហការនេះ ទៅជាសេវាកម្មជាក់ស្តែងដែលអាចគាំទ្រ ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន អ៊ីស្ត គ្រុប និងបង្កើតតម្លៃ ក៏ដូចជាអត្ថប្រយោជន៍កាន់តែច្រើនជូនអតិថិជន»។
ចំណុចសំខាន់ៗនៃកិច្ចសហការនេះ គឺការផ្តល់ដំណោះស្រាយលើការទូទាត់ និងការប្រមូលប្រាក់សម្រាប់ការលក់អចលនទ្រព្យ ប្រាក់កក់ ការបង់រំលស់ ថ្លៃជួល និងថ្លៃថែទាំផ្សេងៗ។ ទាំងនេះ សុទ្ធសឹងតែជាការបង់ប្រាក់ដែលអតិថិជន និងអ្នកជួលតែងតែធ្វើជាប្រចាំ។ ស្ថាប័នទាំងពីរ នឹងស្វែងរកលទ្ធភាពក្នុងការប្រមូលប្រាក់ទាំងនេះតាមរយៈគណនីធនាគារ វីង ការស្កេន KHQR និងបណ្តាញឌីជីថលផ្សេងៗទៀត ដោយមានការគាំទ្រពីប្រព័ន្ធទូទាត់ស្វ័យប្រវត្តិ និងរបាយការណ៍ច្បាស់លាស់។ ភាពជាដៃគូនេះក៏នឹងស្វែងរកឱកាសពង្រីកការទទួលការទូទាត់តាមឌីជីថលសម្រាប់អ្នកជួល និងអាជីវករដែលប្រតិបត្តិការ នៅក្នុងវិស័យអចលនទ្រព្យពាណិជ្ជកម្មរបស់ អ៊ីស្ត គ្រុប ផងដែរ។ កិច្ចសហការនេះអាចរួមមានសេវាប្រមូល ការទូទាត់សម្រាប់អាជីវករ និងការតភ្ជាប់ប្រព័ន្ធទូទាត់ដែលសមស្រប។
ដើម្បីគាំទ្រអតិថិជនដែលមានបំណងទិញអចលនទ្រព្យ ធនាគារ វីង និង អ៊ីស្ត គ្រុប ក៏នឹងសិក្សារៀបចំកញ្ចប់កម្ចីគេហដ្ឋាន និងហិរញ្ញប្បទានអចលនទ្រព្យ ដែលមានអត្រាការប្រាក់ពិសេស សម្រាប់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ភាគីទាំងពីរ មានបំណងសម្របសម្រួលក្នុងការណែនាំអតិថិជន និងអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានដែលស័ក្តិសមបំផុត សម្រាប់អ្នកទិញអចលនទ្រព្យ ដោយរាល់ការផ្តល់ឥណទាន គឺត្រូវឆ្លងកាត់ការវាយតម្លៃ និងការយល់ព្រមពីធនាគារ វីង ជាមុន។ តាមរយៈភាពជាដៃគូនេះ ភាគីទាំងពីរក៏នឹងស្វែងរកលទ្ធភាពក្នុងការកំណត់យកធនាគារ វីង ជាដៃគូធនាគារអាទិភាពសម្រាប់សេវាបើកប្រាក់បៀវត្ស ដោយគាំទ្រដល់ការផ្ទេរប្រាក់បៀវត្ស ការបើកគណនីជូនបុគ្គលិក និងការទទួលបានសេវាធនាគារដែលសមស្របនឹងតម្រូវការ។
លោកស្រី ចាន់ ដានី អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអនុប្រធានប្រតិបត្តិសម្ព័ន្ធ អ៊ីស្ត គ្រុប បានមានប្រសាសន៍ថា «ការចុះហត្ថលេខានៅថ្ងៃនេះ មិនមែនគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចសហការប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីមួយ ដែលឈរលើទំនុកចិត្តរវាងគ្នា ដោយយើងនឹងរួមបញ្ចូលភាពខ្លាំងរបស់ស្ថាប័នទាំងពីរ ដើម្បីធ្វើឱ្យរាល់ការទូទាត់ពាក់ព័ន្ធនឹងអចលនទ្រព្យ កាន់តែងាយស្រួល និងបង្កើតតម្លៃប្រកបដោយចីរភាពសម្រាប់អតិថិជនរបស់យើង។ តាមរយៈការរួមបញ្ចូលចក្ខុវិស័យរយៈពេលវែងរបស់ អ៊ីស្ត គ្រុប ជាមួយជំនាញរបស់ធនាគារ វីង លើវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ យើងរំពឹងថានឹងអាចបើកឱកាសថ្មីៗសម្រាប់អតិថិជន ដៃគូអាជីវកម្ម និងសហគមន៍ដែលយើងបម្រើ»។
បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបើកផ្លូវក្នុងការសិក្សាពីលទ្ធភាព ក្នុងការផ្តល់សិទ្ធដល់ធនាគារ វីង ជាភ្នាក់ងារលក់ ឬចែកចាយសញ្ញាបណ្ណសាជីវកម្ម ដែលបោះផ្សាយដោយ អ៊ីស្ត គ្រុប ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរ។ កិច្ចសហការនេះ អាចរួមបញ្ចូលទាំងការទូទាត់ថ្លៃទិញសញ្ញាបណ្ណ និងសេវាប្រមូលប្រាក់ពាក់ព័ន្ធផ្សេងៗ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវ និងការយល់ព្រមជាផ្លូវការ។
ក្នុងដំណើរឆ្ពោះទៅមុខរួមគ្នា ធនាគារ វីង និង អ៊ីស្ត គ្រុប មានគោលដៅនាំយកសេវាធនាគារ ឱ្យកាន់តែខិតជិតនៅរាល់គ្រប់ដំណាក់កាលនៃការទិញអចលនទ្រព្យ ចាប់តាំងពីការកក់ប្រាក់លើកដំបូង រហូតដល់ការបង់ប្រចាំខែ និងហិរញ្ញប្បទាននាពេលអនាគត។ អតិថិជនរបស់ អ៊ីស្ត គ្រុប អាចត្រៀមខ្លួនសម្រាប់សេវាទូទាត់ និងហិរញ្ញប្បទានថ្មីៗទាំងនេះ ដោយគ្រាន់តែបើកគណនីធនាគារ វីង ថ្ងៃនេះ។ សូមអញ្ជើញមកកាន់សាខាធនាគារ វីង ណាមួយ ឬទូរសព្ទទៅលេខ ០២៣ ៩៩៩ ៩៨៩ ដើម្បីសាកសួរពីការបើកគណនី ឬប្រឹក្សាពីកម្ចីគេហដ្ឋាន។
សូមបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារខ្មែរ១០០% និងបង្កើតឡើងសម្រាប់ប្រជាជនខ្មែរ ដោយផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជនទូទៅ និងអាជីវកម្មនានា។ ចាប់តាំងពីដំណើរអាជីវកម្មនៅក្នុងឆ្នាំ២០០៨ វីង បានពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមរយៈបណ្តាញឌីជីថល សាខា និងភ្នាក់ងារដ៏ទូលំទូលាយរបស់ខ្លួន។ សេវាកម្មទាំងនោះរួមមានការដាក់ប្រាក់ កម្ចី ការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ការទូទាត់ និងដំណោះស្រាយសេវាធនាគារសម្រាប់អាជីវកម្ម។ ធនាគារ វីង ប្តេជ្ញាជំរុញបរិយាបន្នហិរញ្ញវត្ថុ និងធ្វើឱ្យសេវាធនាគារកាន់តែមានភាពងាយស្រួល សម្រាប់ប្រជាជននៅទូទាំងប្រទេសកម្ពុជា។
ចំណែក អ៊ីស្ត គ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍលំនៅឋាន ប្រកបដោយគុណភាព ការរចនាដោយយកចិត្តទុកដាក់ និងមានតម្លៃសមរម្យ។ ដោយឈរលើបទពិសោធក្នុងវិស័យ អភិវឌ្ឍអចលនទ្រព្យចាប់តាំងពីឆ្នាំ២០០៨ ក្រុមហ៊ុនមានបំណងបំពេញតម្រូវការលំនៅឋាន ដែលកំពុងកើនឡើងនៅកម្ពុជា និងបង្កើតសហគមន៍រស់រវើក។
ការអភិវឌ្ឍរបស់ អ៊ីស្ត គ្រុប ឈរលើគុណតម្លៃសំខាន់ៗ រួមមាន សុចរិតភាព ស្មារតីសហគ្រិនភាព គុណភាព ទំនួលខុសត្រូវ សេវាកម្ម និងការធ្វើការជាក្រុម ដោយមានការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍ និងកំណើនប្រកបដោយចីរភាព។ ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវសុចរិតភាព ភាពជាសហគ្រិន គុណភាព ការទទួលខុសត្រូវ សេវាកម្ម និងការធ្វើការជាក្រុម ដោយមានការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍ និងកំណើនប្រកបដោយចីរភាព៕





















