Tesla រងការចោទប្រកាន់ថា បោកបញ្ឆោតអតិថិជននៅកូរ៉េខាងត្បូង ជុំវិញប្រព័ន្ធបើកបរជំនួយ FSD
05-11-2026 09:20
(បរទេស)៖ ក្រុមការពារសិទ្ធិអ្នកប្រើប្រាស់មួយនៅកូរ៉េខាងត្បូង គ្រោងដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េខាងត្បូង (KFTC) ដោយចោទប្រកាន់ក្រុមហ៊ុន Tesla ថាបានបំភាន់អតិថិជនរាប់ម៉ឺននាក់ តាមរយៈការផ្សព្វផ្សាយប្រព័ន្ធជំនួយការបើកបរ Full Self-Driving (FSD) ដែលរថយន្តភាគច្រើនរបស់ខ្លួននៅក្នុងប្រទេសនេះមិនអាចប្រើប្រាស់ដោយស្របច្បាប់បាន។ កន្លងមក Tesla បានលក់ប្រព័ន្ធនេះក្នុងតម្លៃបង់ផ្តាច់ ៩,០៤៣ លានវ៉ុន (ប្រមាណ ៦,៧២៦ ដុល្លារ) ខណៈអ្នកគ្រប់គ្រង Tesla ប្រចាំកូរ៉េខាងត្បូង លោក Seo Young-deuk បានបញ្ជាក់ក្នុងសភាថា មានរថយន្ត Tesla ត្រឹមប្រមាណ ២០% ប៉ុណ្ណោះដែលអាចប្រើ FSD បាន ពោលគឺរថយន្តដែលផលិតនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
មូលហេតុសំខាន់គឺរថយន្ត Tesla ភាគច្រើននៅកូរ៉េខាងត្បូងត្រូវបានផលិតនៅប្រទេសចិន ដែលមិនទាន់ទទួលបានការអនុញ្ញាតឱ្យប្រើប្រព័ន្ធ FSD តាមបទប្បញ្ញត្តិក្នុងប្រទេសនេះ។ ទោះជាយ៉ាងណា Tesla បានបន្តគិតថ្លៃ និងផ្សព្វផ្សាយប្រព័ន្ធនេះអស់រយៈពេលជាង ៣ ឆ្នាំ ខណៈទិន្នន័យរបស់ក្រុមហ៊ុនបង្ហាញថា កាលពីឆ្នាំមុន រថយន្ត Tesla ថ្មីចំនួន ៩៩% ដែលលក់នៅកូរ៉េខាងត្បូង មិនអាចប្រើ FSD ដោយស្របច្បាប់បានឡើយ។ លោក Choi Young-suk ប្រធានផ្នែកបញ្ហាយានយន្តនៃក្រុមការពារសិទ្ធិអ្នកប្រើប្រាស់ Citizens United for Consumer Sovereignty បាននិយាយថា៖ «Tesla បានរកប្រាក់ចំណូលយ៉ាងច្រើន តាមរយៈការលក់ប្រព័ន្ធជំនួយការបើកបរដែលមានតម្លៃថ្លៃទៅឱ្យអតិថិជនទូទៅ ដែលមិនអាចប្រើប្រាស់ប្រព័ន្ធនេះបានសូម្បីតែមួយថ្ងៃ»។
ក្រុមអ្នកប្រើប្រាស់ក៏បានចោទថា Tesla បានផ្សព្វផ្សាយប្រព័ន្ធ FSD កាលពីឆ្នាំមុនថា នឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗ និងបានបង្ហោះវីដេអូបង្ហាញសមត្ថភាពប្រព័ន្ធនេះនៅកូរ៉េខាងត្បូង ដោយមិនបានបញ្ជាក់ច្បាស់ថា រថយន្តតែចំនួនតិចតួចប៉ុណ្ណោះអាចប្រើប្រាស់បាន។ ក្រុមនេះបានស្នើឱ្យ KFTC បញ្ជាឱ្យ Tesla បញ្ឈប់ការផ្សព្វផ្សាយ FSD លើរថយន្តដែលមិនមានសិទ្ធិប្រើប្រាស់ ព្រមទាំងដាក់ពិន័យ និងបញ្ជូនសំណុំរឿងទៅអាជ្ញាធរស៊ើបអង្កេត។ ចំណែក KFTC បានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតការផ្សាយពាណិជ្ជកម្មរបស់ Tesla តាំងពីដើមឆ្នាំនេះ។ ក្រុមហ៊ុនក៏បានចាប់ផ្តើមដំណើរការស្នើសុំការបញ្ជាក់អនុញ្ញាតសម្រាប់រថយន្តផលិតនៅចិនកាលពីខែមុនផងដែរ។
ទោះបីនាយកប្រតិបត្តិ Tesla លោក Elon Musk ធ្លាប់សន្យាថា រថយន្ត Tesla ទាំងអស់នឹងអាចបើកបរដោយគ្មានអ្នកបើកបរនាពេលឆាប់ៗក៏ដោយ ក៏ប្រព័ន្ធ FSD បច្ចុប្បន្នមិនមែនជាប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញនោះទេ ហើយតម្រូវឱ្យអ្នកបើកបរតាមដានជានិច្ច។ បច្ចុប្បន្ន Tesla បានប្តូរពីការលក់ប្រព័ន្ធនេះតាមរយៈការបង់ផ្តាច់ មកជាការបង់ថ្លៃប្រចាំខែ ១៥០,០០០ វ៉ុន (ប្រមាណ ១១២ ដុល្លារ) ចាប់ពីខែសីហា។ កាលពីខែមុន តុលាការក្នុងទីក្រុងសេអ៊ូលក៏បានច្រានចោលបណ្តឹងរបស់ម្ចាស់រថយន្ត Tesla ដែលទាមទារសំណងចំពោះការមិនអាចប្រើប្រាស់ប្រព័ន្ធ FSD ដោយសំអាងថា ការរឹតត្បិតផ្នែកច្បាប់ និងបទប្បញ្ញត្តិបានកំណត់សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការដាក់ឱ្យប្រើប្រាស់មុខងារនេះ៕















