SpaceX ត្រៀមវាយប្រហារទីផ្សារ 5G អាមេរិក ដោយចាប់ដៃ Qualcomm បង្កើតបណ្តាញ Starlink Mobile
06-11-2026 13:21
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Qualcomm បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានជ្រើសរើសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចល័ត Dragonwing របស់ខ្លួន ដើម្បីយកទៅសាងសង់បណ្តាញទូរស័ព្ទចល័ត 5G លើដីគោកទូទាំងអាមេរិក សម្រាប់សេវាកម្ម Starlink Mobile ក្នុងគោលដៅប្រកួតប្រជែងដោយផ្ទាល់ជាមួយក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍យក្សៗនៅអាមេរិក ដូចជា AT&T, T-Mobile និង Verizon។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន GSMArena កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ស្ថានីយ៍អង់តែនរបស់ Starlink Mobile នឹងត្រូវកសាងឡើងដោយផ្អែកលើផ្លែតហ្វត Qualcomm Dragonwing QRU100 និង QDU100 រួមជាមួយកម្មវិធី Layer 1 ស្ដង់ដារពាណិជ្ជកម្ម។ បណ្តាញនេះនឹងប្រើប្រាស់បច្ចេកវិទ្យា Massive MIMO ដែលមានផ្លូវបញ្ជូន និងទទួលសញ្ញាចំនួន ៦៤ ដើម្បីបង្កើនទំហំគ្របដណ្តប់ ស្ថិរភាពសេវា និងប្រសិទ្ធភាពនៃការប្រើប្រាស់រលកសញ្ញា។
SpaceX មានផែនការចាប់ផ្តើមដាក់ពង្រាយស្ថានីយ៍អង់តែន 5G លើដីគោកទូទាំងសហរដ្ឋអាមេរិកចាប់ពី ឆ្នាំ២០២៧ តទៅ តាមរយៈការដំឡើងស្ថានីយ៍រាប់ម៉ឺនកន្លែង។ ទោះបីជាកិច្ចព្រមព្រៀងបច្ចុប្បន្នផ្តោតលើ 5G ក៏ដោយ ប៉ុន្តែក្រុមហ៊ុនទាំងពីរបានចាត់ទុកនេះជាជំហានពាណិជ្ជកម្មដំបូងឈានទៅរកការបង្កើត «ហេដ្ឋារចនាសម្ព័ន្ធ 6G បែប AI-native» នាពេលអនាគត។
លោក Michael Nicolls អនុប្រធានជាន់ខ្ពស់របស់ Starlink បានបញ្ជាក់ថា គោលដៅរបស់ Starlink គឺការបង្កើត «បណ្តាញផ្កាយរណប និងដីគោកដែលតភ្ជាប់គ្នាពេញលេញជាលើកដំបូង» ដើម្បីលុបបំបាត់បញ្ហាសេវាធ្លាក់ចុះ។ កាលពីពេលថ្មីៗនេះ SpaceX ក៏បានទិញយករលកសញ្ញាប្រកាស Spectrum 800MHz សម្រាប់គ្របដណ្តប់ក្នុងអគារ ព្រមទាំងមានរបាយការណ៍ថា អាចនឹងទិញយកក្រុមហ៊ុន Boost Mobile ពី EchoStar ដើម្បីពន្លឿនការក្លាយខ្លួនជាប្រតិបត្តិករទូរគមនាគមន៍ពេញលេញ៕







