* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត
* Microsoft បដិសេធកិច្ចព្រមព្រៀង AI តម្លៃរាប់សិបពាន់លានដុល្លារជាមួយក្រុមហ៊ុន Nscale
* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI

ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ចាត់ទុកពានឯកអគ្គរដ្ឋទូតកូរ៉េ ជាវេទិការពង្រឹងសមត្ថភាពអត្តពលិក ត្រៀមស៊ីហ្គេម

06-11-2026 11:03

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានចាត់ទុកការប្រកួតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ គឺជាវេទិកាដ៏មានសារៈសំខាន់មួយ ក្នុងការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអត្តពលិកកម្ពុជា សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣៤ នាឆ្នាំ២០២៧ ខាងមុខ។

ការគូសបញ្ជាក់នេះបន្ទាប់ពីលោកឧបនាយករដ្ឋមន្ដ្រី និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េឆ្នាំ២០២៦ នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកានៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ ការប្រកួតនេះមានរយៈពេល ១ថ្ងៃពេញ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨០នាក់ មកពី ១០ក្លិប និង ៣រាជធានី-ខេត្ត។

ក្នុងនាមក្រសួងអប់រំ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែករៀបចំការប្រកួតនេះឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ក៏ដូចជាស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ការឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ WT នៅកម្ពុជា។

ជាមួយការប្រកួតប្រចាំឆ្នាំនេះដែរបានបង្ហាញពីការវិវឌ្ឍថ្មីមួយទៀត ក្នុងការបញ្ចូលវិញ្ញាសាតេក្វាន់ដូនិម្មិត ឆ្លើយតបដំណើរវិវឌ្ឍចុងក្រោយ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាទំនើប ជាមួយក្បាច់គុនប្រពៃណី ហើយវិញ្ញាសានេះក៏ទើបត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុនកាលពីថ្មីៗ ហើយក៏គ្រោងនឹងដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ីផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «ការប្រកួតនេះជាឱកាសដ៏សំខាន់សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព បច្ចេកទេស និងទេពកោសល្យ ព្រមទាំងវាស់ស្ទង់កម្រិតបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព និងត្រៀមខ្លួនចូលរួមការប្រកួតកីឡាជាលក្ខណៈអន្តរជាតិនានា ជាពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ខាងមុខ»។

ទន្ទឹមជាមួយគ្នាលោកបានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ឱ្យបន្តខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព និងរក្សាស្មារតីកីឡា ដោយសង្កត់ធ្ងន់ថា ការប្រកួតតែងតែមានចាញ់ និងមានឈ្នះ ហើយអ្នកដែលមិនទទួលបានជយលាភីមិនត្រូវបាក់ទឹកចិត្តឡើយ ប៉ុន្តែត្រូវយកបទពិសោធពីការប្រកួតជាមេរៀនសម្រាប់ការអភិវឌ្ឍខ្លួន និងត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខ ព្រោះក្រៅពីលទ្ធផល កីឡាក៏ជាមធ្យោបាយក្នុងការកសាងចំណងមិត្តភាព សាមគ្គីភាព និងការរួបរួមគ្នាផងដែរ។

ដោយឡែកលោក Kim Chang Yong ក៏បានអរគុណថ្នាក់ដឹកនាំក្រសួងអប់រំ សហព័ន្ធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នារៀបចំការប្រកួតនេះដោយជោគជ័យ និងបានបង្ហាញសេចក្ដីរីករាយចំពោះការដាក់បញ្ចូលវិញ្ញាសាតេក្វាន់ដូនិម្មិតជាលើកដំបូងក្នុងការប្រកួតឆ្នាំនេះ ដែលជាការបង្ហាញពីការវិវឌ្ឍរបស់កីឡាតេក្វាន់ដូពីទម្រង់បែបប្រពៃណីទៅជាកីឡាអន្តរជាតិទំនើប តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗ។ ក្នុងន័យនេះលោកក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់សាធារណរដ្ឋកូរ៉េក្នុងការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូនៅកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធទៀតផង៕