ធនាគារ ABA រក្សាបានចំណាត់ថ្នាក់ឥណទាន B+/Stable/B ពី S&P Global Ratings បញ្ជាក់ពីជំហររឹងមាំ
04-11-2026 13:37
(ភ្នំពេញ)៖ ធនាគារ ABA បន្តរក្សាបានចំណាត់ថ្នាក់ឥណទានខ្ពស់ B+/Stable/B ពីទីភ្នាក់ងារ S&P Global Ratings ដែលឆ្លុះបញ្ចាំងពីជំហរទីផ្សារដ៏រឹងមាំ មូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំ និងប្រសិទ្ធភាពប្រតិបត្តិការខ្ពស់ជាងធនាគារដទៃក្នុងវិស័យនេះ។ របាយការណ៍ចុងក្រោយរបស់ S&P បានបញ្ជាក់ពីអនាគតស្ថិរភាពសម្រាប់ ABA ដោយរំពឹងថានឹងរក្សាបានកំណើនឥណទានប្រកបដោយចីរភាព មូលដ្ឋានប្រាក់បញ្ញើដ៏រឹងមាំ និងស្តង់ដារផ្គត់ផ្គង់ឥណទានប្រកបដោយសុវត្ថិភាពសម្រាប់រយៈពេល ១២ ទៅ ១៨ ខែខាងមុខ។
S&P បានទទួលស្គាល់ ABA ជាធនាគារនាំមុខគេក្នុងទីផ្សារកម្ពុជា ជាមួយនឹងមូលដ្ឋានប្រាក់បញ្ញើរូបវន្តបុគ្គលដ៏រឹងមាំ។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ABA គ្រប់គ្រងចំណែកជាង ២០% នៃប្រាក់បញ្ញើ និង ១៧% នៃប្រាក់កម្ចីរបស់កម្ពុជា ដែលបង្ហាញពីសមត្ថភាពឈានមុខគេរបស់ខ្លួនជាធនាគារពាណិជ្ជធំជាងគេ។ ការពង្រីកបណ្តាញឌីជីថល និងបណ្តាញរូបវន្ត បានពង្រឹងវត្តមានរបស់ ABA ក្នុងការបម្រើសេវាជូនអតិថិជនទូទាំងប្រទេស។
របាយការណ៍ S&P ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃសមត្ថភាពឌីជីថលរបស់ ABA ដោយលើកឡើងថា វេទិកាឌីជីថលដ៏ទូលំទូលាយរបស់ធនាគារ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការគាំទ្រជំហរធុរកិច្ចដ៏រឹងមាំ។ ការវិនិយោគលើបច្ចេកវិទ្យាបានធ្វើឲ្យ ABA ក្លាយជាអ្នកនាំមុខក្នុងវិស័យធនាគារនៅកម្ពុជា ផ្តល់ឧត្តមភាពប្រកួតប្រជែងខ្ពស់ ជាពិសេសក្នុងសេវាធនាគារប្រតិបត្តិការប្រចាំថ្ងៃ។ សមត្ថភាពហិរញ្ញវត្ថុដ៏រឹងមាំរបស់ ABA ត្រូវបានគាំទ្រដោយអនុបាតប្រាក់កម្ចីធៀបនឹងប្រាក់បញ្ញើ (LDR) ក្រោម ៨០% ដែលទាបជាងមធ្យមភាគក្នុងវិស័យនេះ។ លទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការជំរុញនវានុវត្តន៍ឌីជីថល គាំទ្រកំណើនប្រកបដោយចីរភាព និងផ្តល់សេវាធនាគារងាយស្រួលប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជា។



