កូរ៉េខាងត្បូងរកឃើញការលួចទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិកធនាគារប្រមាណ ៣០០ នាក់ ក្នុងការវាយប្រហារតាមអ៊ីនធឺណិត
11-11-2026 13:33
(បរទេស)៖ វិទ្យាស្ថានសន្តិសុខហិរញ្ញវត្ថុកូរ៉េខាងត្បូង (Financial Security Institute) បានរកឃើញករណីលួចទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិកធនាគារប្រមាណ ៣០០ នាក់ ក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមួយ។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលត្រូវបានសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
វិទ្យាស្ថានបានរកឃើញការបែកធ្លាយទិន្នន័យនេះនៅម៉ោងប្រហែល ៣ រសៀល ហើយបានជូនដំណឹងភ្លាមៗទៅកាន់មន្ត្រីជាន់ខ្ពស់នៃស្ថាប័ននិយតករហិរញ្ញវត្ថុ។ ទិន្នន័យដែលត្រូវបានលួចរួមមានឯកសាររដ្ឋបាលប្រមាណ ២០០ ច្បាប់ ដូចជាលិខិតយល់ព្រមប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានរបស់មនុស្សប្រមាណ ៣០០ នាក់ រួមមានឈ្មោះ និងថ្ងៃខែឆ្នាំកំណើត។
តាមការរាយការណ៍ ព័ត៌មានដែលបែកធ្លាយទាំងនេះត្រូវបានគេជឿថា ជារបស់បុគ្គលិកធនាគារក្នុងប្រទេស ខណៈក្រុមហេគឃ័របានកំណត់គោលដៅវាយប្រហារលើគេហទំព័ររបស់ស្ថាប័ននិយតកម្មមួយ ដែលប្រើប្រាស់សម្រាប់ត្រួតពិនិត្យ និងសាកល្បងប្រព័ន្ធសន្តិសុខរបស់ធនាគារនានា។
គួរជម្រាបថា វិទ្យាស្ថានសន្តិសុខហិរញ្ញវត្ថុកូរ៉េខាងត្បូង ជាស្ថាប័នទទួលបន្ទុកត្រួតពិនិត្យសន្តិសុខ និងទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេស៕










