TSMC គ្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន AI Anthropic និង OpenAI
12-11-2026 09:59
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើពិភពលោកតាមការបញ្ជាទិញផលិត គឺ TSMC បានអនុម័តគម្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ចំនួនពីរ គឺ Anthropic និង OpenAI។ ក្នុងនោះ TSMC គ្រោងចំណាយរហូតដល់ ៥០០ លានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ Anthropic តាមតម្លៃពេលក្រុមហ៊ុននេះចូលផ្សារហ៊ុនជាលើកដំបូង (IPO) និង ៥០០ លានដុល្លារទៀត ដើម្បីទិញភាគហ៊ុនប្រភេទអាទិភាព (Preferred Stock) របស់ OpenAI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមហ៊ុន Anthropic ដែលជាអ្នកបង្កើត AI Claude បានកំណត់តម្លៃភាគហ៊ុនសម្រាប់ការបោះផ្សាយលក់ជាសាធារណៈនៅចន្លោះពី ៧០ ទៅ ៧៨ ដុល្លារក្នុងមួយហ៊ុន ដោយមានគោលដៅវាយតម្លៃក្រុមហ៊ុនរហូតដល់ ១,៤ ទ្រីលានដុល្លារ។ ប្រសិនបើសម្រេចបាន ការចូលផ្សារហ៊ុននេះអាចក្លាយជាការបោះផ្សាយលក់ភាគហ៊ុនលើកដំបូងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ Anthropic ក៏កំពុងស្វែងរកទុនចំនួន ២៦ ពាន់លានដុល្លារបន្ថែម តាមរយៈការលក់ភាគហ៊ុនជាលក្ខណៈឯកជន ដោយមានការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន Google, Nvidia, AMD និង Microsoft។
ការវិនិយោគនេះកើតឡើង ខណៈតម្រូវការបន្ទះឈីបសម្រាប់ប្រព័ន្ធ AI កំពុងកើនឡើងខ្លាំង។ TSMC ដែលជាអ្នកផ្គត់ផ្គង់បន្ទះឈីបសំខាន់ដល់ក្រុមហ៊ុន AI ដូចជា Nvidia បានរាយការណ៍ពីប្រាក់ចំណេញខ្ពស់បំផុតជាប់គ្នា ៦ត្រីមាស និងរំពឹងថាប្រាក់ចំណូលពេញមួយឆ្នាំ២០២៦ នឹងកើនឡើងប្រមាណ ៤៤%។ ទោះជាយ៉ាងណា តម្រូវការបន្ទះឈីបនៅតែខ្ពស់ជាងសមត្ថភាពផលិតរបស់ក្រុមហ៊ុន។
ដើម្បីឆ្លើយតបនឹងតម្រូវការនេះ TSMC កំពុងពង្រីកការវិនិយោគលើរោងចក្រផលិតបន្ទះឈីបនៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ដោយគ្រោងចំណាយទឹកប្រាក់សរុប ២៦៥ ពាន់លានដុល្លារ ព្រមទាំងកំពុងពិចារណាលើគម្រោងសាងសង់រោងចក្រនៅរដ្ឋតិចសាស់ផងដែរ។ ការវិនិយោគក្នុង Anthropic និង OpenAI នេះបង្ហាញពីការពង្រីកតួនាទីរបស់ TSMC ពីការផលិតបន្ទះឈីបសម្រាប់វិស័យ AI ទៅជាការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនដែលកំពុងអភិវឌ្ឍបច្ចេកវិទ្យា AI ផងដែរ៕










