* ចំណេះដឹងទូទៅ៖ នរណាជាអ្នកដែលទៅឃើញអង្គរមុនគេ?
* Tesla គ្រោងបញ្ឈប់ការផលិត Cybertruck នៅឆ្នាំ២០២៧ ក្រោយការលក់ធ្លាក់ចុះខ្លាំង
* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត

អ្នកស្រាវជ្រាវបង្ហើបអាថ៌កំបាំងក្នុង iPhone៖ Apple មានបញ្ជីពាក្យជិត ១០ម៉ឺនដែលមិនណែនាំ រួមទាំង «Dictator Trump» និង «Sleepy Joe»

07-11-2026 12:24

(បរទេស)៖ អ្នកស្រាវជ្រាវបានរកឃើញថា ក្រុមហ៊ុន Apple មានបញ្ជីពាក្យ និងឃ្លាប្រហែល ១០០,០០០ ដែលត្រូវបានកំណត់មិនឱ្យក្តារចុច iPhone ណែនាំដោយស្វ័យប្រវត្តិ ឬវាយតាមរយៈការអូសម្រាមដៃលើក្តារចុច។ បញ្ជីនេះមិនមែនជាការហាមឃាត់អ្នកប្រើប្រាស់មិនឱ្យវាយពាក្យទាំងនោះទេ ប៉ុន្តែជាការកំណត់លើមុខងារណែនាំពាក្យរបស់ប្រព័ន្ធ។ ពាក្យដែលត្រូវបានដាក់កម្រិតភាគច្រើនពាក់ព័ន្ធនឹងការប្រមាថ គ្រឿងញៀន ការរួមភេទ និងអំពើហិង្សា ប៉ុន្តែក៏មានឃ្លានយោបាយដូចជា «Dictator Trump» និង «Sleepy Joe» ផងដែរ។ នេះបើតាមការស្រាវជ្រាវរបស់លោក Derik Kauffman ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Kauffman បាននិយាយថា «វាជាទម្រង់នៃការត្រួតពិនិត្យពាក្យពេចន៍ដ៏ស្រាលមួយ ប៉ុន្តែដោយសារតែ Apple មានអ្នកប្រើប្រាស់ច្រើនរាប់រយលាននាក់ ការកែសម្រួលតិចតួចបែបនេះក៏អាចមានឥទ្ធិពលយ៉ាងខ្លាំងដែរ»។ ក្រៅពីនេះ បញ្ជីក៏មានឃ្លា «Tibetan independence» (ឯករាជ្យភាពទីបេ) និង «United Ireland» (អៀរឡង់រួបរួម) ផងដែរ។ ចំណែកក្រុមហ៊ុន Apple មិនបានបញ្ជាក់ពីទំហំ ឬមូលហេតុដែលខ្លួនដាក់ពាក្យទាំងនេះក្នុងបញ្ជីនោះទេ ប៉ុន្តែបានបញ្ជាក់ថា អ្នកប្រើប្រាស់នៅតែអាចវាយពាក្យតាមចិត្ត និងរំលងការណែនាំរបស់ក្តារចុចបាន។

លោក Kauffman បានរកឃើញបញ្ជីនេះកាលពីខែកញ្ញា បន្ទាប់ពីសង្កេតឃើញថា មុខងារវាយអក្សរដោយអូសម្រាមដៃលើក្តារចុចមិនដំណើរការល្អចំពោះពាក្យមួយចំនួន។ ក្រោយមក លោកបានប្រើឧបករណ៍ Codex របស់ OpenAI និង Claude Code របស់ Anthropic ដើម្បីស្វែងរកមូលហេតុ ហើយរកឃើញបញ្ជីពាក្យដែលលាក់នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ Apple។ ការសាកល្បងរបស់ Reuters លើ iPhone ក៏បានរកឃើញថា ពាក្យមួយចំនួនពិបាកវាយតាមរយៈការអូសម្រាមដៃ ឬត្រូវបានប្តូរទៅជាពាក្យផ្សេង។ វិស្វករម្នាក់ឈ្មោះ Matt Suiche ក៏បានរកឃើញបញ្ជីដូចគ្នាដោយឯករាជ្យ និងបញ្ជាក់ថា លទ្ធផលស្របគ្នាស្ទើរតែទាំងស្រុងនឹងការរកឃើញរបស់លោក Kauffman។

ទាក់ទងនឹងបញ្ហានេះ លោក David Greene ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការ Electronic Frontier Foundation ដែលធ្វើការលើសិទ្ធិសេរីភាពឌីជីថល បានលើកឡើងថា ការដាក់កម្រិតពាក្យអាចជួយទប់ស្កាត់ការណែនាំឃ្លាប្រមាថ ឬបង្កជម្លោះ ប៉ុន្តែអ្នកប្រើប្រាស់គួរតែទទួលបានព័ត៌មានច្បាស់លាស់អំពីការកំណត់នេះ។ លោកបានបញ្ជាក់ថា «ប្រសិនបើក្រុមហ៊ុនចង់អនុវត្តវិធីសាស្ត្រនេះ អ្នកប្រើប្រាស់គួរតែដឹងអំពីវាឱ្យបានច្បាស់ និងមានសិទ្ធិកែសម្រួលការកំណត់នេះខ្លះផង។ រឿងនេះមិនគួរត្រូវបានលាក់ទុកជាសម្ងាត់នោះទេ»៕