ព្រះខ័នរាជ បន្ដឈ្នះ Tampines ខណៈភ្នំពេញក្រោន ស្គាល់បរាជ័យក្នុងពាន ACL2
05-11-2026 22:03
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុម Tampines Rovers របស់សិង្ហបុរី ដោយលទ្ធផល ២-០ ស្របពេលក្រុមតំណាងកម្ពុជា ១ក្រុមទៀត គឺភ្នំពេញក្រោន បានរងបរាជ័យលើកដំបូង ទល់ក្រុមម្ចាស់ផ្ទះ Kitchee របស់ហុងកុង ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្រាប់ជំនួបជើងទី២ ក្នុងពូល G នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាយរៀងនៅតែធ្វើបានល្អ ដោយរកបាន ៣ពិន្ទុពេញពីក្រុមភ្ញៀវ បន្ទាប់ពីការវាយសម្រុកគ្នាពេញ ៩០នាទី ដោយរកបាន ២គ្រាប់ តាមរយៈការស៊ុតពីចម្ងាយរបស់កីឡាករ Tiago Alves នៅនាទី៣២ និងកីឡាករ Johannes Tartarotti នាទី៧៨។
រីឯក្រុម Tampines Rovers ក៏បានបង្កើតឱកាសគ្រោះថ្នាក់ជាច្រើនដែរ តែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមម្ចាស់ផ្ទះបានឡើយ។
ជ័យជម្នះនេះបានក្លាយជាដើមទុនដ៏សំខាន់សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការបន្ដក្ដីសង្ឃឹមប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយ។ បច្ចុប្បន្នក្រុមជើងឯកលីគកំពូលកម្ពុជា កំពុងឈរលេខ២ និងមាន ៧ពិន្ទុ លើក្រុម Shanghai Shenhua ដែលឈរលេខ៣ មាន ៤ពិន្ទុ បន្ទាប់ពីក្រុមរបស់ចិននេះ បានចាញ់ក្រុមខ្លាំង Machida Zelvia របស់ជប៉ុន ២-១ ធ្វើឲ្យក្រុម Machida Zelvia រក្សាកៅអីកំពូលតារាង និងបានកក់កៅអីវគ្គបន្ដដោយស្វ័យប្រវត្តិ ក្រោយរកបាន ១២ពិន្ទុពេញ។
ដោយឡែកក្រុមភ្នំពេញក្រោន វិញ បានរងបរាជ័យលើកដំបូង ជាមួយការប្រកួតប្រជែងដ៏ស្វិតស្វាញទល់ក្រុមម្ចាស់ផ្ទះ Kitchee។ ជំនួបជើងទី២ ក្នុងពូល H ត្រឹម ២នាទី កីឡាករ Ruslan Mingazov បានរកគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ស្របពេលចុងម៉ោង ភ្នំពេញក្រោន បានបាត់បង់សមាជិកម្នាក់ គឺកីឡាករ កើត ពេជ្រ ដែលរងពិន័យកាតក្រហម នៅនាទី៤៥។ បែបនេះក្ដីនៅវគ្គទី២ ភ្នំពេញក្រោន បានព្យាយាមវាយសម្រុកលើ Kitchee គួរឲ្យភ្ញាក់ផ្អើល រហូតរកបានគ្រាប់តាមស្មើ ដោយកីឡាករ Guytho Mijland នៅនាទី៨៦ តែសោកស្ដាយនៅចុងម៉ោង កីឡាករ Kendy ក៏បានបន្ថែមគ្រាប់ទី២ ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៩០+១ ជួយឲ្យ Kitchee ទទួលបានជ័យជម្នះវិញ ២-១ បន្ទាប់ពីរងបរាជ័យលើទឹកដីកម្ពុជា ២-០ កាលពីសប្ដាហ៍មុន។
ទោះបីរងបរាជ័យលើកដំបូង តែភ្នំពេញក្រោន នៅតែបន្ដឈរកំពូលតារាងពូល H ដោយរក្សា ៩ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងចាញ់១ លើក្រុម Kitchee ដែលបានរំកិលមកឈរលេខ២ និងមាន ៥ពិន្ទុ បន្ទាប់ពីក្រុម Gangwon FC របស់កូរ៉េខាងត្បូង បានចាញ់ក្រុមម្ចាស់ផ្ទះ Kuching City របស់ម៉ាឡេស៊ី ២-០។
ដូច្នេះភ្នំពេញក្រោន នៅតែមានសង្ឃឹមខ្ពស់ក្នុងការប្រជែងកៅអីវគ្គបន្ដ ប្រសិនបើពួកគេបន្ដធ្វើបានល្អនៅ ២ប្រកួតចុងក្រោយ៕









