* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

ប្រធានក្រុម VKH Racing Team ពេញចិត្តលទ្ធផលការប្រណាំងរថយន្ត Off-Road ជើងឯកថ្នាក់ជាតិ ២០២៦

03-11-2026 10:34

(ភ្នំពេញ)៖ ការប្រកួតកីឡាយានយន្តឆ្លងកាត់ឧបសគ្គ (Off-Road) ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ជាមួយក្លិបមហាគ្រួសារ Off-Road បានបញ្ចប់ដោយជោគជ័យ ស្របពេលប្រធានក្រុម VKH Racing Team បង្ហាញការពេញចិត្ត ចំពោះភាពរីកចម្រើនរបស់សមាជិកក្រុម រហូតដណ្ដើមបានជើងឯក ក្នុងការប្រកួត Class A និង Class C នាចុងសប្ដាហ៍កន្លងទៅនៅខេត្ដព្រះសីហនុ។

លោក វង្ស គីមហួត ប្រធានក្រុម VKH បានឲ្យដឹងថា ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ក្រុមខ្លួនបានបញ្ជូនរថយន្ដ Off-Road ចំនួន ៨គ្រឿងចូលរួម ក្នុងនោះមាន ២គ្រឿងចូលរួមប្រកួត Class A, ៣គ្រឿងប្រកួត Class B និង ៣គ្រឿងប្រកួត Class C ដោយមានកិច្ចសហការរួមគ្នាក្នុងការជួយគ្រប់គ្រងការរៀបចំបច្ចេកទេស សេវា និងការមើលផ្លូវពីក្រុម VKH, HC និងក្រុម Happy Off-Road ផងដែរ។

ជាលទ្ធផលសមាជិកក្រុមរបស់ខ្លួនបានសម្រេចលទ្ធផលល្អប្រសើរ ដោយការប្រកួត Class A កីឡាករ ហេង បញ្ញា ដណ្តើមជើងឯក ប៉ុន្ដែការប្រកួត Class B មានកីឡាករទទួលបានចំណាត់ថ្នាក់លេខ៥ ម្នាក់ និងក្រុមផ្សេងទៀតទទួលបានចំណាត់ថ្នាក់ល្អបង្គួរ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺក្រុមកីឡាករក្មេងខ្ចី ដែលទើបប្រឡូកក្នុង Class C ដណ្តើមបានជើងឯក អមពានរង្វាន់១, ចំណាត់ថ្នាក់លេខ៣ និងលេខ៦ ផងដែរ។

ក្នុងនាមប្រធានក្រុម លោកបានវាយតម្លៃខ្ពស់ក្នុងការប្រកួត Class A កីឡាករបានបើកបររថយន្តសុទ្ធតែមានគុណភាពបច្ចេកទេសខ្ពស់ៗ និងបង្ហាញភាពរីកចម្រើនជាងមុនច្រើន។ ចំពោះពិន្ទុរវាងចំណាត់ថ្នាក់ក្រុមនីមួយៗ មានកម្រិតពិន្ទុខុសគ្នាបន្តិចបន្ទួចបំផុត។ រីឯការប្រកួត Class B ទាំងកីឡករ និងយានយន្តសុទ្ធតែថ្មី តែអ្វីដែលជាការកត់សម្គាល់គឺបច្ចេកទេសកីឡាករម្នាក់ៗ ពិតជាធ្វើឲ្យភ្ញាក់ផ្អើល ជាពិសេសការប្រកួត Class C ដោយលោកបានចាត់ទុកការដណ្តើមបានជយលាភីនេះ បានបង្ហាញពីការខំប្រឹង និងធ្វើបានល្អយ៉ាងខ្លាំង ឆ្លុះបញ្ចាំងពីភាពរីកចម្រើនផ្នែកគុណភាពបច្ចេកទេសបន្ថែមទៀត នាឆ្នាំបន្ដបន្ទាប់។

ទន្ទឹមជាមួយភាពជោគជ័យក្នុងការប្រកួត លោក វង្ស គីមហួត ក៏បានកោតសរសើរ ចំពោះការខិតខំរៀបចំបានយ៉ាងល្អរបស់សហព័ន្ធ និងក្លិបមហាគ្រួសារ Off-Road ក្រោមការដឹកនាំរបស់លោក ទៀ ស្យាម ដែលជំរុញការប្រកួតឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូន និងលើកកម្ពស់ដល់ការប្រកួតប្រជែងបង្កើនបច្ចេកទេសរបស់កីឡាករ ខណៈការផ្តល់ពិន្ទុរបស់គណៈកម្មការបច្ចេកទេសប្រកបដោយភាពសុក្រិត និងយុត្តិធម៌គ្រប់ការប្រកួត ដែលធ្វើឲ្យកីឡាករចូលរួមប្រកួតគោរពបាននូវបទបញ្ជាបច្ចេកទេស វិន័យ ក្រមសីលធម៌វិជ្ជាជីវៈកីឡាយានយន្តបានល្អ និងរលូនជោគជ័យ។

លោកបានបង្ហាញសុទិដ្ឋិនិយមទៀតថា VKH Racing Team បន្តប្តេជ្ញាចិត្តខ្ពស់ នឹងបន្តការខិតខំអភិវឌ្ឍន៍កីឡាករឱ្យកាន់តែសម្បូរបែប ក្នុងការជួយជ្រោមជ្រែងលើកកម្ពស់វិស័យកីឡាយានយន្តកម្ពុជាឲ្យកាន់តែរីកចម្រើន ហើយលោកក៏បានអំពាវនាវដល់យុវជន និងមហាជនចូលរួមគាំទ្រលើកទឹកចិត្តដល់អ្នកជំនាញកីឡាមួយនេះឱ្យកាន់តែប្រសើរថែមទៀត ស្របពេលឆាប់ៗខាងមុខ ក្រុមគ្រោងនឹងចូលរួមប្រកួតអន្តរជាតិមួយ នៅប្រទេសវៀតណាម និងឡាវ នាខែមករា ឆ្នាំ២០២៧ ខាងមុខ៕