* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
* បើលោក Jensen Huang ចាកចេញពី Nvidia តើអ្នកណានឹងឡើងកាន់តំណែងជាមេដឹកនាំក្រុមហ៊ុនបន្ទះឈីបយក្សនេះ?
* មន្រ្តីគណបក្សពលករអង់គ្លេស ស្នើកាត់បន្ថយការតែតបាល់ ដោយបារម្ភប៉ះពាល់ខួរក្បាល
* Elon Musk ប្រកាសត្រៀមខ្លួនជួល CEO លោក Jensen Huang ក្រោយ Nvidia ត្រៀមដកតំណែង
* TSMC គ្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន AI Anthropic និង OpenAI

លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

12-11-2026 16:45

(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជំរុញថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីគ្រប់កម្រិតអាយុ ដើម្បីបង្កើននូវសមិទ្ធផលថ្មីៗពីការប្រកួតអន្ដរជាតិនានា ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកានេះ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៩-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្នុងនោះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើនផងដែរ។

លោកទេសរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ មន្ដ្រីបច្ចេកទេស និងភាគីពាក់ព័ន្ធ ដែលបានរៀបចំការប្រកួតដោរលូន ពិសេសការចូលរួមរបស់ប្រតិភូកីឡាមកពីក្រសួង និងរាជធានី-ខេត្ត។ នេះគឺជាឱកាសវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ របស់កីឡាករ-កីឡាការិនីគ្រប់រូប ទាំងកម្រិតយុវជន និងថ្នាល ដែលបានខិតខំហ្វឹកហាត់កន្លងមក ដោយអនុវត្តតាមបទបញ្ជាបច្ចេកទេស ក្រមសីលធម៌កីឡា ស្មារតីទទួលខុសត្រូវខ្ពស់ ដែលជំរុញឲ្យការប្រកួតនេះបានប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមបុព្វបទ “កីឡាដើម្បីឯកភាពជាតិ”។

ឆ្លៀតឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន ក៏គូសរំឮកអំពីសមិទ្ធផលជាប្រវត្តិសាស្ដ្រ ដែលកីឡាកាយសម្ព័ន្ធកម្ពុជា បានខិតខំរហូតដណ្ដើមបានមេដាយជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានប្រមាណ ៥ឆ្នាំចុងក្រោយ ទាំងកីឡាស៊ីហ្គេម និងជើងឯកអាស៊ី ហើយលោកបានជំរុញឲ្យសហព័ន្ធបន្ដខិតខំដកស្រង់បទពិសោធន៍បច្ចេកទេសពីការប្រកួតអន្ដរជាតិ និងបង្កើនសមត្ថភាពដល់មន្ដ្រីបច្ចេកទេស គ្រូបង្វឹកឲ្យបានកាន់តែច្រើន ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនោះមកបង្ហាត់ដល់កីឡាករ-កីឡាការិនីឲ្យមានគុណផលកម្រិតខ្ពស់ ឆ្ពោះទៅដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធជូនជាតិមាតុភូមិ ដូចជាកីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅម៉ាឡេស៊ី និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗទៀត។

លោកទេសរដ្ឋមន្ដ្រីបន្ថែមទៀតថា បើគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣១ នៅមានរយៈពេល ៥ឆ្នាំទៀតប៉ុណ្ណោះ ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥។ ដើម្បីឲ្យវិស័យកីឡានៅកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណជាមួយគុណភាព និងទទួលបានលទ្ធផលល្អ ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសការត្រៀមលក្ខណៈឲ្យបានពេញលេញធ្វើជាម្ចាស់ផ្ទះកីឡាយុវជនប្រចាំទ្វីបនេះ លោកបានផ្តល់អនុសាសន៍មួយចំនួនដល់សហព័ន្ធ និងក្លិប រួមមាន៖

១. បណ្តុះបណ្តាលថ្នាក់ថ្នាលតាមកំរិតអាយុ បង្កើនបរិមាណ និងគុណភាពកីឡាករ កីឡាការិនី តាមក្លិបសមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ និងជ្រើសរើសកីឡាករ កីឡាការិនីមានទេពកោសល្យវ័យក្មេង។
២. ពង្រឹងសមត្ថភាពចៅក្រម មន្រ្តីបច្ចេកទេស គ្រូបង្វឹកឱ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាព។
៣. ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប និងសមាគម។
៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លឹប សមាគមទូទាំងប្រទេសឱ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍ និងការឧបត្ថម្ភគាំទ្របន្ថែមទៀត
៥. ជម្រុញឱ្យមានការចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើនមុនពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី។
៦. សហព័ន្ធត្រូវតែពន្យល់ និងបញ្ជ្រាបផ្នែកផ្លូវច្បាប់អន្តរជាតិក្នុងវិស័យកីឡាមួយនេះ ដើម្បីឱ្យសមាគម និងក្លិបបានយល់ច្បាស់អំពីអភិបាលកិច្ចល្អការគ្រប់គ្រង ភារកិច្ច តួនាទី កាតព្វកិច្ចរបស់ខ្លួន ចៀសវាងមានកំហុសលើការងាររដ្ឋបាលកីឡា និងការងារបច្ចេកទេស។

យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតកីឡាជាតិ សម្រាប់កីឡាកាយសម្ព័ន្ធឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១១០៦នាក់ មកពី ៥ក្រសួង និងរាខេត្តចូលរួម។ ជាលទ្ធផលបច្ចេកទេស ក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេសរុប ១០គ្រឿង (មាស៥ ប្រាក់៤ និងសំរឹទ្ធ១), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១០គ្រឿង (មាស៤ ប្រាក់៣ និងសំរឹទ្ធ៣), ខេត្តក្រចេះ ឈរលេខ៣ ឈ្នះមេដាយសរុប ៧គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធ៤), ខេត្តកំពង់ឆ្នាំង ឈរលេខ៤ ឈ្នះមេដាយសរុប ៤គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ២) និងខេត្តស្ទឹងត្រែង ឈរលេខ៥ ឈ្នះមេដាយសរុប ២គ្រឿង (ប្រាក់១ និងសំរឹទ្ធ១)៕