ត្រាំ៖ «FBI កំពុងស៊ើបអង្កេត CEO ក្រុមហុន Nvidia ខណៈរឿងអាស្រូវពាក់ព័ន្ធនឹងប្រទេសចិនកាន់តែជ្រៅ»
10-11-2026 09:57
(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃចន្ទសប្តាហ៍នេះថា ភ្នាក់ងារ FBI កំពុងពិនិត្យមើលរឿងអាស្រូវស្នេហារបស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia លោក Jensen Huang ជាមួយស្ត្រីជំនួញជនជាតិចិនម្នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាចារកម្មឱ្យទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក ត្រាំ បាននិយាយថា លោក «ភ្ញាក់ផ្អើលយ៉ាងខ្លាំង» ចំពោះការចោទប្រកាន់លើលោក Huang ដែលជាសហការីជិតស្និទ្ធបំផុតម្នាក់របស់ប្រធានាធិបតីនៅក្នុងវិស័យបច្ចេកវិទ្យា។ លោក ត្រាំ បានបន្ថែមថា លោកបាននិយាយជាមួយនាយកប្រតិបត្តិរូបនេះ ហើយលោក Huang បានប្រាប់ថា លោកមិនបានដឹងសោះឡើយថាស្ត្រីរូបនោះជាចារកម្ម។ ក្រោយផ្ទុះរឿងអាស្រូវនេះ ងាកមកភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះជាង ៤% កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បានបើកការស៊ើបអង្កេតផ្ទៃក្នុងដើម្បីស្វែងយល់ថា តើលោក Huang ត្រូវបានគេកំណត់គោលដៅនៅក្នុងកិច្ចខិតខំប្រឹងប្រែងចារកម្មបរទេសដែរឬយ៉ាងណា។
ការស៊ើបអង្កេតបានផ្តោតការយកចិត្តទុកដាក់លើអនាគតរបស់លោក Huang ដែលមានវ័យ ៦៣ឆ្នាំ ខណៈដែល Nvidia ជាក្រុមហ៊ុនផលិតបន្ទះឈីបមានតម្លៃបំផុតលើពិភពលោក ហើយនាយកប្រតិបត្តិរូបនេះជាអ្នកលក់ដាច់បំផុតក្នុងសម័យកាលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ លោក Huang បានសារភាពចំពោះបុគ្គលិករបស់ Nvidia ថា លោកមិនស្មោះត្រង់ចំពោះភរិយារបស់លោក ដោយមិនបានទម្លាយព័ត៌មានលម្អិតនៃទំនាក់ទំនងនោះទេ។ លោក Huang ដែលតែងតែស្លៀកអាវស្បែកពណ៌ខ្មៅ ទទួលបានប្រជាប្រិយភាពដូចជាតារាចម្រៀងរ៉ុកនៅទូទាំងពិភពលោក ជាពិសេសនៅអាស៊ី ដែលលោកតែងតែប្រាស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយអ្នកគាំទ្រ រាប់ទាំងការថតរូបសែលហ្វី និងចុះហត្ថលេខាជូនអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោក។ លោក គឺជាភាគហ៊ុនិកធំជាងគេទី ៥ របស់ Nvidia ដោយមានភាគហ៊ុនប្រហែល ៣.៦% ហើយលោកក្តោបក្តាប់ក្រុមហ៊ុនយ៉ាងរឹងមាំតាមរយៈរចនាសម្ព័ន្ធអភិបាលកិច្ចកម្រិតស្មើគ្នាយ៉ាងប្លែក ដែលក្នុងនោះ មានអ្នកដឹកនាំរាប់សិបនាក់រាយការណ៍ផ្ទាល់ទៅរូបលោក។ ខុសពីក្រុមហ៊ុន Meta Platforms របស់លោក Mark Zuckerberg ឬក្រុមហ៊ុន SpaceX របស់លោក Elon Musk, ក្រុមហ៊ុន Nvidia មិនមានភាគហ៊ុនប្រភេទ dual-class ដែលនឹងផ្តល់ឱ្យសហស្ថាបនិក Huang នូវសិទ្ធិបោះឆ្នោតភាគច្រើននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «ការលើកឡើងអំពីចារកម្មចិន គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន, ជាការបរិហារកេរ្តិ៍ និងជាការកាត់បន្ថយកិត្តិយសទាំងស្រុង»។ ទំនាក់ទំនងរបស់លោក Huang ជាមួយលោក ត្រាំ បានកើតឡើងស្របពេលជាមួយនឹងការអភិវឌ្ឍគោលនយោបាយប្រកបដោយអំណោយផលជាច្រើនសម្រាប់ក្រុមហ៊ុន ហើយប្រធានាធិបតីបានសរសើរលោក Huang យ៉ាងខ្លាំង ដោយបានផ្តល់មេដាយកិត្តិយសខ្ពស់បំផុតរបស់ជាតិ សម្រាប់សមិទ្ធផលវិទ្យាសាស្ត្រដល់រូបលោកកាលពីខែតុលា។ នៅថ្ងៃដដែលដែលលោក ត្រាំ បានផ្តល់រង្វាន់ដល់លោក Huang ប្រធានាធិបតីបានទម្លាយថា លោកបានទិញភាគហ៊ុន Nvidia រហូតដល់ ១.៦ លានដុល្លារ និងបានលក់វិញរហូតដល់ ១លានដុល្លារ ក្នុងអំឡុងរដូវក្តៅ។
លោក Stacy Rasgon អ្នកវិភាគនៅ Bernstein បាននិយាយថា «Nvidia មិនមែនជាក្រុមហ៊ុនធម្មតាទេ ហើយ Jensen ក៏មិនមែនជា CEO ធម្មតាដែរ។ លោកគឺជា Nvidia ដោយបានកំណត់យុទ្ធសាស្ត្រ និងទិសដៅវែងឆ្ងាយយ៉ាងច្បាស់លាស់ និងដឹកនាំកិច្ចការភាគច្រើននៃក្រុមហ៊ុនដោយផ្ទាល់»។ ម្ចាស់ភាគហ៊ុនរបស់ Nvidia បានប្រញាប់ប្រញាល់ដាក់ពាក្យប្តឹងលោក Huang ដោយចោទប្រកាន់ពីការបោកប្រាស់ តាមរយៈការលាក់បាំងទំនាក់ទំនងរបស់លោក Huang ជាមួយស្ត្រីដែលសង្ស័យជាចារកម្មចិន។
គួរជម្រាបថា បើតាមកាសែត New York Times បានរាយការណ៍កាលពីខែមុនថា លោក Huang មានទំនាក់ទំនងជាមួយអ្នកស្រី Alice Huang ដែលជាអតីតនាយិកាក្រុមហ៊ុន Megaspeed មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលអាជ្ញាធរអាមេរិកបានស៊ើបអង្កេត និងសន្និដ្ឋានថាជាចារកម្មចិន។ ក្រុមហ៊ុន Megaspeed មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយកាលពីថ្ងៃចន្ទ ដែលជាថ្ងៃឈប់សម្រាកជាសាធារណៈនៅសិង្ហបុរីនោះទេ។ អ្នកស្រី Alice Huang មិនបានឆ្លើយតបទៅកាន់កាសែត New York Times កាលពីខែមុន នៅពេលដែលកាសែតនេះបានរាយការណ៍ជាលើកដំបូងអំពីទំនាក់ទំនងរបស់នាងជាមួយលោក Huang ហើយ Reuters មិនអាចកំណត់ទីតាំងរបស់នាង ដើម្បីសុំការអត្ថាធិប្បាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានឡើយ៕












