កិច្ចប្រជុំថ្នាក់ដឹកនាំ Man Utd នៅទីក្រុង Monaco នឹងសម្រេចពីជោគវាសនារបស់គ្រូបង្វឹក Carrick
11-11-2026 10:51
(បរទេស)៖ លោក Sir Jim Ratcliffe ប្រធានក្លិប រួមទាំងលោក Omar Berrada ប្រធាននាយកប្រតិបត្តិ និងលោក Jason Wilcox នាយកកីឡាក្លិបបាល់ទាត់ Manchester United នឹងជួបប្រជុំគ្នានៅឯទីក្រុង Monaco នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជុំវិញការដឹកនាំរបស់លោក Michael Carrick។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា ជុំវិញអនាគតនៃគ្រូបង្វឹកសញ្ជាតិអង់គ្លេស ក្នុងការបន្តធ្វើការងារនៅកីឡដ្ឋាន Old Trafford នឹងដឹងជាក់ច្បាស់នៅ Monaco ក្នុងរយៈចម្ងាយ ៨០០ម៉ាយត្រឹមថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបានចំណាយពេលដឹកនាំបិសាចក្រហមជាលើកទី២ មកនេះ។
កន្លងមកលោក Berrada និង Wilcox ក៏បានជួបពិភាក្សាគ្នាជុំវិញគម្រោងការរបស់ Man Utd ដើម្បីរៀបយុទ្ធសាស្រ្តឡើងវិញ និងមានអ្វីកើតឡើងបន្ទាប់ចំពោះតំណែងរបស់លោក Carrick ដែលបានកំពុងដឹកនាំធ្លាក់ទម្រង់លេងជាខ្លាំង។
នៅចាំបានថា នៅអំឡុងថ្ងៃ Christmas Eve 2023 លោក Jim ក៏បានរិះគន់ពីទម្រង់លេងក្លិបនេះដែរ ក្នុងន័យការពារខ្លួន ដែលបានទិញក្លិបនេះជិត ៣ឆ្នាំពុំមានរីកចម្រើនអ្វីសោះ។
មហាសេដ្ឋីអង់គ្លេសរូបនេះបានរិះគន់ចំពោះការសម្រេចចិត្តជាច្រើនរបស់ក្លិបកន្លងមក គិតចាប់តាំងពីលោកបានទិញភាគហ៊ុន ២៨.៩៤% ស្មើនឹងទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។
លោកថា «ប្រាកដណាស់ គ្រប់ដៃគូវិនិយោគរបស់ពួកយើងទាំងអស់ សុទ្ធតែចង់ឃើញ Man Utd ត្រឡប់មកវិញ ដែលធ្លាប់ជាក្រុមកំពូលប្រចាំអង់គ្លេស នៅអឺរ៉ុប និងបាល់ទាត់ពិភពលោកទៀតផង»។
បច្ចុប្បន្ន United បានធ្លាក់ចូលក្នុងតំបន់កាត់ចេញពីលីគ Premier League ស្ថិតនៅលេខរៀងទី១៨ ក្នុងតារាងពិន្ទុ និងទើបលេងឈ្នះ ១ប្រកួតគត់ ក្នុងចំណោម ១០ប្រកួតចុងក្រោយនេះ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុត គិតចាប់ពីរដូវកាល ១៩៨៦-៨៧ ដែលពួកគេធ្លាក់ដល់លេខរៀងទី២០ ក្រោមគេបង្អស់៕





