ធនាគារ «វីង» និងបុរី «ប៉េង ហួត» សហការផ្តល់ដំណោះស្រាយឥណទានទិញផ្ទះ ងាយស្រួលជូនដល់អតិថិជន
05-11-2026 10:51
(ភ្នំពេញ)៖ បុរី ប៉េង ហួត ផ្តល់ជូនការបញ្ចុះតម្លៃផ្ទះ ១% ដល់អតិថិជនទាំងអស់ បុគ្គលិកធនាគារ វីង និងបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលទិញផ្ទះតាមរយៈការប្រើប្រាស់កម្ចីពីធនាគារ វីង។ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ធនាគារ វីង (ខេមបូឌា) ម.ក និង បុរី ប៉េង ហួត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ ដើម្បីផ្តល់ជូននូវជម្រើសកម្ចីទិញផ្ទះពីធនាគារ វីង ជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ក៏ដូចជាផ្តល់ការគាំទ្រផ្នែកសេវាធនាគារ យ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ។
ពិធីចុះហត្ថលេខានេះ ក៏មានការរអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង, លោកស្រី ស៊ឹង ដារ៉ា អគ្គនាយិការង ប៉េង ហួត គ្រុប, លោកស្រី ហុង ដានី អគ្គនាយិកា បុរី ប៉េង ហួត ថ្នាក់ដឹកនាំទាំងពីសា្ថប័ន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។ អតិថិជនដែលទិញអចលនទ្រព្យពី បុរី ប៉េង ហួត អាចស្វែងយល់ពីកញ្ចប់ឥណទានទិញផ្ទះពីធនាគារ វីង ដោយមានក្រុមការងារជំនាញគ្រប់គ្រងទំនាក់ទំនងអតិថិជន ត្រៀមខ្លួនជាស្រេចក្នុងការជួយផ្តល់ការប្រឹក្សា និងសម្របសម្រួលរាល់ការស្នើសុំ ដោយអនុលោមតាមគោលការណ៍ផ្តល់ឥណទាន និងការអនុម័តរបស់ធនាគារ វីង។
ភាពជាដៃគូនេះ បុរី ប៉េង ហួត ផ្តល់ជូនការបញ្ចុះតម្លៃផ្ទះ ១% ដល់អតិថិជនដែលទិញផ្ទះតាមរយៈកម្ចីគេហដ្ឋានពីធនាគារ វីង។ បុគ្គលិកធនាគារ វីង និងបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទាំងអស់ ក៏ទទួលបានការបញ្ចុះតម្លៃផ្ទះ ១% ផងដែរ។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃហត្ថលេខានេះរហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៧។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា «គោលដៅរបស់យើង គឺជួយសម្រួលរាល់ដំណើរឆ្ពោះ ទៅកាន់ការមានគេហដ្ឋានផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារនីមួយៗ ឱ្យកាន់តែមានភាពងាយស្រួល និងរលូនបំផុត។ ភាពជាដៃគូជាមួយបុរី ប៉េង ហួត គឺជាចំណុចចាប់ផ្តើមនៃបេសកកម្មដ៏មានអត្ថន័យមួយនេះ»។
ដំណើរការនៃការទិញផ្ទះ គឺចាប់ផ្តើមតាំងពីមុនពេលការស្នើសុំឥណទានទៅទៀត ដែលក្នុងនោះរួមមានទាំងការបង់ប្រាក់កក់ និងការបង់រំលស់ប្រចាំខែ។ ដូច្នេះហើយ ទើបកិច្ចសហការនេះ នឹងរៀបចំឱ្យមានការទូទាត់តាមបែបឌីជីថល ដើម្បីជួយសម្រួលដល់ការបង់ប្រាក់ទាំងពីរនេះឱ្យកាន់តែងាយស្រួល។ លើសពីនេះ ធនាគារ វីង ក៏នឹងផ្តល់សេវាបើកប្រាក់បៀវត្សជូនបុគ្គលិករបស់បុរី ប៉េង ហួត ព្រមទាំងត្រៀមខ្លួនផ្តល់សេវាប្រាក់បញ្ញើ និងឥណទានទុនបង្វិលគាំទ្រដល់អ្នកផ្គត់ផ្គង់ ក្រុមហ៊ុនម៉ៅការ និងដៃគូអាជីវកម្មនានា ដើម្បីធានាឱ្យដំណើរការសាងសង់ និងការលក់កាន់តែមានភាពរលូនផងដែរ។
លោកស្រី ហុង ដានី អគ្គនាយិកាបុរី ប៉េង ហួត បានមានប្រសាសន៍ថា «ចក្ខុវិស័យរបស់បុរី ប៉េង ហួត មិនត្រឹមតែផ្តោតលើការផ្តល់ជូន នូវគេហដ្ឋានដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការកសាងសហគមន៍ រស់នៅប្រកបដោយនិរន្តរភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាផងដែរ។ យើងយល់ថា ការមានគេហដ្ឋានផ្ទាល់ខ្លួន គឺជាក្តីស្រមៃ និងជាការសម្រេចចិត្តដ៏សំខាន់សម្រាប់គ្រួសារនីមួយៗ។ ដូច្នេះភាពជាដៃគូជាមួយធនាគារ វីង នឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់ ក្នុងការជួយសម្រួលដល់អតិថិជន ឱ្យអាចសម្រេចក្តីស្រមៃនៃការមានគេហដ្ឋានផ្ទាល់ខ្លួន និងបន្តកសាងអនាគតដ៏ប្រសើរសម្រាប់ ក្រុមគ្រួសាររបស់ពួកគេ»។
ក្នុងនាមជាធនាគារពាណិជ្ជ ដែលគ្រប់គ្រងដោយជានជាតិខ្មែរ ១០០% ធនាគារ វីង បានបម្រើអតិថិជនអស់រយៈពេល ១៨ឆ្នាំមកហើយ និងជាធនាគារពាណិជ្ជធំជាងគេមួយ ក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង ៥ នៅកម្ពុជា។ គិតត្រឹមខែតុលា ឆ្នាំ២០២៦ នេះ ប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើងដល់ ៣,៣ ពាន់ដុល្លារអាមេរិក ចំណែកឯទំហំឥណទានបានកើនដល់ ២,៨ ពាន់ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ធនាគារ វីង បានដំណើរការប្រតិបត្តិការហិរញ្ញវត្ថុជាង ៦៣៣ លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៥ ពាន់លានដុល្លារអាមេរិក។ ការទូទាត់ ការសន្សំ និងការខ្ចីប្រាក់ បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ របស់អតិថិជនរួចទៅហើយ ហើយកម្ចីទិញផ្ទះ គឺជាជំហានដ៏សំខាន់បន្ទាប់របស់ពួកគេ។
អតិថិជនដែលមានបំណងទិញគេហដ្ឋានពី បុរី ប៉េង ហួត សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិត ឬទំនាក់ទំនងមកកាន់លេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩ ដើម្បីសាកសួរព័ត៌មានលម្អិត អំពីកញ្ចប់ឥណទានទិញផ្ទះ៕


























