* នាយកប្រតិបត្តិជាន់ខ្ពស់ Google លាលែងពីក្រុមប្រឹក្សាភិបាល SpaceX ក្រោយកាន់តំណែងជាង ១០ឆ្នាំ ដោយសារទំនាស់ផលប្រយោជន៍
* រង្គើពិភពបច្ចេកវិទ្យា! Nvidia បើកការស៊ើបអង្កេតលើ CEO ខ្លួនឯង ក្រោយលេចពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងចារកម្មចិន
* យល់ដឹងផ្នែកច្បាប់៖ នីតិវិធីពន្លឿននៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

រង្គើពិភពបច្ចេកវិទ្យា! Nvidia បើកការស៊ើបអង្កេតលើ CEO ខ្លួនឯង ក្រោយលេចពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងចារកម្មចិន

09-11-2026 10:12

(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបច្ចេកវិទ្យាយយក្សធំអាមេរិក Nvidia បានសម្រេចចិត្តបើកការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីពិនិត្យមើលថាតើនាយកប្រតិបត្តិ និងជាស្ថាបនិក លោក Jensen Huang បានក្លាយជាគោលដៅនៃកិច្ចខិតខំប្រឹងប្រែងផ្នែកចារកម្មបរទេស ឬយ៉ាងណា បន្ទាប់ពីមានរបាយការណ៍ចោទប្រកាន់ថា លោកមានទំនាក់ទំនងស្នេហាជាមួយស្ត្រីជនជាតិចិនម្នាក់ ដែលត្រូវបានសង្ស័យថា ជាភ្នាក់ងារសម្ងាត់របស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រុមប្រឹក្សាភិបាលរបស់ Nvidia បានបង្កើតគណៈកម្មាធិការដឹកនាំដោយនាយកឯករាជ្យ ដោយមានការជួយជ្រោមជ្រែងពីទីប្រឹក្សាច្បាប់ខាងក្រៅ ដើម្បីពិនិត្យមើលរាល់ព័ត៌មាន និងភស្តុតាងដែលមាន។

ជាការឆ្លើយតបនឹងរឿងអាស្រូវនេះ លោក Jensen Huang (អាយុ ៦៣ឆ្នាំ) បានចេញមុខសារភាពជាសាធារណៈ និងផ្ញើសារ សារភាពកំហុសទៅកាន់បុគ្គលិក ដោយបញ្ជាក់ថា៖ «ខ្ញុំពិតជាមានភាពមិនស្មោះត្រង់នឹងភរិយាខ្ញុំមែន។ ទង្វើរបស់ខ្ញុំបានធ្វើឱ្យប៉ះពាល់ដល់គ្រួសាររបស់ខ្ញុំ ហើយគ្មានការអភ័យទោសណាមួយសម្រាប់ទង្វើនេះឡើយ។ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង»។ លោកក៏បានប្រកាសថា នឹងផ្ដល់កិច្ចសហការយ៉ាងពេញលេញជាមួយការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាភិបាលផងដែរ។

ទោះបីជាមានការស៊ើបអង្កេតក៏ដោយ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ Nvidia បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួន «គ្មានហេតុផលណាមួយដែលត្រូវជឿជាក់ថា សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ឬអាថ៌កំបាំងរបស់ក្រុមហ៊ុនត្រូវបានបែកធ្លាយនោះឡើយ»។ ក្រុមហ៊ុនបានពន្យល់ថា លោក Jensen Huang តែងតែជួបសន្ទនាជាមួយថ្នាក់ដឹកនាំរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ហើយអតិថិជនកម្រិត Cloud ក្នុងតំបន់អាស៊ីទទួលបានត្រឹមតែព័ត៌មានអាជីវកម្មធម្មតាប៉ុណ្ណោះ មិនមែនជាអាថ៌កំបាំងបច្ចេកវិទ្យា ឬព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិនោះទេ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងការពារលោក Jensen Huang ដោយហៅលោកថា ជា «បុរសដ៏គួរឱ្យគោរពម្នាក់» និងបានលើកសរសើរពីការរួមចំណែកដ៏ធំធេងរបស់លោកដល់សហរដ្ឋអាមេរិក ប៉ុន្តែបានបញ្ជាក់ថា លោកមិនទាន់បានជជែកផ្ទាល់ជាមួយលោក Jensen Huang ពាក់ព័ន្ធនឹងការចោទប្រកាន់នេះនៅឡើយទេ។

សមាជិកសភាអាមេរិកខាងគណបក្សសាធារណរដ្ឋមួយចំនួន បានអំពាវនាវឱ្យលោក Jensen Huang ចូលខ្លួនមកបំភ្លឺ និងរាយការណ៍ជូនសភាទាក់ទងនឹងបញ្ហានេះក្នុងខែវិច្ឆិកានេះផងដែរ ស្របពេលដែលក្រុមហ៊ុន Nvidia កំពុងស្ថិតក្រោមសម្ពាធទីផ្សារ និងការរឹតបន្តឹងកាន់តែខ្លាំងលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន៕