* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
* បើលោក Jensen Huang ចាកចេញពី Nvidia តើអ្នកណានឹងឡើងកាន់តំណែងជាមេដឹកនាំក្រុមហ៊ុនបន្ទះឈីបយក្សនេះ?
* មន្រ្តីគណបក្សពលករអង់គ្លេស ស្នើកាត់បន្ថយការតែតបាល់ ដោយបារម្ភប៉ះពាល់ខួរក្បាល
* Elon Musk ប្រកាសត្រៀមខ្លួនជួល CEO លោក Jensen Huang ក្រោយ Nvidia ត្រៀមដកតំណែង
* TSMC គ្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន AI Anthropic និង OpenAI

ឧស្សាហកម្មភាពយន្តនៅកម្ពុជា មានសក្ដានុពលរួមចំណែកបង្កើនតម្លៃសេដ្ឋកិច្ច និងផ្សព្វផ្សាយវប្បធម៌លើឆាកអន្តរជាតិ

12-11-2026 11:30

(ភ្នំពេញ)៖ ការបោះជំហានចូលមកក្នុងវិស័យផលិតភាពយន្តរបស់ក្រុមហ៊ុន Moha Nokor Pictures ជាចលនាថ្មីមួយដែលអាចរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅកម្ពុជា ព្រមទាំងបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យច្នៃប្រឌិត និងជួយផ្សព្វផ្សាយសក្ដានុពលវប្បធម៌កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

Moha Nokor គឺជាផលិតកម្មភាពយន្តមួយ ដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងផលិតស្នាដៃភាពយន្ត ដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅ សហគមន៍ អត្តសញ្ញាណ និងមរតកវប្បធម៌របស់ប្រជាជនកម្ពុជា ដើម្បីនាំយករឿងរ៉ាវ និងតថភាពសង្គមខ្មែរ ទៅកាន់ទស្សនិកជននៅលើឆាកអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ លើកកម្ពស់កេរ្តិ៍ឈ្មោះជាតិ និងបង្ហាញពីសក្ដានុពលនៃឧស្សាហកម្មភាពយន្តកម្ពុជាទៅកាន់ពិភពលោក។

លោក THACH HENRY SAMBATH ផលិតករ និងអ្នកដឹកនាំរឿង (Producer & Director) បានថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការផលិតកម្ម Moha Nokor Pictures និងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា កម្ពុជាមានទស្សនិកជន និងទីផ្សារភាពយន្តក្នុងស្រុកផ្ទាល់ខ្លួន ដូច្នេះផលិតកម្មក៏ត្រូវផ្ដោតលើការផលិតខ្សែភាពយន្ត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកផងដែរ។ ជាក់ស្ដែងភាពយន្តខ្មោចមួយចំនួនបានទទួលជោគជ័យផ្នែកចំណូលពីការចាក់បញ្ចាំង ទោះបីជាផ្ដោតសំខាន់លើទីផ្សារកម្ពុជាក៏ដោយ។

លោកបានបន្តថា ក្រៅពីទីផ្សារក្នុងស្រុក ភាពយន្តកម្ពុជាក៏មានសក្ដានុពលក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេសប្រទេសដូចជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ព្រមទាំងអាចផ្សព្វផ្សាយតាមរយៈវេទិកាផ្សាយភាពយន្តអនឡាញល្បីៗ ដូចជា Netflix និង Amazon ជាដើម។

ការដែលភាពយន្តកម្ពុជាអាចពង្រីកវិសាលភាពទៅដល់ទស្សនិកជនអន្តរជាតិកាន់តែច្រើន នឹងក្លាយជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍ និងភាពរីកចម្រើននៃវិស័យភាពយន្តជាតិ។

លោក THACH HENRY SAMBATH បានបង្ហាញក្ដីរំពឹងថា ក្នុងរយៈពេល២ឆ្នាំខាងមុខ ភាពយន្តកម្ពុជានឹងមានឱកាសកាន់តែច្រើនក្នុងការចូលទៅកាន់វេទិកាផ្សាយភាពយន្តអន្តរជាតិ។ លោកបានបន្ថែមថា ការឈានចូលទៅកាន់ទីផ្សារអន្តរជាតិនេះ មិនមែនជាឱកាសសម្រាប់តែផលិតកម្ម Moha Nokor Pictures ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ផលិតកម្មភាពយន្តផ្សេងៗទៀតនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះលោកបានបញ្ជាក់ថា តាមរយៈស្នាដៃភាពយន្តដំបូងទាំងពីររឿង ផលិតកម្ម Moha Nokor Pictures មានគោលបំណងបង្ហាញជូនទស្សនិកជននូវអត្តសញ្ញាណ និងរចនាបថនៃការផលិតភាពយន្តដែលមានលក្ខណៈពិសេស និងខុសប្លែកពីស្នាដៃដទៃ។

