* ចំណេះដឹងទូទៅ៖ នរណាជាអ្នកដែលទៅឃើញអង្គរមុនគេ?
* Tesla គ្រោងបញ្ឈប់ការផលិត Cybertruck នៅឆ្នាំ២០២៧ ក្រោយការលក់ធ្លាក់ចុះខ្លាំង
* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត

Tesla គ្រោងបញ្ឈប់ការផលិត Cybertruck នៅឆ្នាំ២០២៧ ក្រោយការលក់ធ្លាក់ចុះខ្លាំង

07-11-2026 10:50

(បរទេស)៖ ក្រុមហ៊ុន Tesla គ្រោងបញ្ឈប់ការផលិតរថយន្តភីកអាប់អគ្គិសនី Cybertruck នៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នៅពាក់កណ្តាលឆ្នាំ២០២៧ បន្ទាប់ពីការលក់មិនសម្រេចបានតាមការរំពឹងទុកអស់ជាច្រើនឆ្នាំ។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Elon Musk បានបញ្ជាក់ថា ការសម្រេចចិត្តនេះនឹងជួយឱ្យ Tesla បង្កើនការផលិតរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ Cybercab ដែលជាគម្រោងសំខាន់ក្នុងផែនការអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន។ នេះបើយោងយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៧​ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមទិន្នន័យពី Kelley Blue Book Tesla លក់ Cybertruck បានត្រឹមតែ ២០,២៣៧ គ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ ធ្លាក់ចុះ ៤៨% បើធៀបនឹងឆ្នាំ២០២៤ ដែលលក់បាន ៣៨,៩៦៥ គ្រឿង។ តួលេខនេះខុសឆ្ងាយពីគោលដៅដែលលោក Musk ធ្លាប់រំពឹងថា អាចលក់បាន ២៥០,០០០ គ្រឿងក្នុងមួយឆ្នាំ។ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Aston Martin លោក Andy Palmer បាននិយាយថា «វាគ្មានហេតុផលអ្វីដែលត្រូវបន្តផលិតវាទៀតទេ នៅពេលដែលវាមិនអាចសម្រេចបានតាមគោលដៅ។ អ្នកជំនាញក្នុងវិស័យរថយន្តដែលគិតដោយហេតុផលទាំងអស់នឹងនិយាយដូចគ្នា»។

Cybertruck ក៏បានប្រឈមនឹងការរិះគន់ចាប់តាំងពីបង្ហាញខ្លួនក្នុងឆ្នាំ២០១៩ ដោយសាររូបរាងជ្រុងមុត និងការលំបាកក្នុងការទទួលបានការអនុញ្ញាតលក់នៅទីផ្សារអឺរ៉ុប ព្រោះការរចនារបស់វាមិនស្របតាមបទប្បញ្ញត្តិសុវត្ថិភាពសម្រាប់អ្នកថ្មើរជើង។ លើសពីនេះ Tesla បានប្រកាសប្រមូលរថយន្ត Cybertruck ចំនួន ១១ លើក ចាប់តាំងពីដាក់លក់នៅចុងឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗ។ អ្នកវិភាគរថយន្ត Felipe Munoz បានលើកឡើងថា រថយន្តភីកអាប់អគ្គិសនីរបស់ក្រុមហ៊ុន Ford និងក្រុមហ៊ុនផ្សេងៗក៏មិនទទួលបានជោគជ័យដែរ ដោយសាររថយន្តប្រភេទនេះមិនទាន់មានប្រជាប្រិយភាពនៅទីផ្សារអាមេរិក។

ទន្ទឹមនឹងនេះ Tesla កំពុងបង្វែរការផ្តោតសំខាន់ទៅលើ Cybercab ដែលជារថយន្តតាក់ស៊ីអគ្គិសនីមានកៅអីពីរ គ្មានចង្កូត និងឈ្នាន់បញ្ជា ហើយអាចបើកបរដោយស្វ័យប្រវត្តិ។ ក្រុមហ៊ុនបានចាប់ផ្តើមផ្តល់សេវាជិះ Cybercab ដោយគិតថ្លៃនៅទីក្រុង Austin កាលពីខែកញ្ញា ប៉ុន្តែរថយន្តនេះនៅតែប្រឈមនឹងការត្រួតពិនិត្យផ្នែកសុវត្ថិភាពពីអាជ្ញាធរអាមេរិក។ បច្ចុប្បន្ន ក្នុងចំណោមរថយន្តតាក់ស៊ីស្វ័យប្រវត្តិ Tesla ជាង ១,២០០ គ្រឿងដែលកំពុងដំណើរការនៅរដ្ឋតិចសាស់ មានប្រហែល ៥៧០ គ្រឿងជាម៉ូដែល Cybercab៕