* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

យូនីលឹវើ និង អង្គការទស្សនៈពិភពលោកអន្ដរជាតិ នៅកម្ពុជាប្រកាសភាពជាដៃគូរយៈពេល ២ឆ្នាំ ដើម្បីលើកកម្ពស់វិស័យអប់រំ តាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់ (Video inside)

02-11-2026 20:18

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ វីសូពិសេសដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា និង អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា នៅថ្ងៃនេះបានចុះហត្ថលេខាលើកិច្ចសហការជាដៃគូរយៈពេល ២ ឆ្នាំ ក្រោមកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមក្នុងការពង្រីកឱកាសអប់រំសម្រាប់កុមារ និងយុវជនដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

ភាពជាដៃគូនេះមានទំហំវិនិយោគប្រមាណ ៧០០ លានរៀល ដោយរួមបញ្ចូលការគាំទ្រផ្នែកអប់រំ ការផ្តល់អាហារូបករណ៍ និងការបរិច្ចាគសម្លៀកបំពាក់សិស្ស ដើម្បីជួយយុវជនកម្ពុជាឱ្យអាចបន្តការសិក្សា និងឈានទៅរកអនាគតកាន់តែប្រសើរ។

ពិធីចុះហត្ថលេខានេះមានការចូលរួមពីបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ឌិសភាចារ្យ ឧបនាយករដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា សហការីនៃស្ថាប័នទាំងពីរ និស្សិតអាហារូបករណ៍ និងក្រុមគ្រួសារ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់មួយនេះនៃកិច្ចសហការក្នុងការគាំទ្រការអប់រំ និងការអភិវឌ្ឍ យុវជន។

ភាពជាដៃគូនេះមានកម្មវិធីសំខាន់ៗចំនួនពីរ៖
១. គាំទ្រការអប់រំតាមរយៈការបរិច្ចាគសម្លៀកបំពាក់សិស្ស
តាមរយៈ កម្មវិធីបរិច្ចាគសម្លៀកបំពាក់សិស្សរបស់ វីសូពិសេស ភាពជាដៃគូនេះមានគោលបំណងផ្តល់អាវសសិស្សដល់សិស្សានុសិស្សដែលងាយរងគ្រោះ នៅតាមសាលារៀន និងសហគមន៍ដែលរងផលប៉ះពាល់ពីជម្លោះតាមព្រំដែន និងការផ្លាស់ទីលំនៅ ដើម្បីជួយឱ្យកុមារអាចត្រឡប់ទៅសាលារៀនវិញដោយមានទំនុកចិត្ត និងភាពថ្លៃថ្នូរ។

ក្នុងរយៈពេល ២ ឆ្នាំ ប្រមាណ ៥.០០០ នាក់ នឹងទទួលបានសម្លៀកបំពាក់សិស្ស ចំនួន ១០.០០០ អាវ ដើម្បីជួយឱ្យពួកគេមានភាពត្រៀមខ្លួនក្នុងការចូលរៀន និងអាចបន្តការសិក្សាបាន។

២. វិនិយោគលើយុវជនជំនាន់ក្រោយតាមរយៈអាហារូបករណ៍
ផ្នែកសំខាន់ទីពីរ គឺ អាហារូបករណ៍ វីសូពិសេស អនាគតភ្លឺត្រចះត្រចង់ ដែលនឹងជួយគាំទ្រយុវជនដែលមានសមត្ថភាព និង/ឬមានជីវភាពខ្វះខាត ឱ្យអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា តាមរយៈការផ្តល់អាហារូបករណ៍ដោយផ្ដល់ការគាំទ្រថ្លៃសិក្សា ការណែនាំ និងឱកាសអភិវឌ្ឍខ្លួន។

