ប្រវត្តិសាស្រ្តក្នុងបាល់ទាត់ ដោយលេង ១ប្រកួត អាជ្ញាកណ្តាលចាយកាតក្រហមអស់ ៥១សន្លឹក
05-11-2026 10:00
(បរទេស)៖ កំណត់ត្រាថ្មីក្នុងពិភពបាល់ទាត់ត្រូវបានចារឡើង តាមរយៈលេងត្រឹម ១ប្រកួតសោះ អាជ្ញាកណ្តាលពិន័យកាតក្រហមដល់ទៅ ៥១សន្លឹក ដោយសារការប៉ះទង្គិចគ្នា នៅអំឡុងការប្រកួតរវាងក្រុមយុវជនអាយុក្រោម ២០ឆ្នាំ ក្នុងលីគនៃប្រទេសប្រេស៊ីល។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
កីឡាករចំនួន ៤៣នាក់ និងបុគ្គលិកក្លិប ៨នាក់ផ្សេងទៀតបានរងពិន័យកាតក្រហមភ្លាមៗតែម្តង ក្រោយផ្ទុះហិង្សា។
វាជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៃកម្មវិធី Minas Gerais Under-20 Championship រវាងក្រុម Uberlandia និង Mamore។
១ប្រកួតដែលនាំឱ្យមានការពិន័យកាតក្រហមច្រើនបំផុតនេះ បានបំបែកកំណត់ត្រាចាស់របស់អាហ្សង់ទីន នៃក្របខណ្ឌទី៥ រវាងក្រុម Club Atletico Claypole និង Victoriano Arenas កាលឆ្នាំ២០១១ ដែលបានចាយកាតក្រហមអស់ចំនួន ៣៦សន្លឹក។
បើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាននៅប្រេស៊ីលបានឲ្យដឹងថា ក្រុមប៉ូលីសត្រូវបានស្នើមកកាន់ទីកន្លែងកើតហេតុ ដ្បិតមានការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរក្នុងកីឡដ្ឋាន Parque do Sabia។
បើយោងតាមសេចក្តីរាយការណ៍ពីអាជ្ញាកណ្តាលវិញបានឱ្យដឹងថា កំហឹងខ្លាំងក្លាបានផ្ទុះឡើងតែម្តងក្នុងវគ្គទី២ នៅពេលកីឡាករ Davi នៃក្លិប Mamore បានឌឺដងទៅកាន់គូប្រកួតរបស់គេពីកន្លែងអង្គុយ ដើម្បីជាការអបអរពេលក្រុមរបស់លោកនាំមុខ ៣-១៕



