ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Binance លាលែងពីតំណែង ក្រោយករណីហេគលួចទ្រព្យសកម្ម ៦,៣ ពាន់លានដុល្លារ
09-11-2026 13:47
(បរទេស)៖ លោក Kaiser Ng ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នៃក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូ Binance បានសម្រេចចិត្តលាលែងពីតំណែង បន្ទាប់ពីបានបម្រើការងារនៅក្រុមហ៊ុនអស់រយៈពេលជាង ៥ ឆ្នាំ។ តំណែងនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុថ្មីនេះ ត្រូវស្ថាប័នប្រកាសផ្ទេរជូនលោក Justin Yek ដែលជាអតីតអនុប្រធានផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Airwallex ជាអ្នកទទួលខុសត្រូវជំនួសវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកស្រី Yi He សហនាយកប្រតិបត្តិ (Co-CEO) របស់ Binance បានបញ្ជាក់នៅក្នុងថ្លែងការណ៍ថា លោក Kaiser Ng ចាកចេញដើម្បីទៅចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនថ្មីមួយ ហើយដំណើរការនៃការផ្ទេរការងារ និងតំណែងនេះត្រូវបានរៀបចំឡើងជាបណ្តើរៗអស់រយៈពេល ៦ ខែកន្លងមកហើយ។ លោក Kaiser Ng បានកាន់តំណែងជា CFO របស់ Binance ចាប់តាំងពីខែមករា ឆ្នាំ២០២២ ដោយមុនពេលនោះ លោកធ្លាប់បានធ្វើការនៅក្រុមហ៊ុនគ្រីបតូគូប្រជែង Kraken ផងដែរ។
ការផ្លាស់ប្តូរបុគ្គលិកថ្នាក់ដឹកនាំផ្នែកហិរញ្ញវត្ថុនេះ កើតឡើងត្រឹមតែជាងមួយសប្តាហ៍ បន្ទាប់ពី Binance បានប្រឈមមុខនឹងការវាយប្រហារបណ្តាញសន្តិសុខដ៏ធំបំផុត ដោយក្រុមហេគឃ័របានលួចទ្រព្យសកម្មគ្រីបតូអស់តម្លៃប្រមាណ ៦,៣ ពាន់លានដុល្លារ កាលពីថ្ងៃទី២៩ ខែតុលា។ Binance បានឱ្យដឹងថា ការវាយប្រហារនេះកើតចេញពីកូដអាក្រក់ (Malware) ដែលបង្កប់ក្នុងឯកសារទាញយក និងការបង្កើតទម្រង់ការងារក្លែងក្លាយដើម្បីបោកប្រាស់វិស្វករក្រុមហ៊ុន រហូតឈានដល់ការជ្រៀតជ្រែកចូលកុំព្យូទ័របុគ្គលិកជាច្រើនរូប។
ទោះជាយ៉ាងណា Binance បានសន្យាថា នឹងទទួលខុសត្រូវ និងសងការខាតបង់ទាំងអស់ជូនអតិថិជនរងគ្រោះពេញ ១០០% ខណៈពេលដែលការិយាល័យ FBI របស់អាមេរិក បានចោទប្រកាន់ក្រុមហេគឃ័រដែលគាំទ្រដោយរដ្ឋកូរ៉េខាងជើងថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ (ទោះបីជាភាគីកូរ៉េខាងជើងបានបដិសេធក៏ដោយ)។









