ធនាគារជាតិកាណាដា និងធនាគារ ABA ឧបត្ថម្ភអាហារូបករណ៍ ៥០មុឺនដុល្លារកាណាដា សម្រាប់និស្សិតកម្ពុជា ៤០រូប ទៅសិក្សាស្រាវជ្រាវនៅកាណាដា
12-11-2026 13:52
(ភ្នំពេញ)៖ ធនាគារជាតិកាណាដា (National Bank of Canada - BNC) តាមរយៈធនាគារ ABA បានប្រកាសពីកម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរស្រាវជ្រាវ កាណាដា-កម្ពុជា ដ៏សំខាន់មួយ ដោយផ្តល់ថវិកាចំនួន ៥០០,០០០ ដុល្លារកាណាដា សម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) របស់កម្ពុជា ចំនួន ៤០រូប ឲ្យទៅបន្តការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យក្នុងប្រទេសកាណាដា។ កម្មវិធីនេះនឹងអនុវត្តដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។
កម្មវិធីអាហារូបករណ៍នេះ មានគោលបំណងពង្រឹងទំនាក់ទំនងរវាងការសិក្សាស្រាវជ្រាវ ពាណិជ្ជកម្ម នវានុវត្តន៍ និងភាសាបារាំង រវាងប្រទេសទាំងពីរ។ និស្សិតដែលទទួលបានអាហារូបករណ៍ នឹងមានឱកាសស្នាក់នៅស្រាវជ្រាវរយៈពេលពី ៣ ទៅ ៦ ខែ នៅគ្រឹះស្ថានឧត្តមសិក្សាជាសមាជិក AUF ចំនួន ៣៧ ក្នុងប្រទេសកាណាដា។ វិស័យស្រាវជ្រាវអាទិភាពរួមមាន ការគ្រប់គ្រងពាណិជ្ជកម្ម សន្តិសុខបច្ចេកវិទ្យា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ការគ្រប់គ្រង និងបញ្ញាសិប្បនិម្មិត។
លោក Igor Zimarev អគ្គនាយករងប្រតិបត្តិ និងជានាយកទីផ្សារ កិច្ចការទទួលខុសត្រូវសង្គមរបស់ធនាគារ ABA បានមានប្រសាសន៍ថា “ការអប់រំគឺជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុតមួយ សម្រាប់ការអភិវឌ្ឍ និងភាពរីកចម្រើននៃសេដ្ឋកិច្ច។ យើងសង្ឃឹមយ៉ាងមុតមាំថា និស្សិតដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ នឹងនាំយកត្រឡប់មកវិញនូវចំណេះដឹងដ៏មានតម្លៃ បទពិសោធអន្តរជាតិ និងគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច វិស័យអាជីវកម្ម និងសង្គមជាតិកម្ពុជា។”
លោក Igor បានបន្ថែមថា “យើងនឹងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ប្រសិនបើអ្នកជំនាញវ័យក្មេងប្រកបដោយសមត្ថភាព និងទេពកោសល្យទាំងនេះមួយចំនួន សម្រេចចិត្តជ្រើសរើសធនាគារ ABA ជាកន្លែងកសាងអាជីពរបស់ពួកគេ និងយកចំណេះដឹងពីការសិក្សាកម្រិតអន្តរជាតិនេះមកអនុវត្តផ្ទាល់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យធនាគារនៅកម្ពុជា”។
ការផ្តួចផ្តើមនេះកើតឡើងស្របពេលដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល Francophonie ក្នុងឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងពហុភាគី និងឥទ្ធិពលវប្បធម៌ វិទ្យាសាស្ត្រ ក្នុងសហគមន៍និយាយភាសាបារាំង។ ធនាគារជាតិកាណាដា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួនគឺធនាគារ ABA បានរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ កម្មវិធីនេះនឹងជួយពង្រឹងជំនាញដល់អ្នកជំនាញជំនាន់ក្រោយរបស់កម្ពុជា ក្នុងវិស័យវិទ្យាសាស្ត្រ និងពាណិជ្ជកម្ម ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងផងដែរ។ ក្រោយពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានវិញ្ញាបនបត្រ និងឱកាសផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវរបស់ពួកគេនៅកម្ពុជា៕








