កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
03-11-2026 10:13
(បរទេស)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាខ្លួននៅពីក្រោយការលួចរូបិយប័ណ្ណឌីជីថល (Cryptocurrency) តម្លៃ ៦ពាន់លានដុល្លារ ពីប្រព័ន្ធ Binance ដោយបញ្ជាក់ថា នេះជា «វោហារសាស្ត្រមិនសមហេតុផល» និងជាភស្តុតាងបង្ហាញថា វ៉ាស៊ីនតោន នៅតែបន្តរក្សាជំហរអរិភាពចំពោះខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការបដិសេធនេះធ្វើឡើងដោយលោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីបង្កើតដែលមានឥទ្ធិពលរបស់មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈពេលដែលក្រុងពុងយ៉ាង កំពុងរក្សាភាពស្ងប់ស្ងាត់ចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការស្តារទូតកំពូលឡើងវិញ។ លោកស្រី គីម យ៉ូជុង បានព្រមានថា កូរ៉េខាងជើងមាន «បញ្ហាសំខាន់ៗមួយចំនួនដែលត្រូវពិចារណាឡើងវិញ» ពាក់ព័ន្ធនឹងទង្វើដែលខ្លួនហៅថា ជាអរិភាពរបស់អាមេរិក។ កាលពីចុងសប្តាហ៍មុន ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានថ្លែងថា កូរ៉េខាងជើងជាអ្នកទទួលខុសត្រូវ លើការលួចទ្រព្យសកម្មនិម្មិតតម្លៃជាង ៦ពាន់លានដុល្លារ ពីប្រព័ន្ធ Binance ដែលជាបណ្តាញផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលធំបំផុតក្នុងលោក ហើយនេះអាចជាអំពើចោរកម្មហិរញ្ញវត្ថុដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ទីភ្នាក់ងារ KCNA បានស្រង់សំដីលោកស្រី គីម យ៉ូជុង មកចុះផ្សាយថា «FBI កំពុងព្យាយាមទម្លាក់កំហុសលើ DPRK (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) ថាជា «ដ្ឋឧក្រិដ្ឋជនសាយប័រ» ដោយអះអាងថា រកឃើញព័ត៌មានថាអង្គភាពហេគឃ័រដែល គាំទ្រដោយ DPRK បានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ»។ លោកស្រីបានបន្ថែមថា «ប៉ុន្តែការអះអាងរបស់អាមេរិក គឺជាវោហារសាស្ត្រមិនសមហេតុផល និងគ្មានអ្វីប្លែកនោះឡើយ។ វាជាការខឹងសម្បារ និងជាការប្រមាថផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹង DPRK ដែលអាមេរិកបង្វែរមតិសាធារណៈអន្តរជាតិឱ្យយល់ច្រឡំថា រាល់បទល្មើសសាយប័រនៅតាមផ្នែកផ្សេងៗនៃពិភពលោក គឺជាស្នាដៃរបស់យើង»។
អ្នកជំនាញសន្តិសុខសាយប័របានលើកឡើងថា ហេគឃ័រកូរ៉េខាងជើងស្ថិតក្នុងចំណោមក្រុមចោរលួចរូបិយប័ណ្ណឌីជីថលសកម្មបំផុតនៅលើពិភពលោក ហើយប្រាក់ចំណូលដែលទទួលបានត្រូវបានយកទៅប្រើប្រាស់ ដើម្បីឧបត្ថម្ភធនដល់កម្មវិធីអាវុធរបស់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ ដែលភ្ជាប់ខ្លួនទៅនឹងការលួចរូបិយប័ណ្ណឌីជីថល និងបទល្មើសសាយប័រផ្សេងទៀត។
យ៉ាងណាមិញ ជុំវិញករណីនេះ ក្រុមហ៊ុន Binance បានប្រកាសថា ខ្លួនបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ដើម្បីទូទាត់សងលើទ្រព្យសកម្មភាគច្រើនដែលត្រូវបានលួចចេញពីប្រព័ន្ធរួចរាល់ហើយ៕











