* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
* បើលោក Jensen Huang ចាកចេញពី Nvidia តើអ្នកណានឹងឡើងកាន់តំណែងជាមេដឹកនាំក្រុមហ៊ុនបន្ទះឈីបយក្សនេះ?
* មន្រ្តីគណបក្សពលករអង់គ្លេស ស្នើកាត់បន្ថយការតែតបាល់ ដោយបារម្ភប៉ះពាល់ខួរក្បាល
* Elon Musk ប្រកាសត្រៀមខ្លួនជួល CEO លោក Jensen Huang ក្រោយ Nvidia ត្រៀមដកតំណែង
* TSMC គ្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន AI Anthropic និង OpenAI

NOCC បញ្ចប់យុទ្ធនាការអប់រំគុណតម្លៃអូឡាំពិកនៅភ្នំពេញ ខណៈសិស្សានុសិស្សយល់ដឹង និងលេងកីឡាកាន់តែច្រើន

12-11-2026 09:39

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបិទបញ្ចប់យុទ្ធនាការអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកប្រចាំឆ្នាំ២០២៦ នៅមណ្ឌលរាជធានីភ្នំពេញ ដោយជោគជ័យ ខណៈសិស្សានុសិស្សមានការយល់ដឹង និងចូលរួមសកម្មភាពកីឡាកាន់តែផុសផុល។

នេះបើតាមការគូសបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង NOCC ក្រោយបញ្ចប់កម្មវិធីខាងលើ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ដោយមានការចូលរួមច្រើនកុះករពីសិស្សានុសិស្ស នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាវិទ្យាល័យចុងក្រោយ សម្រាប់មណ្ឌលរាជធានីភ្នំពេញឆ្នាំនេះ ក្រោមជំនួយរបស់អង្គការសាមគ្គីអូឡាំពិក។

ឆ្លងកាត់ការចុះចែករំលែក និងផ្សព្វផ្សាយពីកម្មវិធីប្រចាំឆ្នាំនេះ មន្ដ្រីជាន់ខ្ពស់ខាងលើ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ពិសេសការយល់ដឹងពីប្រវត្តិចលនាអូឡាំពិក តាំងពីអូឡាំពិកបុរាណ ដល់អូឡាំពិកសម័យទំនើប ក៏ដូចជាការយល់ដឹងពីអត្ថប្រយោជន៍នៃការលេងកីឡា ហើយចូលរួមសកម្មភាពកីឡាផ្សេងៗ ដែលជាប្រយោជន៍ដល់សុខភាព បញ្ញា ស្មារតី របស់សិស្សានុសិស្ស។

លោកថា ប៊ុយ សុភ័ណ្ឌ បន្ដថា «យើងអាចវាយតម្លៃបានថា សិស្សានុសិស្សពីមួយឆ្នាំទៅ ១ឆ្នាំកាន់តែយល់ស៊ីជម្រៅ និងយល់ថែមទៀតពីកីឡាអូឡាំពិក និងគុណតម្លៃនៃកីឡាអូឡាំពិក។ យើងសង្កេតឃើញពួកគាត់មានចំណេះដឹងច្រើនពាក់ព័ន្ធនឹងកីឡា ជាពិសេសការចូលរួមលេងកីឡាយ៉ាងផុសផុល ស្របតាមយុទ្ធនាការជាតិរបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិក គឺយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទក្នុងជីវិត»។

ទន្ទឹមជាមួយការចុះផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ដោយផ្ដោតតម្លៃស្នូលនៃកីឡាអូឡាំពិក រួមមាន ឧត្តមភាព ការគោរព និងមិត្តភាព លោកក៏បានបញ្ជ្រាបនូវដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ក៏ដូចជាបំផុតឲ្យយុវជនបានចូលរួមលេងកីឡា ដើម្បីមានសុខភាពល្អ ហើយក៏មានឱកាសប្រកួតតំណាងជាតិក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាទៀតផង។

គួរដឹងថា ក្រោយបញ្ចប់យុទ្ធនាការនៅរាជធានីភ្នំពេញ ដែលបានរៀបចំនៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យ ព្រះស៊ីសុវត្ថិ និងវិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងនឹងបន្ដរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដល់សិស្សានុសិស្សតាមបណ្ដាខេត្តនានាជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខ៕