* ព្រឹត្តិការណ៍ Vattanac Legend Championship និង Vattanac Tour Championship ឆ្នាំ២០២៦ មានទឹកប្រាក់រង្វាន់សរុប ១,៤៥ លានដុល្លារ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia

ព្រឹត្តិការណ៍ Vattanac Legend Championship និង Vattanac Tour Championship ឆ្នាំ២០២៦ មានទឹកប្រាក់រង្វាន់សរុប ១,៤៥ លានដុល្លារ

11-11-2026 08:51

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្តរជាតិចំនួន២ គឺ Vattanac Legend Championship និង Vattanac Tour Championship នឹងត្រូវរៀបចំឡើងនៅកម្ពុជាក្នុងឆ្នាំ២០២៦ ដោយមានរយៈពេល២សប្តាហ៍ និងទឹកប្រាក់រង្វាន់សរុបចំនួន ១,៤៥លានដុល្លារអាមេរិក ដើម្បីទាក់ទាញកីឡាករអន្តរជាតិ និងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ ទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធ។

អ្នកឧកញ៉ាបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កាលពីឆ្នាំមុនទទួលបានជោគជ័យ និងការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់កីឡាករអន្តរជាតិ។ អ្វីដែលគួរឱ្យរីករាយ គឺកីឡាករដែលធ្លាប់បានមកចូលរួមកាលពីលើកមុន បានបង្ហាញបំណងចង់វិលត្រឡប់មកកម្ពុជាម្តងទៀត ហើយមួយចំនួនថែមទាំងនាំក្រុមគ្រួសារ មិត្តភក្តិ និងអ្នកស្គាល់គ្នាមកចូលរួមផងដែរ។

អ្នកឧកញ៉ាបានបន្តថា ការផ្សព្វផ្សាយ និងសកម្មភាពដែលបានរៀបចំកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពី កីឡាករអន្តរជាតិ និងម្ចាស់ក្រុមហ៊ុននានា។ តាមការរំពឹងទុកអ្នកចូលរួមប្រមាណពី ៣០ទៅ៤០ភាគរយ នឹងជាអ្នកដែលមកកាន់ប្រទេសកម្ពុជាជាលើកដំបូង។

សម្រាប់ការប្រកួតឆ្នាំ២០២៦នេះ នឹងត្រូវរៀបចំជាពីរសប្តាហ៍ ដោយសប្តាហ៍ទី១ មានឈ្មោះថា Vattanac Legend Championship ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយទឹកប្រាក់រង្វាន់សរុប ៦៦៥.០០០ ដុល្លារអាមេរិក។ ចំណែកសប្តាហ៍ទី២ គឺ Vattanac Tour Championship នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ដោយមានទឹកប្រាក់រង្វាន់សរុប ៨០០.០០០ ដុល្លារអាមេរិក។

អ្នកឧកញ៉ាបានឱ្យដឹងទៀតថា កីឡាករសម្រាប់ការប្រកួតសប្តាហ៍ទី១ នឹងចាប់ផ្តើមធ្វើដំណើរមកដល់ប្រទេសកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ បន្ទាប់មក នៅថ្ងៃពុធ នឹងមានការរៀបចំកម្មវិធី Pro-Am ដើម្បីបើកឱកាសឱ្យសាធារណជនបានចូលរួមលេង និងទទួលបទពិសោធន៍ជាមួយកីឡាករអាជីពឆ្នើមៗមកពីបរទេស មុនពេលការប្រកួតផ្លូវការចាប់ផ្តើម។

ដោយឡែក សម្រាប់ការប្រកួតសប្តាហ៍ទី២ នឹងមានការចូលរួមពីកីឡាករអាជីពអន្តរជាតិចំនួន២០នាក់ និងកីឡាករក្នុងស្រុកចំនួន៦០នាក់ ដោយរៀបចំការប្រកួតតាមទម្រង់ដូចឆ្នាំមុន គឺការប្រកួតមួយទល់នឹងបី។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានលើកឡើងថា ភាពជោគជ័យនៃព្រឹត្តិការណ៍កាលពីឆ្នាំមុន មិនមែនជាជោគជ័យរបស់វិស័យឯកជន ឬក្រុមហ៊ុនរៀបចំតែមួយមុខនោះទេ ប៉ុន្តែជាជោគជ័យរួមរបស់កម្ពុជា ដែលកើតចេញពីកិច្ចសហការរវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ។

តាមរបាយការណ៍ដែលអ្នកឧកញ៉ាបានលើកឡើង វីដេអូពាក់ព័ន្ធនឹងព្រឹត្តិការណ៍កាលពីឆ្នាំមុន ដែលត្រូវបានចែករំលែក និងផ្សព្វផ្សាយឡើងវិញ ទទួលបានអ្នកទស្សនាសរុបជាង២០០លានដងពីទូទាំងពិភពលោក។ លទ្ធផលនេះបានបង្ហាញពីសក្តានុពលនៃការប្រើប្រាស់ព្រឹត្តិការណ៍កីឡាអន្តរជាតិ ជាមធ្យោបាយផ្សព្វផ្សាយមុខមាត់ប្រទេស និងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវអន្តរជាតិ។

ជាមួយគ្នានេះ អ្នកឧកញ៉ាបានបញ្ជាក់ថា ក្រៅពីការប្រកួតកីឡាវាយកូនហ្គោល ក្រុមហ៊ុនក៏បានរៀបចំសកម្មភាពទេសចរណ៍ និងវប្បធម៌បន្ថែម ដើម្បីផ្តល់បទពិសោធន៍កាន់តែសម្បូរបែបដល់កីឡាករអន្តរជាតិ ដោយមានគម្រោងនាំពួកគេទៅទស្សនាប្រាសាទមេបុណ្យ និងស្វែងយល់ពីសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ។

ជាថ្មីម្ដងទៀត អ្នកឧកញ៉ាក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមគាំទ្រ និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយ ព្រមទាំងចូលរួមស្វាគមន៍កីឡាករ និងភ្ញៀវអន្តរជាតិដែលអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក៕