នាយកប្រតិបត្តិជាន់ខ្ពស់ Google លាលែងពីក្រុមប្រឹក្សាភិបាល SpaceX ក្រោយកាន់តំណែងជាង ១០ឆ្នាំ ដោយសារទំនាស់ផលប្រយោជន៍
09-11-2026 10:56
(បរទេស)៖ លោក Donald Harrison នាយកប្រតិបត្តិជាន់ខ្ពស់របស់ Google បានសម្រេចចិត្តលាលែងពីតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SpaceX បន្ទាប់ពីបានបម្រើការអស់រយៈពេលជាង ១០ឆ្នាំ។ លោកបានជូនដំណឹងអំពីការលាលែងនេះកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ហើយការសម្រេចចិត្តនេះមានប្រសិទ្ធភាពភ្លាមៗ នេះបើយោងតាមការប្រកាសរបស់ SpaceX និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក Elon Musk នាយកប្រតិបត្តិ SpaceX បានបញ្ជាក់តាមបណ្តាញសង្គម X ថា លោក Harrison សម្រេចចិត្តចាកចេញដោយសារមានទំនាស់ផលប្រយោជន៍ជាច្រើនជាមួយក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google។ ទោះជាយ៉ាងណា SpaceX បានបញ្ជាក់ថា ការលាលែងនេះមិនមែនបណ្តាលមកពីការខ្វែងគំនិតគ្នារវាងភាគីទាំងពីរលើបញ្ហាប្រតិបត្តិការ គោលនយោបាយ ឬការអនុវត្តការងារនោះទេ។ លោក Musk បានសរសេរលើកសរសើរថា «លោក Don គឺជាសមាជិកក្រុមប្រឹក្សាភិបាលដ៏ល្អម្នាក់ ហើយខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែករបស់លោក»។
លោក Harrison បច្ចុប្បន្នជាប្រធានផ្នែកភាពជាដៃគូសកល និងការអភិវឌ្ឍអាជីវកម្មសាជីវកម្មនៅ Google។ យោងតាមទិន្នន័យពី LSEG ក្រុមហ៊ុន Alphabet គឺជាស្ថាប័នវិនិយោគតែមួយគត់ដែលកាន់កាប់ភាគហ៊ុនច្រើនជាងគេនៅក្នុង SpaceX។
ទន្ទឹមនឹងនេះ Google បានរាយការណ៍ថា ខ្លួនបានបង្កើនការកាន់កាប់ភាគហ៊ុននៅក្នុង SpaceX ពី ៥៥១,២ លានហ៊ុន ឡើងដល់ប្រហែល ៥៥៥ លានហ៊ុន។ ការលាលែងរបស់លោក Harrison កើតឡើងចំពេល Alphabet នៅតែបន្តដើរតួជាអ្នកវិនិយោគស្ថាប័នដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសនេះ៕










