* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

រកឃើញកម្មវិធី AI ជាង ៤០០ លាក់មុខងារបង្កើតរូបភាពអាសអាភាស និងហិង្សា លើ App Store និង Google Play

03-11-2026 13:57

(បរទេស)៖ ការស៊ើបអង្កេតរបស់ទស្សនាវដ្តី Wired បានរកឃើញកម្មវិធីបញ្ញាសិប្បនិម្មិត (AI) និងដែន (domains) គេហទំព័រដែលមានទំនាក់ទំនងគ្នាជាង ៤០០ ដែលលាក់មុខងារបង្កើតរូបភាព និងវីដេអូក្លែងក្លាយបែបអាសអាភាស និងហិង្សា។ កម្មវិធីទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យ និងមាននៅលើ App Store របស់ Apple និង Google Play Store។ តាមការស៊ើបអង្កេត កម្មវិធីទាំងនេះហាក់ដូចជាពាក់ព័ន្ធនឹងអង្គការមួយនៅប្រទេសចិន ហើយអាចឱ្យអ្នកប្រើប្រាស់បង្ហោះរូបថត ដើម្បីបង្កើតមាតិកាក្លែងក្លាយដែលអាចត្រូវបានប្រើសម្រាប់បំបាក់មុខ ឬគំរាមកំហែងជនរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយ 9TO5Mac នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

កម្មវិធីទាំងនេះមួយចំនួនបង្ហាញខ្លួនជាកម្មវិធីធម្មតា ដូចជាកម្មវិធីបង្រៀនភាសា ឬគ្រូបង្វឹកហាត់ប្រាណដោយប្រើ AI ប៉ុន្តែអាចបើកមុខងារលាក់កំបាំងនៅក្រោមលក្ខខណ្ឌជាក់លាក់ ដើម្បីបង្កើតរូបភាព និងវីដេអូអាសអាភាស ឬហិង្សាពីរូបថតដែលអ្នកប្រើប្រាស់បានបង្ហោះ។ ការស៊ើបអង្កេតក៏បានរកឃើញថា កម្មវិធីទាំងនេះត្រូវបានផ្សព្វផ្សាយតាមរយៈវីដេអូពាណិជ្ជកម្មរាប់ពាន់នៅលើ Facebook និង Instagram។ អ្នកប្រើប្រាស់អាចទិញក្រេឌីត (credits) ដើម្បីបង្កើតរូបភាពក្លែងក្លាយតាមគំរូដែលមានស្រាប់។

ក្រោយពីទទួលបានព័ត៌មានពី Wired ក្រុមហ៊ុន Apple បានដកកម្មវិធីចំនួន ១៩ ចេញពី App Store។ Apple បានបញ្ជាក់ថា៖ «យើងត្រួតពិនិត្យកម្មវិធីនីមួយៗមុនពេលដាក់ឱ្យប្រើប្រាស់ ហើយកម្មវិធីទាំងនេះបានអនុលោមតាមច្បាប់របស់យើងនៅពេលត្រូវបានត្រួតពិនិត្យ។ បន្ទាប់ពីទទួលបានការអនុម័ត អ្នកអភិវឌ្ឍន៍ (developers) បានផ្លាស់ប្តូរគេហទំព័រដែលកម្មវិធីទាញយកមាតិកា ដោយជំនួសមាតិកាដែលយើងបានអនុម័តជាមួយនឹងមាតិកាអាសអាភាស ហើយផ្សព្វផ្សាយវាតាមរយៈការផ្សាយពាណិជ្ជកម្មអាសអាភាសនៅលើវេទិកាភាគីទីបី»។ ក្រុមហ៊ុនក៏បានពង្រឹងវិធានការការពារដើម្បីទប់ស្កាត់ការប្រើល្បិចបែបនេះផងដែរ។

ចំណែកក្រុមហ៊ុន Meta បានឱ្យដឹងថា ខ្លួនបានចាត់វិធានការលើគណនីផ្សាយពាណិជ្ជកម្មជាង ១០,០០០ ដែលមានទំនាក់ទំនងនឹងដែនគេហទំព័រពាក់ព័ន្ធនឹងកម្មវិធីទាំងនេះ។ ករណីនេះបង្ហាញពីបញ្ហាប្រឈមក្នុងការត្រួតពិនិត្យកម្មវិធី និងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត ខណៈកម្មវិធីដែលបង្ហាញមុខងារធម្មតាអាចលាក់មុខងារបង្កគ្រោះថ្នាក់ និងប្រើរូបថតអ្នកដទៃបង្កើតមាតិកាក្លែងក្លាយដោយគ្មានការយល់ព្រម៕