ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលចំនួន ៨ម៉ាក របស់យូនីលីវើ នៅកម្ពុជា
07-11-2026 10:58
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ឬ UNILEVER (CAMBODIA) LIMITED លើផលិតផលចំនួន 8 ម៉ាក របស់យូនីលីវើ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖
1. BREEZE
2. CLEAR
3. DOVE
4. LUX
5. SIGNAL
6. VASELINE
7. POND’S
8. SUNLIGHT
ការទទួលស្គាល់នេះ ត្រូវបានធ្វើឡើងដោយក្រសួងពាណិជ្ជកម្ម ដោយផ្អែកលើឯកសារ និងលិខិតប្រគល់សិទ្ធិពាក់ព័ន្ធពី Unilever Global IP Limited ដែលជាម្ចាស់កម្មសិទ្ធិម៉ាក ដូចមានចែងក្នុងលិខិតផ្លូវការដែលក្រសួងបានកត់ត្រា និងតម្កល់ទុក។
ការទទួលស្គាល់សិទ្ធិនេះ បញ្ជាក់ពីសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយផលិតផលដែលមានម៉ាកទាំង៨ ខាងលើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ការនាំចូល ឬចែកចាយផលិតផលម៉ាកទាំងនេះដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕




