ធនាគារ «ហត្ថា» ប្រគល់អំណោយជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា «ហ៊ុន សែន គោកតាចាន់» ខេត្តសៀមរាប
11-11-2026 12:06
(សៀមរាប)៖ លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា ម.ក(ធនាគារ ហត្ថា) ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារ កាលពីពេលថ្មីៗនេះ បានអញ្ជើញដឹកនាំកម្មវិធីប្រគល់អំណោយសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន សែន គោកតាចាន់ ដែលស្ថិតនៅក្នុងខេត្តសៀមរាប។
ការប្រគល់អំណោយក្នុងថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏កក់ក្តៅ ដោយមានការចូលរួមពីអាជ្ញាធរ នាយិកាសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ហត្ថា ផងដែរ។ ក្នុងឱកាសនេះធនាគារ ហត្ថា បានប្រគល់អំណោយជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនរួមមាន សៀវភៅ ប៊ិច ខ្មៅដៃ កាតាបជូនលោកគ្រូ អ្នកគ្រូ សម្ភារៈការិយាល័យ (Stationery) កុំព្យូទ័រយួរដៃ (Laptop) ម៉ាស៊ីនបោះពុម្ព (Printer) និងបង់អង្គុយ (Bench) ដើម្បីចូលរួមបំពេញតម្រូវការក្នុងការសិក្សា និងការបង្រៀន ព្រមទាំងជួយលើកកម្ពស់បរិយាកាសអប់រំ ឱ្យកាន់តែប្រសើរឡើង។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងសិក្សា ពង្រឹងចំណេះដឹង និងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
លោក មិន សុផា ប្រធានាយកប្រត្តិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា «តាងនាមឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ហត្ថា ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌នាថ្ងៃនេះ។ ការផ្តល់ជូនសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ទាំងនេះ គឺជាការស្តែងចេញពីឆន្ទៈដ៏មុតមាំរបស់ធនាគារ ហត្ថា ក្នុងការគាំទ្រដល់ការសិក្សារបស់កុមារកម្ពុជា ជាពិសេសសិស្សានុសិស្ស ដើម្បីឲ្យពួកគាត់មានឱកាសទទួលបាន ការអប់រំប្រកបដោយគុណភាព និងមានកម្លាំងចិត្តក្នុងការក្រេបជញ្ជក់ចំណេះដឹង»។
លោកបានបន្ថែមទៀតថា «ធនាគារ ហត្ថា សង្ឃឹមយ៉ាងមុតមាំថា សម្ភារៈសិក្សាទាំងនេះនឹងក្លាយជាស្ពានចម្លង និងជាកម្លាំងចិត្តដ៏រឹងមាំដល់ក្មួយៗ សិស្សានុសិស្សក្នុងការខិតខំរៀនសូត្រ ដើម្បីប្រែថ្ងៃអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិឲ្យកាន់តែភ្លឺស្វាង និងមានភាពរុងរឿង»
ធនាគារ ហត្ថា ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើការអប់រំ និងចំណេះដឹងរបស់ សិស្សានុសិស្ស គឺជាការវិនិយោគដ៏មានតម្លៃបំផុត សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ហើយកិច្ចការសង្គមនេះ ក៏ជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យរបស់ធនាគារ ហត្ថា ផងដែរ៕




























