* ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ព្រឹត្តិការណ៍វាយកូនគោលវឌ្ឍនៈកម្រិតពិភពលោក លើកទី២ នៅកម្ពុជា ជាផលិតផលទេសចរណ៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីកិត្យានុភាពជាតិលើឆាកអន្ដរជាតិ
* ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលី Qantas គ្រោងកាត់បន្ថយការងារ ៨៥០កន្លែង ខណៈប្រញាប់ប្រញាល់តាមឱ្យទាន់បច្ចេកវិទ្យា AI
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ចំណេះដឹងទូទៅ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩, ការដួលរលំជញ្ជាំងប៊ែរឡាំង បានផ្លាស់ប្តូរប្រវត្តិសាស្ត្រអាល្លឺម៉ង់
* នាយកប្រតិបត្តិជាន់ខ្ពស់ Google លាលែងពីក្រុមប្រឹក្សាភិបាល SpaceX ក្រោយកាន់តំណែងជាង ១០ឆ្នាំ ដោយសារទំនាស់ផលប្រយោជន៍

SpaceX គ្រោងចំណាយ ២៤ពាន់លានដុល្លារ សាងសង់រោងចក្រអគ្គិសនី និងមជ្ឈមណ្ឌល AI ខ្នាតធំនៅរដ្ឋតិចសាស់

10-11-2026 13:01

(បរទេស)៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk គ្រោងវិនិយោគប្រមាណ ២៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតអគ្គិសនីដោយប្រើឧស្ម័នធម្មជាតិ និងមជ្ឈមណ្ឌលកុំព្យូទ័រដែលមានសមត្ថភាពគណនាខ្ពស់ នៅទីក្រុង Starbase រដ្ឋតិចសាស់។ គម្រោងនេះនឹងត្រូវអនុវត្តជាច្រើនដំណាក់កាល ហើយអាចពង្រីកបន្ថែមនាពេលអនាគត។ ក្រុមហ៊ុនក៏បានដាក់ពាក្យស្នើសុំការលើកលែង ឬបន្ធូរបន្ថយពន្ធលើអចលនទ្រព្យ ដែលគណៈកម្មការទីក្រុង Starbase គ្រោងពិចារណានៅថ្ងៃទី៩ ខែធ្នូ។ នេះបើយោងតាមសេចក្តីជូនដំណឹងសាធារណៈដែលបានចេញផ្សាយនៅថ្ងៃទី០៩ និង​ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។​​​

ការសាងសង់រោងចក្រអគ្គិសនីដោយខ្លួនឯង អាចជួយឱ្យ SpaceX ជៀសវាងការរង់ចាំជាច្រើនឆ្នាំ ដើម្បីតភ្ជាប់ទៅបណ្តាញអគ្គិសនីសំខាន់របស់រដ្ឋតិចសាស់។ ទោះជាយ៉ាងណា ឯកសារមិនទាន់បញ្ជាក់ពីសមត្ថភាពផលិតអគ្គិសនីរបស់រោងចក្រ ឬទំហំប្រតិបត្តិការកុំព្យូទ័រនៅឡើយទេ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Lone Star Mineral Development ដែលជាក្រុមហ៊ុនពាក់ព័ន្ធនឹង SpaceX ក៏គ្រោងសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិប្រវែងប្រមាណ ១២,៩ គីឡូម៉ែត្រ ទៅកាន់ Starbase ដើម្បីផ្គត់ផ្គង់ឧស្ម័នសម្រាប់រោងចក្របម្លែងវាទៅជាមេតានរាវ ប្រើប្រាស់ក្នុងរ៉ុក្កែត Starship ដោយគ្រោងដាក់ឱ្យដំណើរការនៅខែមករា ឆ្នាំ២០២៧។

គម្រោងនេះកើតឡើងចំពេលមានការប្រឆាំងកាន់តែខ្លាំងឡើងចំពោះការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅសហរដ្ឋអាមេរិក។ អ្នកបោះឆ្នោតបានបោះឆ្នោតបដិសេធគម្រោងទាំងនេះក្នុងការបោះឆ្នោតមូលដ្ឋានចំនួន ៤០ ក្នុងចំណោម ៤១ ករណី ខណៈគណបក្សប្រជាធិបតេយ្យ ដែលអ្នកខ្លះបានសន្យាផ្អាកគម្រោងថ្មីៗ បានដណ្តើមការគ្រប់គ្រងសភាសហរដ្ឋអាមេរិក និងតំណែងអភិបាលរដ្ឋតិចសាស់ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ការវិនិយោគនេះអាចក្លាយជាគម្រោងឯកជនដ៏ធំបំផុតមួយនៅក្នុងតំបន់ Rio Grande Valley។

ដោយឡែក កាលពីខែមុន SpaceX បានរាយការណ៍ថា ប្រាក់ចំណូលសរុបរបស់ខ្លួនក្នុងត្រីមាសទី៣ កើនឡើង ១៦១% ខណៈប្រាក់ចំណូលពីអាជីវកម្ម AI កើនឡើង ៩ដង។ ក្រុមហ៊ុនក៏កំពុងជួលសមត្ថភាពគណនារបស់ខ្លួនទៅឱ្យក្រុមហ៊ុន Google, Anthropic និងក្រុមហ៊ុនផ្សេងទៀតផងដែរ៕