ការចូលរួមក្នុងវិស័យផលិតកម្មភាពយន្ត Moha Nokor Pictures ជាការបន្ថែមកម្លាំងថ្មីដល់វិស័យភាពយន្តកម្ពុជា ដែលកំពុងមានឱកាសអភិវឌ្ឍសមត្ថភាពផលិត ការបង្កើតស្នាដៃថ្មីៗ និងការពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងក្នុងស្រុក និងអន្តរជាតិ។

កញ្ញា នៅ ម៉ារីសា ផលិតករប្រតិបត្តិ (Executive Producer) បានថ្លែងឱ្យដឹងថា សម្រាប់ការបោះជំហានចូលក្នុងវិស័យភាពយន្តរបស់ផលិតកម្ម Moha Nokor គឺនឹងផ្ដោតលើការផលិតខ្សែភាពយន្ត ដើម្បីនាំយកទៅចាក់បញ្ចាំងនៅលើទីផ្សារអន្តរជាតិ។ ជាក់ស្ដែងផលិតកម្មនេះ មានគម្រោងនាំយកស្នាដៃភាពយន្តទៅចាក់បញ្ចាំង តាមបណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ី និងអឺរ៉ុប ព្រមទាំងផ្សព្វផ្សាយតាមរយៈវេទិកាអនឡាញផ្សេងៗផងដែរ។

កញ្ញាបានបន្តថា «ចក្ខុវិស័យរបស់យើងក៏ដូចជាផលិតកម្ម Moha Nokor ទាំងមូល គឺការនាំយកភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ ដោយឡែកអ្នកដែលចូលរួមក្នុងការផលិតខ្សែភាពយន្តទាំងនេះ សុទ្ធសឹងតែជាកូនខ្មែរ ដែលបាននាំមកនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីរួមចំណែកជំរុញ និងលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើន»។

កញ្ញា នៅ ម៉ារីសា បានបញ្ជាក់បន្ថែមថា ផលិតកម្មរំពឹងថា ខ្សែភាពយន្តទាំងពីរខាងលើ នឹងនាំមកនូវបទពិសោធន៍ និងរសជាតិថ្មីប្លែកសម្រាប់ទស្សនិកជន តាមរយៈការផលិតភាពយន្តបែបសកម្មភាព (Action Movie) ក្នុងស្រុក ដែលផ្ដោតលើការថតឈុតឆាកជាក់ស្ដែងនៅទីតាំងពិតៗ ជាពិសេសនៅកណ្ដាលរាជធានីភ្នំពេញ។ ស្នាដៃទាំងនេះត្រូវបានរំពឹងថា នឹងផ្ដល់នូវទស្សនីយភាពប្លែកថ្មី ទាក់ទាញ និងជក់ចិត្តដល់អ្នកទស្សនា ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុក។

លោក Maurice Chan ផលិតករ និងអ្នកដឹកនាំរឿងបានថ្លែងឱ្យដឹងថា ចំពោះការបើកសម្ពោធជាផ្លូវការនៃក្រុមហ៊ុន Moha Nokor យើងក៏រំពឹងថា នឹងទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន ពិសេសគឺទស្សនិកជននៅកម្ពុជា ក្នុងការទស្សនាភាពយន្តថ្មីប្លែក ជាប្រភេទភាពយន្តបែបសកម្មភាព (Action Movie)។

លោកបានបន្តថា «ខ្ញុំពិតជាសប្បាយរីករាយមែនទែន ដែលបានផលិតខ្សែភាពយន្តនេះឡើង តាមរយៈភាពយន្តទាំងពីរនេះ នឹងបង្ហាញថា កូនខ្មែរនឹងមានលទ្ធភាពផលិតនូវភាពយន្ត Action Movie ហើយខ្ញុំក៏សប្បាយរីករាយមែនទែនដែលបានផលិតនូវខ្សែភាពយន្តនេះ នៅក្នុងទឹកដីកំណើតរបស់ខ្លួនឯង»។

លោក Maurice Chan បានបន្ថែមថា សម្រាប់ថវិកានៃការផលិតភាពយន្តនេះ គឺមានកម្រិតនៅឡើយ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី តាមរយៈបទពិសោធន៍ ចំណេះ ជំនាញ និងភាពប៉ិនប្រសប់នៃក្រុមការងារ យើងនឹងធ្វើឱ្យភាពយន្តទាំងពីរនេះ ក្លាយជាភាពយន្តខ្នាតធំ ក្លាយជាភាពយន្តដ៏មហាសាល ដែលអាចចាក់បញ្ចាំងក្នុងស្រុក និងនាំចេញក្រៅស្រុកផងដែរ។

សូមជម្រាបថា ការបោះជំហានរបស់ Moha Nokor Pictures មិនត្រឹមតែជាការចាប់ផ្ដើមអាជីវកម្មក្នុងវិស័យភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មច្នៃប្រឌិត បង្កើនឱកាសសេដ្ឋកិច្ច និងជំរុញឱ្យស្នាដៃភាពយន្តកម្ពុជា មានវត្តមានកាន់តែទូលំទូលាយនៅលើទីផ្សារពិភពលោក៕