មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ពង្រីកអគារព្យាបាល និងសេវាកម្មបន្ថែមតាមស្តង់ដាអន្តរជាតិ ស្របជាមួយគោលដៅទាក់ទាញទេសចរវេជ្ជសាស្ត្រ (Video inside)
12-11-2026 12:06
(ភ្នំពេញ)៖ មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ (Singmed International) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានសម្ពោធជាផ្លូវការនូវអគារព្យាបាលថ្មី ព្រមជាមួយនឹងការពង្រីកសេវាកម្មព្យាបាលបន្ថែម ឆ្ពោះទៅចក្ខុវិស័យក្នុងការក្លាយជាមន្ទីរពេទ្យស្តង់ដាអន្តរជាតិ និងទាក់ទាញទេសចរវេជ្ជសាស្ត្រមកកាន់ប្រទេសកម្ពុជា។
ពិធីសម្ពោធអគារព្យាបាលថ្មី នៃមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពិធីកាន់តែមានភាពអធិកអធម។
ថ្លែងនាឱកាសនេះ ឧកញ៉ា ពិន នេត្រា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ បានគូសបញ្ជាក់ថា ការពង្រីកការវិនិយោគបន្ថែម លើវិស័យវេជ្ជសាស្រ្ត បន្ទាប់ពីទទួលបានការគាំទ្រ និងទទួលបានបទពិសោធន៍ជោគជ័យក្នុងការជួយសង្គ្រោះអ្នកជំងឺជាច្រើនករណី។ ការពង្រីកអគារព្យាបាល និងសេវាកម្មបន្ថែមតាមស្តង់ដាអន្តរជាតិនេះ គោលដៅសំខាន់គឺកាត់បន្ថយលំហូរអ្នកជំងឺកម្ពុជា ដែលត្រូវចំណាយខ្ពស់ក្នុងការស្វែងរកសេវាព្យាបាលនៅបរទេស ព្រមទាំងចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល និងសេដ្ឋកិច្ចជាតិ។ ព្រមជាមួយគ្នានេះ ស៊ីងមេដ ក៏មានគោលដៅក្នុងទាក់ការទាក់ទាញភ្ញៀវទេសចរវេជ្ជសាស្ត្រ និងអ្នកជំងឺពីបណ្តាប្រទេសជិតខាងមកទទួលការព្យាបាលនៅកម្ពុជាផងដែរ។
បើតាមឧកញ៉ា ពិន នេត្រាការពង្រីកអគារព្យាបាលនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០២៥ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការសុខាភិបាលរបស់ប្រជាជនកម្ពុជា និងពង្រីកសេវាកម្មឲ្យកាន់តែទូលំទូលាយ។ ក្រៅពីការពង្រីកអគារបន្ថែមនេះ មន្ទីរសម្រាកព្យាបាល ស៊ីងមេដ ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រូពេទ្យជំនាញទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរចំណេះដឹង និងនាំយកបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗមកព្យាបាលអ្នកជំងឺក្នុងស្រុក។
តាមរយៈការវិនិយោគលើឧបករណ៍ទំនើបៗ ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ និងក្រុមវេជ្ជបណ្ឌិតឯកទេស ស៊ីងមេដ រំពឹងថានឹងអាចទាក់ទាញអ្នកជំងឺពីបណ្តាប្រទេសជិតខាងឲ្យមកទទួលការព្យាបាលនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកស្រី ចម និម្មល បានសម្តែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ដែលបានអភិវឌ្ឍពីគ្លីនិកពិគ្រោះ និងព្យាបាលជំងឺចាប់តាំងពីឆ្នាំ២០១៩ មកជាមន្ទីរពហុព្យាបាល ដោយផ្សារភ្ជាប់ជំនាញវេជ្ជសាស្ត្ររបស់សិង្ហបុរីជាមួយធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជា។ ការសម្ពោធអគារថ្មីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។
លោកស្រីបានបន្តថា ការពង្រីកសេវារបស់មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ រួមមានការធ្វើរោគវិនិច្ឆ័យ ការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ការសម្រាកព្យាបាល និងការសង្គ្រោះបន្ទាន់ នឹងរួមចំណែកឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ការវិនិយោគនេះក៏អាចជួយបង្កើនទំនុកចិត្តលើសេវាព្យាបាលនៅក្នុងប្រទេស និងកាត់បន្ថយតម្រូវការធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ដែលតែងភ្ជាប់ជាមួយការចំណាយខ្ពស់ និងការលំបាកនានា។
ជាមួយគ្នានេះ លោកស្រី បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ចំពោះការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្ទេរចំណេះដឹង និងកិច្ចសហការរវាងគ្រូពេទ្យកម្ពុជា និងអ្នកឯកទេសអន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដើម្បីពង្រឹងជំនាញ និងសមត្ថភាពក្នុងវិស័យនេះឱ្យកាន់តែប្រសើរឡើង៕

















