* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព

យុវតី ដូ ពេជ្របញ្ញាដាលីស មានមោទនភាព ក្រោយបានជ្រាបពីគុណតម្លៃអូឡាំពិក ដែលបង្កប់អត្ថន័យលើសពីកីឡា

04-11-2026 13:52

(ភ្នំពេញ)៖ យុវតី ដូ ពេជ្របញ្ញាដាលីស សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ជាស៊ីម សាមគ្គី បានបង្ហាញការភ្ញាក់ផ្អើល និងមានមោទនភាព ក្រោយបានស្វែងយល់ ក៏ដូចជាជ្រាបកាន់តែច្បាស់ពីគុណតម្លៃអូឡាំពិក ដែលបានបង្កប់នូវអត្ថន័យអប់រំ និងទស្សនវិជ្ជាជីវិតដ៏មានតម្លៃ លើសពីការប្រកួតប្រជែងមេដាយ ឬប្រកួតយកឈ្នះចាញ់ក្នុងវិស័យកីឡា។

ការលើកឡើងនេះ បន្ទាប់ពីកញ្ញាបានចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំដល់សាលារបស់ខ្លួន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្មវិធីទទួលបានជំនួយពីអង្គការសាមគ្គីអូឡាំពិកនេះ មានសិស្សានុសិស្សប្រមាណ ២៥០នាក់ចូលរួម ហើយក៏មានការលេងនូវល្បែងកម្សាន្ដផងដែរ។

សិស្សឆ្នើម ដែលអាចប្រើប្រាស់បាន ៣ភាសា (ខ្មែរ-អង់គ្លេស និងជប៉ុន) ដដែលបន្ដថា កន្លងមកខ្លួនមិនធ្លាប់ចូលរួមសកម្មភាពកីឡានោះទេ តែគេពិតជាមានចំណាប់អារម្មណ៍ខ្លួនលើកីឡា ព្រោះកីឡាបានធ្វើឲ្យយុវជន និងប្រជាពលរដ្ឋមានសុខភាពល្អ ភាពស្វាហាប់ និងបើកឱកាសឲ្យមនុស្សជាច្រើនអាចស្វែងរកអ្វីដែលខ្លួនចូលចិត្ត។

ជាងនេះទៅទៀត កញ្ញាកាន់តែមានមោទនភាព បន្ទាប់ពីបានចូលរួមក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង ពីមន្ដ្រីជំនាញ NOCC អំពីគុណតម្លៃអូឡាំពិក។ ដាលីស ថា «ពីមុនមកខ្ញុំមិនធ្លាប់ទទួលព័ត៌មាន ឬប្រវត្តិអូឡាំពិកទេ តែថ្ងៃនេះខ្ញុំបានស្វែងយល់ពីកីឡាអូឡាំពិក និងប្រវត្តិអូឡាំពិកជាច្រើន ដែលធ្វើឲ្យខ្ញុំមានការសប្បាយចិត្ត ហើយនឹងរីករាយខ្លាំងមែនទែន ដែលបានចូលរួមកម្មវិធីមួយនេះ»។

«ខ្ញុំគិតថា នេះជារឿងល្អ។ កីឡាអូឡាំពិក មានចម្រុះប្រភេទកីឡា ដែលអនុញ្ញាតឲ្យយើងមានការចេះដឹងច្រើនពីកីឡាផ្សេងៗ ហើយលេងដោយគ្មានការរើសអើង លេងដោយសាមគ្គីគ្នា។ ពេលយើងចូលក្នុងការប្រកួតកីឡាអូឡាំពិកនីមួយៗ មិនត្រឹមតែជាប្រកួតប្រជែង ចង់ឈ្នះចាញ់នោះទេ តែក៏ត្រូវមានសាមគ្គីភាព បង្កើតមិត្តភាព ទំនាក់ទំនង និងការគោរពស្រលាញ់ទៅវិញទៅមក ដើម្បីឈានទៅរកសន្ដិភាពលើពិភពលោក ព្រោះកីឡាអូឡាំពិក ក៏ដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពិភពលោក ក៏ដូចជាបញ្ឈប់សង្គ្រាមបានមួយរយៈផងដែរ»។ យុវតី ដូ ពេជ្របញ្ញាដាលីស បន្ថែម។

លោក ផាន់ ណិល នាយកវិទ្យាល័យ ជាស៊ីម សាមគ្គី បានស្វាគមន៍ចំពោះការចុះផ្សព្វផ្សាយគុណតម្លៃអូឡាំពិករបស់ NOCC នៅសាលារបស់ខ្លួន ដែលផ្ដល់ឱកាសឲ្យសិស្សានុសិស្សបានយល់ពីគុណតម្លៃ និងអត្ថប្រយោជន៍នៃការលេងកីឡា ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។ នេះគឺជារឿងសំខាន់ ព្រោះកីឡា នាំមកនូវសុខភាពល្អ សាមគ្គីភាព មិត្តភាព ដល់មនុស្សគ្រប់រូប ហើយលោកក៏សង្ឃឹមថាសិស្សានុសិស្សទាំងអស់ នឹងទទួលបាននូវគុណតម្លៃទាំងអស់នេះផងដែរ៕