Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
03-11-2026 10:36
(បរទេស)៖ ក្រុមហ៊ុន Snap ដែលជាម្ចាស់កម្មវិធី Snapchat បានព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ក្នុងសំណុំរឿងដែលចោទប្រកាន់ថា ក្រុមហ៊ុនបានរចនាបណ្តាញសង្គមឱ្យអ្នកប្រើប្រាស់ញៀននឹងការប្រើប្រាស់ បណ្តាលឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ជំងឺបាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហានៃការញ៉ាំអាហារ។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងអំឡុងពេលសវនាការនៅតុលាការរដ្ឋក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ខណៈយុវវ័យទាំងពីរបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបណ្តាញសង្គមធំៗ។ ពួកគេបានឈានដល់កិច្ចព្រមព្រៀងដោះស្រាយវិវាទជាមួយក្រុមហ៊ុន Meta, TikTok និង YouTube រួចមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក John Morgan និងលោកស្រី Emily Jeffcott មេធាវីតំណាងឱ្យដើមបណ្តឹងម្នាក់ បាននិយាយថា៖ «គោលដៅចុងក្រោយរបស់យើង គឺធ្វើឱ្យក្រុមហ៊ុនបណ្តាញសង្គមទាំងនេះទទួលខុសត្រូវចំពោះផលប៉ះពាល់ដែលសកម្មភាពរបស់ពួកគេបានបង្កឡើងដល់កុមាររាប់លាននាក់នៅទូទាំងប្រទេស ហើយកិច្ចព្រមព្រៀងទាំងនេះអនុញ្ញាតឱ្យយើងបន្តឆ្ពោះទៅរកគោលដៅនោះ»។ ដើមបណ្តឹងទាំងពីរអះអាងថា ពួកគេចាប់ផ្តើមប្រើ YouTube តាំងពីអាយុប្រហែល ៣ឆ្នាំ និងបណ្តាញសង្គមផ្សេងទៀតនៅអាយុប្រហែល ៩ឆ្នាំ។ ពួកគេចោទថា មុខងារដូចជា ការចាក់វីដេអូបន្តដោយស្វ័យប្រវត្តិ និងមុខងារអូសអេក្រង់មើលមាតិកាបន្តបន្ទាប់ដោយគ្មានទីបញ្ចប់បានជំរុញឱ្យពួកគេប្រើប្រាស់បណ្តាញសង្គមហួសកម្រិត។
ក្រុមហ៊ុន Snap បានបញ្ជាក់ថា ខ្លួនបានបង្កើតវិធានការការពារ ផ្តល់ការណែនាំអំពីសុវត្ថិភាព និងសហការជាមួយអ្នកជំនាញ ដោយប្តេជ្ញា «បន្តពង្រឹងសុវត្ថិភាព ភាពឯកជន និងសុខុមាលភាពរបស់សហគមន៍អ្នកប្រើប្រាស់»។ ចំណែកក្រុមហ៊ុនបណ្តាញសង្គមផ្សេងទៀតក៏បានបដិសេធការចោទប្រកាន់ថា ពួកគេរចនាវេទិកាឱ្យយុវវ័យញៀននឹងការប្រើប្រាស់ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនទាំងនេះកំពុងប្រឈមនឹងបណ្តឹងរាប់ពាន់នៅសហរដ្ឋអាមេរិក ដែលចោទថា ការរចនាវេទិកាបានរួមចំណែកដល់វិបត្តិសុខភាពផ្លូវចិត្តរបស់យុវវ័យ រួមមានការថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងការធ្វើអត្តឃាត។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងដំបូងដែលបានបញ្ចប់ការកាត់ក្តីកាលពីខែមីនា គណៈវិនិច្ឆ័យនៅទីក្រុង Los Angeles បានរកឃើញថា Meta និង YouTube មានការធ្វេសប្រហែស ហើយបានសម្រេចផ្តល់សំណងចំនួន ៦លានដុល្លារដល់ស្ត្រីវ័យក្មេងម្នាក់។ សំណុំរឿងរបស់ Snap ត្រូវបានជ្រើសរើសពីបណ្តឹងរាប់ពាន់ ដើម្បីសាកល្បងការចោទប្រកាន់ និងអាចមានឥទ្ធិពលលើការដោះស្រាយបណ្តឹងស្រដៀងគ្នានាពេលអនាគត។ មេធាវីដើមបណ្តឹងបានឱ្យដឹងថា ការកាត់ក្តីសាកល្បងសំណុំរឿងបន្ទាប់គ្រោងនឹងចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២៧៕









