* ទ្រព្យសម្បត្តិរបស់លោក Jensen Huang ដែលជា CEO របស់ Nvidia បាត់បង់ ៧,៤ ប៊ីលានដុល្លារត្រឹមរយៈពេល ៣០នាទី ក្រោយផ្ទុះរឿងអាស្រូវ
* Madison Huang វ័យ៣៥ឆ្នាំកូនស្រីរបស់ CEO Nvidia បង្ហាញអារម្មណ៍នៅលើបណ្តាញផ្សព្វផ្សាយ  !
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* បើការស៊ើបអង្កេតរកឃើញថា Jensen Huang មានកំហុសឆ្គងធ្ងន់ធ្ងរ ឬល្មើសនឹងគោលការណ៍ក្រុមហ៊ុន តើលោកត្រូវប្រឈមមុខនឹងអ្វីខ្លះ?
* ពិធីបុណ្យទិញទំនិញថ្ងៃទោល (Singles' Day) របស់ចិន លាតត្រដាងពីសមត្ថភាព និងឥទ្ធិពលនៃការលក់តាមរយៈបច្ចេកវិទ្យា AI

ការប្រកួតកីឡាទូក «ង» ទូកនាគ និងទូកផ្កាចារ ជើងឯកថ្នាក់ជាតិ ពានរង្វាន់អភិសន្តិបណ្ឌិត ស សុខា លើកទី៣ បញ្ចប់ដោយជោគជ័យ

11-11-2026 21:29

(ស្វាយរៀង)៖ ការប្រកួតកីឡាទូក «ង» ទូកនាគ និងទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ៣ថ្ងៃ។

លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបញ្ជាក់ថា ការប្រកួតឆ្នាំនេះ មិនត្រឹមតែជាការប្រកួតកីឡាដើម្បីដណ្តើមជ័យជម្នះ និងពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដែលដូនតាបានបន្សល់ទុកតាំងពីបុរាណកាលមក។

ឆ្លងកាត់ព្រឹត្តិការណ៍នេះ គ្រប់គ្នាបានឃើញនូវទិដ្ឋភាពដ៏រំភើប ស្នាមញញឹម កម្លាំងសាមគ្គីភាព និងការតស៊ូព្យាយាមមិនខ្លាចនឿយហត់របស់កីឡាករ កីឡាការិនីជាចំណុះទូកទាំងអស់។ រាល់ការអុំទូកនីមួយៗ សុទ្ធតែបានបង្ហាញពីស្មារតីយោគយល់ ការយល់ចិត្តគ្នា និងការរួបរួមជាធ្លុងមួយ ដែលជាតម្លៃដ៏ពិតប្រាកដនៃវិស័យកីឡា ស្របតាមពាក្យស្លោកថា «កីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព»។

ទន្ទឹមជាមួយគ្នា លោកក៏បានសាទរចំពោះកីឡាករ-កីឡាការិនី ដែលទទួលបានជ័យជម្នះប្រចាំការប្រកួតថ្នាក់ជាតិលើកនេះ ដោយចាត់ទុកថា ជោគជ័យទាំងនេះកើតចេញពីការខិតខំហ្វឹកហាត់ ភាពអត់ធ្មត់ និងការប្រកាន់ខ្ជាប់នូវវិន័យខ្ពស់។ ចំពោះក្រុមទូកដែលមិនទាន់ទទួលបានជ័យជម្នះ លោកបានលើកទឹកចិត្តកុំឱ្យអស់សង្ឃឹម ព្រោះការចូលរួមគឺជាជោគជ័យមួយហើយ ក្នុងការបង្កើតភាពសប្បាយរីករាយជូនពលរដ្ឋ និងបានដកពិសោធន៍ដ៏ល្អត្រៀមការប្រកួតក្រោយៗ។

ដើម្បីជំរុញឱ្យវិស័យកីឡាដែលជាអត្តសញ្ញាណជាតិមួយនេះ កាន់តែមានការរីកចម្រើន រឹងមាំ និងមាននិរន្តរភាព ក្នុងនាមលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ បានផ្ដល់នូវចំណុចគន្លឹះសំខាន់ៗចំនួន៣ រួមមាន៖

ទី១៖ បន្តថែរក្សា និងលើកកម្ពស់ស្មារតីសាមគ្គីភាព វិន័យ និងក្រមសីលធម៌កីឡា ដើម្បីធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយភាពថ្លៃថ្នូរ គោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវស្មារតីកីឡា។

ទី២៖ ជំរុញការហ្វឹកហាត់ជាប្រចាំ និងការកសាងធនធានបន្តវេន ដោយសារកីឡាប្រណាំងទូកទាមទារឱ្យមានកម្លាំងកាយមាំមួន ការសហការជាក្រុម និងបច្ចេកទេសច្បាស់លាស់ ដើម្បីបង្កើនសមត្ថភាព និងគុណភាពប្រកួតប្រជែងរបស់កីឡាករ កីឡាការិនី។

ទី៣៖ ពង្រឹងកិច្ចសហការ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំការប្រកួតនៅឆ្នាំក្រោយៗទៀត កាន់តែមានភាពអធិកអធម និងស្របតាមស្តង់ដារខ្ពស់។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សហព័ន្ធកីឡា មន្ទីរពាក់ព័ន្ធ វិស័យឯកជន និងសប្បុរសជនទាំងអស់ បន្តផ្តល់ការគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈដល់សហព័ន្ធ ព្រមទាំងចូលរួមឧបត្ថម្ភដល់ក្រុមទូកនានានៅតាមមូលដ្ឋាន។ ការចូលរួមពីគ្រប់មជ្ឈដ្ឋាន គឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ និងលើកស្ទួយវិស័យកីឡាជាតិឱ្យកាន់តែមានកិត្តិយស និងល្បីល្បាញ។

ចុងក្រោយលោក សរ សិទ្ធិ បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច សប្បុរសជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងស្អិតរមួតក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទូកនេះ ចាប់តាំងពីដើមរហូតដល់ចប់ ប្រកបដោយភាពរលូន សុវត្ថិភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