Microsoft បដិសេធកិច្ចព្រមព្រៀង AI តម្លៃរាប់សិបពាន់លានដុល្លារជាមួយក្រុមហ៊ុន Nscale
06-11-2026 09:17
(បរទេស)៖ ក្រុមហ៊ុន Microsoft បានបដិសេធសំណើពង្រីកកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Nscale ឱ្យមានទំហំធំជាងមុនជាង ២ដង សម្រាប់ការជួលសមត្ថភាពគណនាកុំព្យូទ័រនៅមជ្ឈមណ្ឌលទិន្នន័យក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះធ្វើឱ្យកិច្ចព្រមព្រៀងដែលអាចមានតម្លៃរាប់សិបពាន់លានដុល្លារមិនអាចកើតឡើងបាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times និងចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការសម្រេចចិត្តនេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពី Microsoft បានដកខ្លួនចេញពីគម្រោងមជ្ឈមណ្ឌលទិន្នន័យដ៏ធំរបស់ Nscale នៅទីក្រុង Loughton ខេត្ត Essex ប្រទេសអង់គ្លេស ដោយសារការពន្យារពេលក្នុងការតភ្ជាប់ប្រព័ន្ធអគ្គិសនី ដែលអាចធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីត្រូវពន្យាររហូតដល់ទសវត្សរ៍ឆ្នាំ២០៣០។ ទោះជាយ៉ាងណា Reuters បានបញ្ជាក់ថា ខ្លួនមិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះបាននៅឡើយទេ ហើយ Microsoft និង Nscale ក៏មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ។
គួរបញ្ជាក់ថា Nscale ដែលទទួលបានការគាំទ្រពីក្រុមហ៊ុន Nvidia បានដាក់ពាក្យស្នើសុំបោះផ្សាយភាគហ៊ុនជាសាធារណៈជាលើកដំបូង (IPO) នៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ដោយ Microsoft និងក្រុមហ៊ុន Anthropic ត្រូវបានរំពឹងថា នឹងក្លាយជាអតិថិជនសំខាន់របស់ខ្លួន។ កាលពីខែមុន Reuters ក៏បានរាយការណ៍ថា Nscale កំពុងចរចាជាមួយ Anthropic ដែលជាក្រុមហ៊ុនបង្កើត AI Claude ដើម្បីផ្គត់ផ្គង់សមត្ថភាពគណនាសម្រាប់ AI ក្នុងកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃប្រមាណ ៤៥ពាន់លានដុល្លារ៕










