អតីតគ្រូបង្វឹកបារាំង Deschamps បដិសេធការងារនៅក្លិប Manchester United
06-11-2026 09:54
(បរទេស)៖ លោក Didier Deschamps ដែលបានដឹកនាំក្រុមជម្រើសជាតិមាន់គកបារាំង ឈ្នះជើងឯកពិភពលោក FIFA World Cup 2018 បានថ្លែងថា រូបលោកមិនចាប់អារម្មណ៍ការងារនៅក្លិបអាជីព Manchester United ឡើយ។
ពីគេហទំព័រកីឡា Mirror បានចេញផ្សាយថា គ្រូបង្វឹកសញ្ជាតិបារាំង វ័យ ៥៨ឆ្នាំរូបនេះ បានទំនេរពីការងារ ក្រោយចប់ World Cup 2026 នៅពេលក្រុមមាន់គកមួយនេះ បានត្រឹមចំណាត់ថ្នាក់លេខ៤ ក្នុងនាមជាជើងឯករងកាលឆ្នាំ២០២២ និងជើងឯក World Cup 2018 នៅប្រទេសរុស្ស៊ី។
ថ្មីៗនេះដែរ បិសាចក្រហមដែលកំពុងធ្លាក់ទម្រង់លេងខ្លាំង ស្ថិតក្រោមការដឹកនាំដោយលោក Michael Carrick ចង់មានការផ្លាស់ប្តូរដ៏ធំមួយ ដើម្បីរកអ្នកស្នងតំណែងលោក Carrick ទៀតផង។
ក្រោយពីដឹងថា ក្លិបអង់គ្លេសមួយនេះចង់បានលោកទៅដឹកនាំបន្ត Deschamps ក៏បានជូនពាក្យទៅបិសាចក្រហមវិញថា «រូបលោកនឹងមិនចាប់អារម្មណ៍ធ្វើការនៅកីឡដ្ឋាន Old Trafford ឡើយ»។
ទន្ទឹមគ្នានោះដែរ ខាងថ្នាក់ដឹកនាំ United ក៏បានដឹងពីរឿងនេះដែរ ដ្បិតលោក Carrick កំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការសង្រ្គោះកៅអីរបស់លោកឡើងវិញ នៅពេលរកបានជ័យជម្នះតែ ១លើកគត់ ក្នុងចំណោម ៩ប្រកួតនៅ Premier League រដូវកាលនេះ។
លោក Deschamps ដែលធ្លាប់ឈ្នះពាន World Cup 1998 កាលនៅជាកីឡាករបារាំង មុនដឹកនាំឈ្នះ World Cup 2018 ក្នុងនាមគ្រូបង្វឹកផងនោះ មិនធ្លាប់បានដឹកនាំក្លិបអាជីពណាទៀតឡើយ គិតចាប់តាំងពីលាឈប់ពីក្លិបបារាំង Marseille កាលឆ្នាំ២០១២ និងបានកំពុងសម្រាកលំហែ នៅពេលលោក Zinedine Zidane ចូលដឹកនាំបារាំងជំនួសកៅអីរបស់លោក៕



