ពិភពបាល់ទាត់កាន់ទុក្ខជាមួយក្លិប Tenerife ក្រោយមរណភាពនៃខ្សែប្រយុទ្ធអេស្ប៉ាញ De Miguel
04-11-2026 10:32
(បរទេស)៖ ក្នុងពិភពបាល់ទាត់ទូទាំងសកលលោក បានចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាមួយក្លិបស្ថិតក្នុងក្របខណ្ឌទី២ អេស្ប៉ាញ Tenerife ចំពោះការបាត់បង់ខ្សែប្រយុទ្ធរបស់ពួកគេ Jesus de Miguel កាលពីព្រឹកថ្ងៃចន្ទកន្លងទៅ ក្រោយការប៉ះទង្គិចធ្ងន់ធ្ងរលើទីលានរួចមក។
គ្រប់ការប្រកួតទាំងអស់ ជាពិសេសនៅទ្វីបអឺរ៉ុបទាំងមូលបានស្មឹងស្មាធ ១នាទីមុនពេលចាប់ផ្តើមការប្រកួត ជាពិសេសនៅ UCL កាលពីរាត្រីថ្ងៃអង្គារ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់កីឡាករអេស្ប៉ាញ Miguel ដែលបានស្លាប់ ក្នុងវ័យទើបតែ ៣០ឆ្នាំប៉ុណ្ណោះ។
ខ្សែប្រយុទ្ធរបស់ក្លិប Tenerife រូបនេះបានរងរបួសត្រង់ក្បាល និងដើមទ្រូងយ៉ាងដំណំ នៅពេលប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Jesus Owono នៃក្លិប FC Andorra ក្នុងក្របខណ្ឌទី២ អេស្ប៉ាញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ក្លិប Tenerife បានចេញសេចក្តីថ្លែងការណ៍កាលពីរសៀលថ្ងៃអង្គារថា ពួកគេនឹងធ្វើការកាន់ទុក្ខជាផ្លូវការចំពោះ Miguel រយៈពេល ៦ថ្ងៃ តាមរយៈមិនធ្វើសកម្មភាពអ្វីទាំងអស់ ហើយកីឡាករ មន្រ្តីកីឡា រួមទាំងបុគ្គលិកក្លិបទាំងអស់នឹងទៅចូលរួមបុណ្យសពរបស់ Miguel ដែលប្រារព្ធធ្វើនៅ Navahermosa ស្ថិតក្នុងទីក្រុង Toledo ប្រទេសអេស្ប៉ាញទៀតផង៕







