R&F CITY ប្រកាសដាក់លក់លំនៅឋានប្រណិត NOVA ជាផ្លូវការ អមដោយការបើកច្រកផ្លូវសំខាន់អគារ MIRO
03-11-2026 16:47
(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ R&F CITY ត្រូវបានប្រកាសដាក់លក់ជាផ្លូវការនៅក្នុងពិធីអបអរសាទរខួប ៨ឆ្នាំ ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ព្រមទាំងបានប្រកាសដាក់លក់ជាផ្លូវការនូវប្រភេទលំនៅឋានប្រណិតថ្មី «NOVA» នៅក្នុងមជ្ឈមណ្ឌលលក់របស់គម្រោងផ្ទាល់តែម្តង។
បើតាមលោកប្រធានគម្រោង R&F បានបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមគម្រោងក្នុងឆ្នាំ ២០១៨ មក R&F CITY បានខិតខំអភិវឌ្ឍ និងប្រគល់លំនៅឋានជូនអតិថិជនជាបន្តបន្ទាប់។ គិតត្រឹមពេលនេះ គម្រោងបានប្រគល់លំនៅឋានជាង ៣,២០០ យូនីត និងសាងសង់បញ្ចប់ចំនួន ១២ អគារ ដោយប្រមូលផ្តុំទៅដោយម្ចាស់លំនៅឋានដែលអញ្ជើញមកពីបណ្ដាប្រទេស និងតំបន់រហូតដល់ ២៨ សញ្ជាតិ។ គម្រោងបានវិវឌ្ឍខ្លួនយ៉ាងសកម្មទៅជាសហគមន៍រស់នៅដ៏សម្បូរបែប ដែលរួមបញ្ចូលនូវការរស់នៅ អាជីវកម្ម កីឡា និងសេវាកម្មចម្រុះ។
ក្នុងនោះដែរ គម្រោងក៏បានកាត់ខ្សែបូបើកឱ្យធ្វើចរាចរណ៍លើច្រកផ្លូវចេញចូលសំខាន់នៃអគារ MIRO ដើម្បីសម្រួលដល់ការធ្វើដំណើរ ព្រមទាំងបានដាក់ឱ្យដំណើរការទីលានកីឡាភីកលប៊ល (Pickleball) ថ្មីដែលមានការបណ្តុះបណ្តាលពីអ្នកជំនាញ ហើយថែមទាំងមានគម្រោងបើកសួនសម្រាប់សត្វចិញ្ចឹម (Pet Park) នៅថ្ងៃទី ១៥ ខែធ្នូ ខាងមុខទៀតផង។
ទន្ទឹមនឹងការកែលម្អសេវាកម្មគ្រប់គ្រងអចលនទ្រព្យ និងការថែទាំលំនៅឋានឱ្យកាន់តែមានទំនុកចិត្ត គម្រោង R&F CITY ក៏បានបង្ហាញជាផ្លូវការនូវលំនៅឋានប្រណិត NOVA ដែលមាន ៦ ជម្រើស ជាមួយទំហំចាប់ពី ៥៤ ដល់ ១៩៥ ម៉ែត្រការ៉េ។
ប្រភេទយូនីត NOVA ត្រូវបានរចនាឡើងក្រោមរចនាបទ «Nanyang-inspired interior design» ដែលបំពាក់ដោយសម្ភារៈឈើ សិល្បៈថ្ម ពណ៌បែបស្ងប់ស្ងាត់ ព្រមទាំងប្រព័ន្ធផ្ទះឆ្លាតវៃ (Smart Home System) ទាំងមូល ដើម្បីផ្តល់ជូននូវបទពិសោធន៍រស់នៅទាន់សម័យ និងមានសោភ័ណភាព។ បន្ទាប់ពីពិធីបើកសម្ពោធ ភ្ញៀវកិត្តិយសបានទស្សនាបន្ទប់គំរូនៅជាន់ទី ៣ នៃអគារ B2 ព្រមទាំងបានរីករាយជាមួយអាហារប៊ូហ្វេ ពិធីសម្តែងតន្ត្រីពីតារាចម្រៀង Mina និងការសាកល្បងលេងកីឡាភីកលប៊ល។
សូមបញ្ជាក់ថា គម្រោងR&F CITY នឹងបន្តផ្តោតលើតម្រូវការរស់នៅរបស់អតិថិជន និងបន្តអភិវឌ្ឍបរិក្ខារ និងសេវាកម្មឱ្យកាន់តែប្រសើរជាបន្តបន្ទាប់នៅពេលអនាគត៕















