* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

សិស្សានុសិស្សជាង ២០០នាក់ ចូលរួមស្វែងយល់ពីគុណតម្លៃអូឡាំពិក នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ

03-11-2026 15:31

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាប់ផ្តើមបើកយុទ្ធនាការបញ្ជ្រាបការផ្សព្វផ្សាយគុណតម្លៃអូឡាំពិកជាផ្លូវការ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានសិស្សានុសិស្សប្រមាណជាង ២០០នាក់បានចូលរួម និងរីករាយក្នុងការស្វែងយល់ និងទទួលនូវចំណេះដឹងថ្មីៗពីប្រវត្តិចលនាអូឡាំពិក និងអត្ថប្រយោជន៍នៃការលេងកីឡា។

លោក សោម សុទ្ធរិទ្ធិពង្ស មន្ត្រី NOCC និងជាគ្រូឧទ្ទេសប្រចាំវគ្គបានបញ្ជាក់ថា នេះគឺជាថ្ងៃដំបូង នៃកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ ក្រោមជំនួយរបស់អង្គការសាមគ្គីអូឡាំពិក ដែលរៀបចំឡើង ដើម្បីបញ្ជ្រាបដល់យុវជននូវខ្លឹមសារ អ្វីទៅដែលហៅថា គុណតម្លៃអូឡាំពិក ដែលមានអាយុកាលជាង ២៧០ឆ្នាំមុន តែត្រូវបានយកមកបំផុសរហូតដល់បច្ចុប្បន្ន។

ក្នុងនាមមន្ដ្រីជំនាញលោកបានសម្ដែងក្ដីរីករាយ ក្រោយឃើញសិស្សានុសិស្សទាំងអស់ ចង់ចេះចង់ដឹង និងស្វែងយល់ពីគុណតម្លៃទាំងអស់នោះ រួមមាន ឧត្តមភាព ការគោរព និងមិត្តភាពជាដើម ហើយទាំងអស់នេះ មិនត្រឹមតែអាចជាប្រើប្រាស់នៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យសិស្សានុសិស្សយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងការសិក្សាផងដែរ។

ជាមួយកម្មវិធីដ៏សារៈសំខាន់នេះ មិនត្រឹមផ្ដល់នូវក្ដីរីករាយសម្រាប់សិស្សានុសិស្ស ដែលបានចូលរួមសិក្សាស្វែងយល់នោះទេ តែលោក ថ្លាង សេងងាន់ នាយករងវិទ្យាល័យសាមគ្គីជ្រោយចង្វារ ក៏បានសម្ដែងក្ដីត្រេកអរ ដែលក្រុមការងារ NOCC បានរៀបចំ និងចែករំលែកអំពីប្រវត្តិ ក៏ដូចជាការអត្ថប្រយោជន៍នៃការលេងកីឡា ស្មារតីកីឡា និងឧត្តមគតិកីឡាដល់សិស្សានុសិស្សរបស់ខ្លួនទៀតផង។

លោកសង្កត់ធ្ងន់ថា «ការចុះមកធ្វើបទបង្ហាញរបស់ក្រុមមន្ត្រី NOCC នាពេលនេះ ខ្ញុំពិតជាត្រេកអរ ក្នុងការចូលរួមសហការ ដើម្បីឲ្យសិស្សានុសិស្សបានយល់ដឹងពីកីឡាថាតើវាមានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សុខភាព និងសង្គមជាតិរបស់យើង»។ លើសពីនេះ សាលាតែបានបំផុសការផ្សព្វផ្សាយឲ្យសិស្សានុសិស្សចូលរួមលេងកីឡា ដើម្បីសុខភាពផង ដើម្បីក្លាយជាធនធានកីឡាផង ជាពិសេសគឺដើម្បីបញ្ចៀសយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗទៀតផង។

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពអប់រំប្រចាំឆ្នាំមួយដែល NOCC តែងតែយកចិត្តទុកដាក់រៀបចំឡើង ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគុណតម្លៃអូឡាំពិកទៅកាន់សិស្សានុសិស្ស តាមរយៈការលើកកម្ពស់គុណតម្លៃអូឡាំពិក រួមជាមួយការលេងនូវកីឡាមួយចំនួន។ បន្ទាប់ពីវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ NOCC គ្រោងនឹងបន្ដយុទ្ធនាការនេះ នៅសាលាចំនួន៣ ទៀត នៅរាជធានីភ្នំពេញ មុនបន្ដទៅតាមបណ្ដាខេត្តមួយចំនួន នាពេលខាងមុខ៕