បន្ទាប់ពីដឹងថា ជាជំងឺមហារីក៖ តើយើងគួរធ្វើអ្វីបន្តទៀត?
07-11-2026 09:00
(ភ្នំពេញ)៖ នៅពេលលទ្ធផលតេស្តចេញមក ហើយគ្រូពេទ្យប្រាប់មកថា «វាជាជំងឺមហារីក» ភាពស្ងប់ស្ងាត់ និងទឹកមុខក្រៀមក្រមក៏ចាប់ផ្តើមលេចឡើង។ ការផ្តល់ដំណឹងបន្តទៅកាន់សាច់ញាតិ តាមរយៈទូរស័ព្ទជាមួយសំឡេងខ្សឹបខ្សួល លាយឡំនឹងភាពអួលដើមក បានឮឡើងនៅមុខបន្ទប់ពិគ្រោះជំងឺ។ ហើយសំណួរដំបូងដែលកើតមានក្នុងចិត្តភ្លាមៗនោះគឺ៖ «តើយើងត្រូវធ្វើអ្វីបន្តទៀត? តើយើងត្រូវទៅព្យាបាលនៅឯណា នៅក្នុងប្រទេស ឬក្រៅប្រទេស»?

នេះជាស្ថានភាពដែលកើតឡើងចំពោះក្រុមគ្រួសារជាច្រើនក្នុងប្រទេសកម្ពុជា។ វាជាការសម្រេចចិត្តដ៏លំបាកមួយ ក្រោមព័ត៌មាន និងមតិយោបល់ដែលទទួលបានមកគ្រប់ទិសទី ទាំងសាច់ញាតិ មិត្តភក្តិ និងបងប្អូនជិតឆ្ងាយ បូករួមទាំងសម្ពាធលើកត្តាហិរញ្ញវត្ថុ និងឧបសគ្គផ្សេងៗ។ បើសិនជាមានការជំរុញឱ្យទៅព្យាបាលនៅក្រៅប្រទេស ការពិចារណានិងឧបសគ្គស្មុគស្មាញ កាន់តែតឹងតែងឡើងរាប់រយដង ដែលកត្តាទាំងនេះអាចបណ្តាលឱ្យមានភាពស្ទាក់ស្ទើរ ការពន្យារពេល ឬរហូតដល់ការបោះបង់មិនទទួលការព្យាបាលតែម្តង។
ប៉ុន្តែ នេះមិនមែនមានន័យថាគ្មានច្រកចេញនោះទេ។ មិនថាអ្នកជ្រើសរើសការព្យាបាលនៅទីណានោះទេ ការទទួលបានព័ត៌មានដែលត្រឹមត្រូវ និងច្បាស់លាស់អំពីស្ថានភាពជំងឺ គឺជាគន្លឹះសំខាន់បំផុតសម្រាប់ការសម្រេចចិត្ត។ ខាងក្រោមនេះ ជាសំនួរមួយចំនួនដែលអាចអោយអ្នកមានមូលដ្ឋាន និងជាជំនួយដល់ការពិចារណា ដាក់ជាធាតុផ្សំក្នុងការសម្រេចចិត្តរបស់អ្នក៖
១៖ តើជំងឺនេះស្ថិតនៅដំណាក់កាលណា ហើយយើងចាំបាច់ត្រូវសម្រេចចិត្តលឿនប៉ុណ្ណា?
(មិនមែនគ្រប់ករណីសុទ្ធតែតម្រូវឱ្យធ្វើការសម្រេចចិត្តដោយការភ័យខ្លាច ឬប្រញាប់ប្រញាល់នោះទេ)
២៖ តើដំណើរការព្យាបាលប្រព្រឹត្តទៅយ៉ាងដូចម្តេច ហើយសមាជិកគ្រួសារអាចនៅក្បែរមើលថែបានដែរឬទេ?
៣៖ តើវេជ្ជបណ្ឌិតដែលនឹងព្យាបាល មានបទពិសោធន៍ជាក់លាក់អ្វីខ្លះចំពោះជំងឺមហារីកប្រភេទនេះទេ?
ជាការពិតណាស់ ជម្រើសក្នុងការព្យាបាលនឹងពឹងផ្អែកទៅលើកត្តា និងស្ថានភាពជាច្រើនរបស់គ្រួសារអ្នកជំងឺ យ៉ាងណាមិញ ក្នុងស្មារតីគាំទ្រលើវិស័យសុខាភិបាលកម្ពុជា ការព្យាបាលក្នុងប្រទេសគឺជាជម្រើសដែលយើងលើកទឹកចិត្តឱ្យមានក្នុងការពិចារណា ថ្លឹងថ្លែង និងសមស្របសម្រាប់ប្រជាជនទូទៅ។
ស្របតាមការអភិវឌ្ឍន៍ឥតឈប់ឈរនៃវិស័យសុខាភិបាលកម្ពុជា មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូរជាច្រើន បាននាំមកនូវការបច្ចេកវិទ្យាជំនាញ និងការព្យាបាលស្របតាមស្តង់ដារអន្តរជាតិ មកនៅក្នុងប្រទេសជាបន្តបន្ទាប់ ហើយក្នុងនោះ មន្ទីរពេទ្យ ជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ ក៏ជាផ្នែកមួយនៃវិស័យសុខាភិបាលក្នុងប្រទេសផងដែរ ដែលបាននិងកំពុងផ្តល់ជូននូវការព្យាបាលតាម ស្តង់ដារវេជ្ជសាស្ត្រជប៉ុន នៅក្បែរផ្ទះអ្នកបំផុត។

អ្នកជំងឺ និងគ្រួសារអាចពិគ្រោះយោបល់យ៉ាងច្បាស់លាស់ ជាមួយវេជ្ជបណ្ឌិតឯកទេស ស្របតាមស្តង់ដាប្រទេសជប៉ុន ដោយមិនចាំបាច់ឃ្លាតឆ្ងាយពីផ្ទះ ឬធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ។ ឈរលើស្មារតីគាំទ្រវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន ពួកយើងបាននឹងបន្តរួមចំណែកពង្រឹងវិស័យសុខាភិបាលក្នុងស្រុក និងនាំជូនវិស័យសុខាភិបាលស្តង់ដារជប៉ុន ដើម្បីបម្រើជូនប្រជាជនកម្ពុជាដោយក្តីស្រឡាញ់ និងទំនុកចិត្ត៕