កម្មវិធីនេះនឹងគាំទ្រនិស្សិតចំនួន ៤០ នាក់ ក្នុង ២ ជំនាន់ ដោយនិស្សិតម្នាក់ៗនឹងទទួលបានការគាំទ្រក្នុងរយៈពេល ៤ ឆ្នាំនៃការសិក្សានៅសាកលវិទ្យាល័យ។

ជាផ្នែកមួយនៃកម្មវិធីថ្ងៃនេះ និស្សិតជំនាន់ទីមួយចំនួន ២០ នាក់ មកពីទូទាំងប្រទេសកម្ពុជា បានទទួលអាហារូបករណ៍ជាផ្លូវការ ក្រោមវត្តមានរបស់ក្រុមគ្រួសារ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយស។ អាហារូបករណ៍នេះផ្តល់ឱកាសដល់យុវជនដែលមាន ក្តីស្រមៃ ការប្តេជ្ញាចិត្ត និងមហិច្ឆតាក្នុងការសម្រេចគោលដៅរបស់ខ្លួន ជាពិសេសអ្នកដែលអាចប្រឈមនឹងឧបសគ្គក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

ថ្លែងក្នុងពិធីនេះ លោក លី សុធូ អគ្គនាយកក្រុមហ៊ុន យូនីលឹវើ ប្រចាំកម្ពុជា និងឡាវ បានបញ្ជាក់ជាថ្មីពីជំនឿរបស់ វីសូពិសេសថា ម៉ាកផលិតផលអាចដើរតួនាទីដ៏មានអត្ថន័យក្នុងការរួមចំណែកធ្វើឱ្យសហគមន៍រីកចម្រើន។

«អស់រយៈពេលជាងពីរទសវត្សរ៍មកនេះ វីសូពិសេសបាននៅជាមួយគ្រួសារកម្ពុជា។ ក្នុងដំណើរនេះ យើងជឿជាក់ថា គោលបំណងរបស់យើងមិនត្រឹមតែធ្វើឱ្យសម្លៀកបំពាក់ភ្លឺស្អាតប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានទំនួលខុសត្រូវក្នុងការចូលរួមបង្កើតអនាគតកាន់តែភ្លឺត្រចះត្រចង់សម្រាប់គ្រួសារកម្ពុជា និងមនុស្សជំនាន់ក្រោយផងដែរ។ តាមរយៈភាពជាដៃគូជាមួយ អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា យើងកំពុងរួមបញ្ចូលការប្តេជ្ញាចិត្តរបស់យើងលើការអប់រំ ឱកាស និងក្តីសង្ឃឹម ដើម្បីឱ្យយុវជនកាន់តែច្រើនមានឱកាសបញ្ចេញសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ»។

ភាពជាដៃគូនេះបន្តពីការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងរបស់ វីសូពិសេសក្នុងការគាំទ្រវិស័យអប់រំ និងសហគមន៍កម្ពុជា។ កន្លងមក ម៉ាកនេះបានអនុវត្តកម្មវិធីជាច្រើន ដើម្បីបង្កើនឱកាសទទួលបានការអប់រំសម្រាប់យុវជន រួមមានការឧបត្ថម្ភនិស្សិតសាកលវិទ្យាល័យ ការបរិច្ចាគសម្លៀកបំពាក់សិស្សដល់កុមារនៅតាមសហគមន៍ជនបទ និងការគាំទ្រកម្មវិធីសិក្សាដើម្បីជួយសិស្សត្រៀមប្រឡងបាក់ឌុប។

លោកស្រី បណ្ឌិត ថាន ធីហា នាយិកាស្ដីទីនៃអង្គការទស្សនៈពិភពលោកអន្ដរជាតិ ប្រចាំនៅកម្ពុជា បានស្វាគមន៍ភាពជាដៃគូនេះ ដោយលើកឡើងថា ការអប់រំគឺជាកត្តាដ៏មានឥទ្ធិពលមួយសម្រាប់ការរីកចម្រើនសង្គម និងសេដ្ឋកិច្ចក្នុងរយៈពេលវែង។