Microsoft ជំរុញលោក Trump ឱ្យបញ្ឈប់ផែនការហាមឃាត់ឧបករណ៍បច្ចេកវិទ្យាចិន ដែលអាចប៉ះពាល់ដល់ការប្រកួតប្រជែង AI
11-11-2026 10:39
(បរទេស)៖ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុនបច្ចេកវិទ្យា ព្រមទាំងសមាគមពាណិជ្ជកម្មមួយចំនួន បានជំរុញរដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក Donald Trump ឱ្យបញ្ឈប់ផែនការហាមឃាត់ការនាំចូលឧបករណ៍បញ្ជូន និងទទួលទិន្នន័យតាមសរសៃអុបទិក (Optical Transceivers) ពីប្រទេសចិន ដោយបារម្ភថា វាអាចធ្វើឱ្យការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI នៅអាមេរិកកាន់តែយឺតយ៉ាវ និងប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងជាមួយចិនក្នុងវិស័យបច្ចេកវិទ្យា AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឧបករណ៍ Optical Transceivers មានតួនាទីសំខាន់ក្នុងការបញ្ជូនទិន្នន័យតាមខ្សែកាបអុបទិក ដើម្បីភ្ជាប់ម៉ាស៊ីនមេ និងឧបករណ៍បណ្តាញផ្សេងៗនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។ អាមេរិកព្រួយបារម្ភថា ឧបករណ៍ផលិតនៅចិនអាចត្រូវបានប្រើប្រាស់ដើម្បីលួចទិន្នន័យ ដំឡើងកម្មវិធីព្យាបាទ ឬរំខានដល់ប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។ ទោះជាយ៉ាងណា លោក John Miller អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន (ITI) បានព្រមានថា៖ «វាពិតជាអាចធ្វើឱ្យការពង្រីកមជ្ឈមណ្ឌលទិន្នន័យស្ទើរតែត្រូវជាប់គាំងទាំងស្រុង»។ លោកបន្ថែមថា ក្រុមហ៊ុន Cloud ជាច្រើនបានទិញបន្ទះឈីប AI រួចហើយ ប៉ុន្តែបើគ្មានឧបករណ៍បញ្ជូនទិន្នន័យទាំងនេះទេ បន្ទះឈីបអាចនៅទំនេរដោយមិនអាចប្រើប្រាស់បាន។
បច្ចុប្បន្ន ប្រទេសចិនគ្រប់គ្រងប្រហែលពីរភាគបីនៃទីផ្សារឧបករណ៍បញ្ជូនទិន្នន័យតាមសរសៃអុបទិកទូទាំងពិភពលោក ខណៈក្រុមហ៊ុនអាមេរិកដូចជា Coherent និង Lumentum មិនទាន់មានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីជំនួសអ្នកផ្គត់ផ្គង់ចិនបាននៅឡើយទេ។ ចំណែកស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានថ្លែងថា៖ «ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលសហរដ្ឋអាម៉េរិកពង្រីកនិយមន័យសន្តិសុខជាតិហួសហេតុ និងប្រើប្រាស់អំណាចរដ្ឋដើម្បីគាបសង្កត់ក្រុមហ៊ុនចិនដោយគ្មានហេតុផលសមស្រប»។
ទន្ទឹមនឹងនេះ ធនាគារ Morgan Stanley បានឱ្យដឹងថា រដ្ឋបាលលោក Trump កំពុងពិចារណាហាមឃាត់តែឧបករណ៍ចិនដែលមានសមត្ថភាពបញ្ជូនទិន្នន័យចាប់ពី ៣,២ តេរ៉ាប៊ីតក្នុងមួយវិនាទី ដែលរំពឹងថានឹងចាប់ផ្តើមផលិតក្នុងទ្រង់ទ្រាយធំនៅឆ្នាំ២០២៨ និងដំឡើងប្រើប្រាស់ទូលំទូលាយនៅឆ្នាំ២០២៩។ វិធានការនេះអាចផ្តល់ពេលវេលាដល់ក្រុមហ៊ុនអាមេរិកក្នុងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន។ ទោះជាយ៉ាងណា សមាជិកសភាអាមេរិកមួយចំនួនក៏បានដាក់សេចក្តីព្រាងច្បាប់ដើម្បីហាមឃាត់ការប្រើប្រាស់ឧបករណ៍ប្រភេទនេះដែលផលិតនៅចិន នៅក្នុងប្រព័ន្ធរដ្ឋាភិបាលសំខាន់ៗផងដែរ៕













