* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia

លោក Sage គឺជាគ្រូបង្វឹកទី២ នៅ Premier League ដែលបានបាត់បង់ការងារ បន្ទាប់ពីលោក Carrick

13-11-2026 10:46

(បរទេស)៖ លោក Pierre Sage បានដើរតាមគន្លងរបស់ Michael Carrick ដែលបានបាត់បង់តួនាទី ក្នុងនាមគ្រូបង្វឹកនៅក្របខណ្ឌ Premier League រដូវកាល ២០២៦-២៧ ដែលទើបដឹកនាំក្លិប Crystal Palace បាន ១៦ប្រកួតកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្លិបរហស្សនាម «ឥន្រ្ទីត្រដាងស្លាប» មួយនេះ បានសម្រេចដកអ្នកចាត់ការទូទៅសញ្ជាតិបារាំង វ័យ ៤៧ឆ្នាំ Sage ចេញពីតំណែង បន្ទាប់ពីត្រូវបានតែងតាំងកាលពីខែមិថុនាក្នុងឆ្នាំនេះ ជំនួសកៅអីលោក Oliver Glasner ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ។

ទោះជាយ៉ាងណាក្នុងរយៈពេល ៥ខែមកនេះ ដែលស្មើនឹង ១៦ប្រកួត លោក Sage បានដឹកនាំ Crystal រកបានជ័យជម្នះតែ ២លើកគត់ ក្នុងចំណោម ១០ប្រកួតដំបូងរបស់ពួកគេ ដោយបានចាញ់ ៤ប្រកួតជាប់ៗគ្នាតែម្តងនៅលីគអង់គ្លេស ដោយចាញ់ ៣-១ ក្រោមថ្វីជើងរបស់ Liverpool កាលពីថ្ងៃអាទិត្យទៀតផង។

Crystal ក៏បានស្ថិតនៅលេខរៀងទី២១ ក្នុងចំណោម ៣៦ក្រុមនៅពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលនេះ ដោយទើបឈ្នះបាន ១លើកគត់ ពីការលេង ៤លើករួចមក។

វាមានរយៈពេលមិនដល់ ២៤ម៉ោងផង បើធៀបនឹងការបាត់បង់តំណែងរបស់គ្រូបង្វឹក Michael Carrick ពីក្លិបបិសាចក្រហម Manchester United កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលទើបដឹកនាំបាន ១៥ប្រកួតប្រហាក់ប្រហែលគ្នា។ Man Utd ឈរនៅលេខ១៨ គ្រាដែល Crystal ស្ថិតនៅបាតតារាង នៃតារាងពិន្ទុ Premier League៕