ទោះបីឈ្នះ Tampines តែទម្រង់លេងព្រះខ័នរាជ ខុសការរំពឹងឆ្ងាយ ដែលទាមទារការអភិវឌ្ឍន៍បន្ថែម ដើម្បីមានឱកាសឡើងវគ្គបន្ដ
06-11-2026 11:54
(ភ្នំពេញ)៖ ទោះបីព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុម Tampines Rovers ២-០ ក្នុងជំនួបជើងទី២ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 តែលោក Matthew McConkey ហាក់មិនពេញចិត្តទម្រង់លេងរបស់កូនក្រុមឡើយ ព្រោះខុសឆ្ងាយពីការរំពឹងទុក ដែលទាមទារនូវការអភិវឌ្ឍបន្ថែមនាប្រកួតក្រោយ ដើម្បីមានឱកាសឡើងទៅវគ្គបន្ដ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតនារាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានលើកឡើងថា «យើងអបអរសាទរដែលយើងឈ្នះ និងទទួលបាន ៣ពិន្ទុថ្ងៃនេះ តែបើនិយាយពីការលេង គឺឆ្ងាយពីអ្វីដែលយើងបានរំពឹងទុក ព្រោះក្នុងការប្រកួតមានស្ថានភាព និងកាលៈទេសៈមួយចំនួន ដែលយើងធ្វើបានល្អដោយផ្នែក ហើយផ្នែកខ្លះ យើងក៏ធ្វើអត់សូវបានល្អ។ ក្រោយទទួលបាន ៣ពិន្ទុបន្ថែម អ្វីៗផ្សេងទៀត គឺស្ថិតក្នុងដៃពួកយើង ដើម្បីត្រៀមការប្រកួតបន្ទាប់ និងឡើងទៅវគ្គបន្ដ។ អ៊ីចឹងមានចំណុចមួយចំនួន ត្រូវការអភិវឌ្ឍន៍បន្ថែម បន្ទាប់ពីការប្រកួតនេះ»។
បែបនេះក្ដីលោក Nazri Nasir គ្រូបង្វឹកក្រុម Tampines Rovers នៅតែសរសើរក្រុមជើងឯកលីគកំពូលកម្ពុជាមួយនេះ ពិតជាធ្វើបានល្អ។ លោកថា គ្រប់បេក្ខភាពក្នុងពូល G សុទ្ធតែជាក្រុមល្អ ក្នុងនោះព្រះខ័នរាជស្វាយរៀង គឺដូចគ្នា។ ជាក់ស្ដែងក្នុងការប្រកួតជើងទី២ នេះ ទោះបីក្រុមខ្លួនបានព្យាយាម និងខំប្រឹងអស់ពីសមត្ថភាព ហើយខុសប្លែកកាលពីជើងទី១ យ៉ាងណា ក៏មិនអាចយកឈ្នះបាន។ មិនតែប៉ុណ្ណោះ លោកក៏បានជូនពរឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឆ្លងផុតទៅវគ្គបន្ដទៀតផង។
គួរដឹងថា ក្រោយបន្ដជ័យជម្នះ ២-០ ក្នុងដីលើក្រុមខ្លាំងសិង្ហបុរីខាងលើ ព្រះខ័នរាជស្វាយរៀង បានបន្ដឈរលេខ២ ក្នុងពូល G ដោយរកបាន ៧ពិន្ទុ ក្រោមក្រុមកំពូលតារាង Machida Zelvia របស់ជប៉ុន ដែលមាន ១២ពិន្ទុពេញ ក្រោយបន្ដជ័យជម្នះលើកទី៤ របស់ខ្លួនលើគូប្រជែង Shanghai Shenhua របស់ចិន ដោយលទ្ធផល ២-១។
លទ្ធផលពេលនេះបានធ្វើឲ្យស្វាយរៀង រក្សាបាននូវឱកាសដើម្បីប្រជែងកៅអីវគ្គបន្ដ តែក៏ត្រូវធ្វើការងារធ្ងន់នៅ ២ប្រកួតចុងក្រោយ ដែលត្រូវជួប Machida Zelvia នាថ្ងៃទី២៦ ខែវិច្ឆិកា និងជួបក្រុម Shanghai Shenhua នាថ្ងៃទី០៣ ខែធ្នូខាងមុខ ដើម្បីរក្សាបាននូវឱកាសមាសនេះផងដែរ៕









