ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
06-11-2026 10:34
(បរទេស)៖ ប្រទេសចិនបានសម្រេចរារាំងក្រុមហ៊ុនវិនិយោគជប៉ុន SoftBank មិនឱ្យបន្តកិច្ចព្រមព្រៀងទិញផ្នែកអាជីវកម្មមនុស្សយន្តរបស់ក្រុមហ៊ុនវិស្វកម្មស្វីស ABB ក្នុងតម្លៃ ៥,៤ពាន់លានដុល្លារ។ ការសម្រេចចិត្តនេះធ្វើឡើងដោយស្ថាប័នរៀបចំផែនការរដ្ឋរបស់ចិន បន្ទាប់ពីមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានចំពោះសន្តិសុខជាតិ។ នេះបើយោងតាមការបញ្ជាក់របស់ ABB និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
កាសែត Financial Times បានរាយការណ៍ថា អាជ្ញាធរចិនមានការព្រួយបារម្ភថា ទិន្នន័យពីប្រព័ន្ធមនុស្សយន្តអាចត្រូវបានផ្ទេរទៅក្រៅប្រទេស និងយកទៅប្រើសម្រាប់បង្រៀនម៉ូដែលបញ្ញាសិប្បនិម្មិត (AI) រួមទាំងម៉ូដែលរបស់ក្រុមហ៊ុន OpenAI ដែល SoftBank ជាវិនិយោគិនធំមួយផងដែរ។ ការរារាំងនេះក៏ជាឧបសគ្គដល់យុទ្ធសាស្ត្រវិនិយោគរបស់នាយកប្រតិបត្តិ SoftBank លោក Masayoshi Son ដែលចាត់ទុកវិស័យមនុស្សយន្តជាផ្នែកស្នូលនៃការវិនិយោគលើ AI របស់ក្រុមហ៊ុន។
នេះគឺជាកិច្ចព្រមព្រៀងធំទី២ ដែលចិនរារាំងនៅឆ្នាំនេះ បន្ទាប់ពីបានបញ្ជាឱ្យក្រុមហ៊ុន Meta លុបចោលការទិញយកក្រុមហ៊ុន AI Manus ក្នុងតម្លៃជាង ២ពាន់លានដុល្លារ។ ការសម្រេចចិត្តនេះកើតឡើងចំពេលចិនកំពុងរឹតបន្តឹងការត្រួតពិនិត្យលើការវិនិយោគបរទេសនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាទំនើបៗ។ គួរបញ្ជាក់ថា ចិនជាទីផ្សារមនុស្សយន្តធំបំផុតរបស់ ABB ដែលមានចំណែកប្រមាណ ៣០% នៃអាជីវកម្មមនុស្សយន្តរបស់ក្រុមហ៊ុន។
ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ ភាគហ៊ុនរបស់ ABB បានធ្លាក់ចុះ ១,១% ខណៈភាគហ៊ុនរបស់ SoftBank បានធ្លាក់ចុះ ៦,៨% នៅពេលបិទការជួញដូរ។ ទន្ទឹមនឹងនេះ ABB បានបញ្ជាក់ថា ខ្លួន និង SoftBank កំពុងរក្សាការពិភាក្សាយ៉ាងជិតស្និទ្ធ និងបន្តធ្វើការពាក់ព័ន្ធនឹងប្រតិបត្តិការនេះ៕











