Samsung គ្រោងវិនិយោគជិត ៣០ពាន់លានដុល្លារបន្ថែម លើរោងចក្របន្ទះឈីប HBM នៅកូរ៉េខាងត្បូង
12-11-2026 11:13
(បរទេស)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានថ្លែងថា ក្រុមហ៊ុន Samsung Electronics គ្រោងវិនិយោគទឹកប្រាក់បន្ថែមប្រមាណ ៤០ទ្រីលានវ៉ុន ឬជិត ៣០ពាន់លានដុល្លារ លើឧបករណ៍ផលិតកម្មទំនើបៗ បន្ទាប់ពីការវិនិយោគ ៦ទ្រីលានវ៉ុន ឬប្រមាណ ៤,៤៨ពាន់លានដុល្លារ លើរោងចក្រវេចខ្ចប់បន្ទះឈីបអង្គចងចាំល្បឿនលឿន (HBM) នៅទីក្រុងអាសាន ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមបទបង្ហាញរបស់ Samsung រោងចក្រថ្មីនេះគ្រោងនឹងចាប់ផ្តើមដំណើរការនៅខែមិថុនា ឆ្នាំ២០២៨ ដែលលឿនជាងផែនការដើមមួយឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទះឈីបអង្គចងចាំសម្រាប់ម៉ាស៊ីនមេដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងវិស័យ AI។ រោងចក្រនេះនឹងមានបន្ទប់ស្អាតសម្រាប់ផលិតបន្ទះឈីបចំនួន ៣ជាន់ ដែលមានផ្ទៃក្រឡាសរុបប្រមាណ ៣១,០០០ម៉ែត្រការ៉េ។ បន្ទប់ស្អាត គឺជាកន្លែងផលិតដែលគ្រប់គ្រងធូលី និងសារធាតុកខ្វក់យ៉ាងតឹងរ៉ឹង ដើម្បីធានាគុណភាពបន្ទះឈីប។
គួរជម្រាបថា គម្រោងនេះត្រូវបានប្រកាសក្នុងពិធីបើកការដ្ឋានសាងសង់ផ្នែកមួយនៃផែនការវិនិយោគរបស់ក្រុមហ៊ុន Samsung ដែលបានប្រកាសកាលពីខែកក្កដា។ ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានជ្រើសរើសក្រុមហ៊ុន Samsung, SK Hynix និងក្រុមហ៊ុនផ្សេងៗទៀត ឱ្យចូលរួមជំរុញគម្រោងខ្នាតធំលើវិស័យបន្ទះឈីប បច្ចេកវិទ្យា Physical AI និងមជ្ឈមណ្ឌលទិន្នន័យ AI ក្នុងគោលដៅពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់ប្រទេស៕











