* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* ព្រឹត្តិការណ៍ Vattanac Legend Championship និង Vattanac Tour Championship ឆ្នាំ២០២៦ មានទឹកប្រាក់រង្វាន់សរុប ១,៤៥ លានដុល្លារ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia

ប្រធានសហព័ន្ធកីឡារាំ ចាត់ទុកកីឡាជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា និងប្រយោជន៍ដល់សង្គម

11-11-2026 15:19

(ភ្នំពេញ)៖ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការប្រកួតកីឡាជាតិ ដោយចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡា និងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សង្គម ដូចជាសេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងសុខភាពជាដើម។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

ប្រធានសហព័ន្ធដដែលបន្ដថា ការប្រកួតនេះបានផ្តល់ឲ្យកីឡាករ-កីឡាការិនីកីឡារាំ អាចសាកល្បងសមត្ថភាព មុនពេលចូលរួមប្រកួតអន្តរជាតិនានា និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ក៏ដូចចេញទៅប្រកួតនៅបណ្តាប្រទេសនានានៅលើឆាកអន្តរជាតិផងដែរ។

លោកស្រី ញ៉ែម មរកត បន្ថែមថា «ការប្រកួតកីឡាជាតិ រៀងរាល់ ២ឆ្នាំម្តង ឆ្លុះបញ្ចាំងឲ្យឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ក្លិបនិងក្លិប ដែលជាសមាជិកទាំងអស់របស់សហព័ន្ធកីឡារាំកម្ពុជា។ ជាងនេះទៀត វិស័យកីឡារាំនេះ ក៏ជាឱកាសសម្រាប់ការផ្លាស់ប្តូរ ទាំងបច្ចេកទេស តិចនិច ទាំងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ និងជាសិល្បៈ ការពារខ្លួនរបស់សមាគមក្លិបកីឡារាំនីមួយៗ។ ការប្រកួតកីឡារាំនេះ ក៏ជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ កម្ពុជាទៅដល់ទីណាគឺមានទង់ជាតិកម្ពុជា បង្ហាញឲ្យអន្តរជាតិបានស្គាល់នៅទីនោះ»។

យោងតាមរបាយការណ៍លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ ការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ៣៩នាក់ មកពី ២ក្រសួង និង ៣ខេត្ត។ ជាលទ្ធផលគ្រប់ក្រសួង និងខេត្ត សុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះក្រុមកីឡារាំក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេសរុប ៥គ្រឿង (មាស៣ និងប្រាក់២), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ៤គ្រឿង (មាស២ និងប្រាក់២), ខេត្តកណ្ដាល ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ១), ខេត្តកំពង់ចាម ឈរលេខ៤ ឈ្នះមេដាយសរុប ២គ្រឿង (មាស១ និងសំរឹទ្ធ១) និងខេត្តបាត់ដំបង ឈរលេខ៥ ឈ្នះមេដាយសរុប ៧គ្រឿង (ប្រាក់២ និងសំរឹទ្ធ៧)៕